អន្តរជាតិ
ហុងគ្រី ទំនងផ្ដល់សច្ចាប័នឱ្យហ្វាំងឡង់និងស៊ុយអែតចូលណាតូក្នុងខែមីនា
23, Feb 2023 , 8:59 am        
រូបភាព
នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ។ រូបថត AFP
នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ។ រូបថត AFP
សភាហុងគ្រីទំនងផ្តល់សច្ចាប័នលើសមាជិកភាពណាតូសម្រាប់ហ្វាំងឡង់ និងស៊ុយអែតនៅដើមខែក្រោយ។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ហុងគ្រីនៅថ្ងៃទី២១ ខែកុម្ភៈ ដោយផ្អែកលើរបៀបវារៈបឋមនៃកិច្ចប្រជុំសភាដែលត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ។



ហ្វាំងឡង់ និងស៊ុយអែតបានខិតខំស្វែងរកសមាជិកភាពបក្សសម្ពន្ធណាតូបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន។ យ៉ាងណាមិញ បំណងមិនទាន់បានសម្រេចដោយសារហុងគ្រី និងតួកគីមិនទាន់ផ្ដល់សច្ចាប័ន។ 
 
យ៉ាងណាមិញ ហ្វាំងឡង់ និងស៊ុយអែតទំនងជានឹងទទួលបានសច្ចាប័នចូលជាសមាជិកណាតូពីហុងគ្រីនាខែមិនានេះ ក្រោយកិច្ចប្រជុំសភាហុងគ្រី ដែលនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។ សភាហុងគ្រីអាចចាប់ផ្តើមពិភាក្សាអំពីច្បាប់នេះនៅថ្ងៃទី១ ខែមីនា ហើយការបោះឆ្នោតលើការផ្តល់សច្ចាប័នក្នុងសភានឹងធ្វើឡើងនៅសប្តាហ៍បន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហុងគ្រី HVG.hu រាយការណ៍បែបនេះ។
 
កាលពីខែវិច្ឆិកា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា រដ្ឋាភិបាលរបស់លោកបានសម្រេចចិត្តគាំទ្រហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិកណាតូ។
តាមពិត ហុងគ្រីធ្លាប់បានស្នើសេចក្ដីព្រាងច្បាប់ដែលពាក់ព័ន្ធនឹងការផ្ដល់សច្ចាប័នចូលណាតូរបស់ប្រទេស២នោះ កាលពីខែកក្កដា ប៉ុន្តែសភាដែលមានសមាជិកជាង២ភាគ៣ មកពីគណបក្សកាន់អំណាចរបស់ លោក Orban មិនទាន់ពិភាក្សា និងអនុម័តនៅឡើយ។
 
កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានអំពាវនាវឱ្យហុងគ្រី និងតួកគី ត្រួសត្រាយផ្លូវសម្រាប់ហ្វាំងឡង់ និងស៊ុយអែតដើម្បីបានចូលរួមជាមួយអង្គការណាតូ។ លោកស្រីរំពឹងថាសមាជិកណាតូទាំងអស់នឹងផ្តល់សច្ចាប័នលើសមាជិកភាពសម្រាប់ហ្វាំងឡង់ និងស៊ុយអែត ដោយគ្មានការពន្យារពេលបន្ថែមទៀត។ 
 
គួរបញ្ជាក់ថា លោក Orban ដែលបានជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០២២ សម្រាប់ទី៤អាណត្តិជាប់ៗគ្នាបានរំលឹកឡើងវិញនាសប្ដាហ៍មុនថាការសម្រេចលើសមាជិកភាពថ្មីរបស់ហ្វាំងឡង់ និងស៊ុយអែតមានភាពសំខាន់សម្រាប់ហុងគ្រី ប៉ុន្តែរដ្ឋាភិបាលរបស់លោកនឹងមិនបញ្ជូនអាវុធទៅអ៊ុយក្រែន ឬផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយទីក្រុងមូស្គូនោះទេ៕
 
 

Tag:
 ហុងគ្រី
  ហ្វាំងឡង់
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com