កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Lukaku ជួយ Inter យកឈ្នះ Porto យ៉ាងលំបាក ចំណែក Man City ខកចិត្តស្មើម្ចាស់ផ្ទះ Leipzig
23, Feb 2023 , 10:59 am        
រូបភាព
Romelu Lukaku កីឡាករនាំសំណាងស៊ុតគ្រាប់បាល់ ១គ្រាប់ចុងម៉ោងជួយឱ្យ Inter Milan យកឈ្នះ FC ​Porto យ៉ាងលំបាកនៃជំនួបពានរង្វាន់ UEFA Champions League វគ្គ ១៦ក្រុមជើងទីមួយ ថ្ងៃទី២៣ ខែកុម្ភៈ។ ចំណែក Manchester City បានត្រឹមខកចិត្តត្រូវក្រុមម្ចាស់ផ្ទះ RB Leipzig តាមស្មើលទ្ធផល ១-១។



Inter Milan រកបានឱកាសវាយសម្រុកលើក្រុមភ្ញៀវ​ Porto ក្រោយកីឡាករខ្សែបម្រើ Otavio ត្រូវបានបណ្តេញចេញពីប្រកួត ដោយសារទទួលបានកាតលឿងពីរលើក ។ ប៉ុន្មាននាទីក្រោយ ពេលគូប្រកួតនៅសល់ត្រឹមកីឡាករ ១០នាក់ លើទីលាននោះ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Lukaku បានឆ្មក់ឱកាស​ស៊ុតបាន ១គ្រាប់នាទី៨៦ ជួយឱ្យក្រុមរបស់គេយកឈ្នះក្រុមជើងខ្លាំងមកពីព័រទុយហ្កាល់។ Porto ស្គាល់បរាជ័យលើកដំបូង ក្រោយឆ្លងកាត់ការប្រកួត ២២លើក មិនដែលចាញ់នារយៈពេលចុងក្រោយនេះ។



នាការប្រកួតនោះទៀតសោត Inter Milan រកបានឱកាសល្អៗជាច្រើនលើក ដោយការតែតពីសំណាក់ប្រធានក្រុម Lautaro Martinez តាំងពីនាទីដើមវគ្គទីមួយមកម្ល៉េះ​ និងឱកាសស៊ុតបាល់សំដៅសំណាញ់ទីជាច្រើនលើកទៀត ប៉ុន្តែនៅតែមិនអាចសម្រេចសំណាញ់ទីក្រុម Porto បាន។
 
ទោះជាយ៉ាងណា​ Porto ជាក្រុមភ្ញៀវក៏មិនបណ្តោយឱ្យក្រុមម្ចាស់ផ្ទះគ្របដណ្តប់ទាំងស្រុងដែរ ពួកគេក៏រកបានឱកាសល្អៗជាច្រើនលើក នៅក្នុងប្រអប់ទី ​Inter Milan តែក៏សុទ្ធសឹងតែគ្មានឱកាសបំប៉ោងសំណាញ់ទីដូចគ្នា។
 
ជ័យជម្នះនេះបានជួយឱ្យ Inter Milan មានភាគរយខ្ពស់ជាង Porto សម្រាប់ការប្រជែងនៅជើងទីពីរបន្ទាប់ទៀត សម្រាប់ដណ្តើមកៅអីឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី១៤ មីនា នៅទឹកដីព័រទុយហ្កាល់វិញម្តង។
 
Lukaku ក្លាយជាវីរបុរសសម្រាប់ Inter បើទោះបីជាផ្លាស់ចូលត្រឹមវគ្គទីពីរក្តី ហើយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ បានស្រែកអបអរជ័យជម្នះដោយបានពោលឈ្មោះរបស់ Lukaku។ ជ័យជម្នះបានជួយឱ្យ Inter បន្ថែមកំណត់ត្រាខ្លួននៃការប្រកួតដោយឈ្នះ ៤លើកនៃជើងទីមួយវគ្គជម្រុះ ១៦ក្រុម Champions League។
  


ចំណែកនៅទឹកដីប្រទេសអាល្លឺម៉ង់វិញ ម្ចាស់ផ្ទះ RB Leipzig ធ្វើឱ្យក្រុមភ្ញៀវ Manchester City ខកចិត្ត ក្រោយបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ១-១ ក្នុងកីឡដ្ឋាន Red Bull Arena Leipzig។
 
នាការប្រកួតនេះ ក្រុមមេឃខៀវ មកពីអង់គ្លេស Man City ហាក់បង្ហាញទម្រង់លេងបានយ៉ាងល្អ ក្នុងការសម្រុកលើក្រុមម្ចាស់ផ្ទះ រហូតនៅត្រឹមនាទី២៧ ខ្សែប្រយុទ្ធស្លាបស្តាំ Riyad Mahrez រកឃើញចន្លោះពីការបង្កកំហុសរបស់កីឡាករ Leipzig ហើយបានស៊ុតបញ្ចូលទីបើកការនាំមុខ ១គ្រាប់មុនត្រឹមនាទី២៧។ លទ្ធផលនាំមុខ ១-០ បានបន្តអូសបន្លាយដល់ចប់ការប្រកួត បើទោះបីជា Man City ព្យាយាមក្នុងការស្វែងរកគ្រាប់បាល់បន្ថែមទៀតក្តី។ 
 
ក្រោយត្រូវបានក្រុមភ្ញៀវនាំមុខ RB Leipzig ក៏បានកែប្រែកំហុសរបស់ខ្លួន ហើយបានសិក្សាកំហុសនោះ ក្នុងការគ្រប់គ្រងស្ថានការណ៍ឱ្យល្អឡើងវិញ។ លទ្ធផល ១-០ មិនមែនជាអ្វីដែលក្រុមដឹកនាំដោយលោក Pep Guardiola ចង់បានទេ ប៉ុន្តែ​ពួកគេបែរជាត្រូវបានខនខានការនាំមុខ ដោយត្រូវបានកីឡាករខ្សែការពារវ័យ ២១ឆ្នាំ Josko Gvardiol តែតបាល់តាមស្មើ ១គ្រាប់មកវិញនៅត្រឹមនាទី៧០។ 
 
ក្រុម Man City កំពុងសម្លឹងរកមើលការឈានជើងឡើងដល់វគ្គ ៨ក្រុមចុងក្រោយលើកទី៦ ជាប់គ្នារបស់ពួកគេ អំឡុងការគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុងក្នុងវគ្គទីមួយ។ ក្រុម Man City នាការប្រកួតនេះ មានស្ថិតិគ្រប់គ្រងបាល់ដល់ទៅជាង ៧៤ភាគរយលើគូប្រកួត ប៉ុន្តែពួកគេបានត្រឹមតែស្មើ ១-១ តែប៉ុណ្ណោះ។ កាលពីសប្តាហ៍មុនស្មើ Nottingham Forest ១-១ ហើយពេលនេះបន្តស្មើ Leipzig ១-១។ 
 
សម្រាប់ជំនួបជើងទីពីរ Man City នឹងត្រូវបើកទ្វារផ្ទះកីឡដ្ឋាន Etihad ទទួលស្វាគមន៍ក្រុមភ្ញៀវ RB Leipzig នាថ្ងៃទី១៥ ខែមីនា ក្នុងការស្វែករកកៅអីឆ្លងទៅកាន់វគ្គជម្រុះ ៨ក្រុមចុងក្រោយ៕
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com