អន្តរជាតិ
មេទ័ពអាល្លឺម៉ង់៖ ទាហានបរទេសរាប់រយនាក់ នឹងជួយហ្វឹកហាត់កងទ័ពអ៊ុយក្រែន
23, Feb 2023 , 12:09 pm        
រូបភាព
ឧត្តមសេនីយ៍ឯក Andreas Marlow មេបញ្ជាការហ្វឹកហ្វឺនពិសេស។ រូបថត AFP
ឧត្តមសេនីយ៍ឯក Andreas Marlow មេបញ្ជាការហ្វឹកហ្វឺនពិសេស។ រូបថត AFP
មេបញ្ជាការហ្វឹកហ្វឺនពិសេសរបស់យោធាអាល្លឺម៉ង់ លើកឡើងថា យោធាអាល្លឺម៉ង់ជាច្រើននាក់កំពុងជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនប្រហែល១ពាន់នាក់អំពីរបៀបប្រើប្រាស់រថក្រោះផលិតដោយលោកខាងលិច។ បន្ថែមពីលើយោធាអាល្លឺម៉ង់ ទាហានអ៊ុយក្រែននឹងទទួលបានការបណ្ដុះបណ្ដាលដោយអ្នកឯកទេសរាប់រយនាក់មកពីប្រទេសផ្សេងៗទៀត។ 



តាំងពីសង្គ្រាមអ៊ុយក្រែន បណ្ដាប្រទេសលោកខាងលិចមិនត្រឹមផ្ដល់ជំនួយមនុស្សធម៌ និងសព្វាវុធទប់ទល់នឹងរុស្ស៊ីប៉ុណ្ណោះទេ ថែមក៏បានជួយហ្វឹកហាត់ទ័ពអ៊ុយក្រែនដើម្បីមានសមត្ថភាពធ្វើសង្គ្រាមផងដែរ។ ប្រទេសដែលជួយហ្វឹកហាត់កងទ័ពអ៊ុយក្រែនមានដូចជា អាម៉េរិក អាល្លឺម៉ង់ អូស្ត្រាលី បារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត។
 
ដោយឡែកនៅអាល្លឺម៉ង់ មេបញ្ជាការហ្វឹកហាត់ពិសេស នៅថ្ងៃទី២២ ខែកុម្ភៈ អះអាងថាកងទ័ពអ៊ុយក្រែនប្រហែល១ពាន់នាក់កំពុងបង្វឹកដោយគ្រូយោធាអាល្លឺម៉ង់ពីរបៀបប្រើរងក្រោះរបស់លោកខាងលិច ហើយនឹងមានគ្រូបង្វឹកផ្នែកប្រើប្រាស់អាវុធនានារាប់រយនាក់មកពីប្រទេសដទៃទៀត។ 
 
«យើងកំពុងនិយាយអំពីទាហានពី៣០ទៅ៥០នាក់មកពីន័រវែស និងជាច្រើនរយនាក់ទៀតមកពីហូឡង់»។ ឧត្តមសេនីយ៍ឯក Andreas Marlow ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះក្នុងបទសម្ភាសមួយនៅឯទីបញ្ជាការនាទីក្រុង Strausberg ។ លោកសង្ឃឹមថានឹងមានការរួមចំណែកបន្ថែមទៀតពីប្រទេសដទៃ។ 
 
លោក Marlow ក៏បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទាហានអាល្លឺម៉ង់ប្រហែល១៥០០នាក់បានរៀបចំការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន និងមានគោលដៅបណ្តុះបណ្តាលទាហានអ៊ុយក្រែនឱ្យបាន៩ពាន់នាក់ ឬច្រើនជាងនេះនៅចុងឆ្នាំ២០២៣។
 
ទីបញ្ជាការហ្វឹកហ្វឺនពិសេសនេះ ជាផ្នែកមួយនៃបេសកកម្មយោធារបស់អឺរ៉ុប (EU) ដែលបានបង្កើតឡើងក្នុងខែវិច្ឆិកា ដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែនរហូតដល់៣ម៉ឺននាក់ក្នុងជំនាញផ្សេងៗ សម្រាប់ជួយទីក្រុងកៀវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
 
ប៉ូឡូញជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទាហានអ៊ុយក្រែនដ៏សំខាន់មួយផ្សេងទៀត ខណៈដែលអេស្ប៉ាញ បារាំង សាធារណរដ្ឋឆេក ស្លូវ៉ាគី រូម៉ានី និងអ៊ីតាលី ក៏បានចូលរួមជួយក្នុងវគ្គបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនដែរ។ 
 
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនៅតាមបណ្តាប្រទេសអឺរ៉ុប ធ្វើឡើងដោយផ្ដោតចាប់ពីការហ្វឹកហ្វឺនជាមូលដ្ឋានរហូតដល់ប្រតិបត្តិការរថក្រោះប្រយុទ្ធទំនើបៗដូចជា Leopard 2 ប្រព័ន្ធការពារអាកាស និងការប្រើកាំភ្លើងធំផងដែរ៕ 
 

Tag:
 អាល្លឺម៉ង់
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com