កីឡាអន្តរជាតិ
អន្តរជាតិ
UEL ៖ Xavi ថា Barca នឹងជួបក្រុមបិសាចក្រហមដ៏អស្ចារ្យបំផុត មិនធ្លាប់មានពីមុនមក
23, Feb 2023 , 1:59 pm        
រូបភាព
Xavi Hernandez និយាយថា​ ​Barcelona នឹងជួបក្រុមបិសាចក្រហម Manchester United ដ៏អស្ចារ្យបំផុតមួយ ដែលមិនធ្លាប់មានពីមុនម​ក សម្រាប់ការប្រកួតជើងទីពីរនៃពានរង្វាន់ Europa League វគ្គជម្រុះ ៣២ក្រុម ក្នុងទឹកដី Old Trafford។



កាលពីជំនួបជើងទីមួយនៅកីឡដ្ឋាន​ Spotify Camp Nou នោះ Barcelona បានវាយបករហូតតាមស្មើក្នុងលទ្ធផល ២-២ ទល់ Man United ដែលមកពី Premier League កាលពីសប្តាហ៍មុន។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញជឿជាក់ថា កូនក្រុមរបស់លោកនឹងត្រូវធ្វើការងារធ្ងន់បំផុត សម្រាប់ការប្រកួតជើងទីពីរ ហើយជំរុញឱ្យកូនក្រុមបង្ហាញភាពអស្ចារ្យ ដែលពួកគេមានដើម្បីប្រជែងឆ្លងទៅវគ្គ ១៦ក្រុម។
  


«វានឹងក្លាយជាការប្រកួតដ៏លំបាកបំផុត Manchester United គឺជាក្រុមមួយដែលល្អបំផុតក្នុងតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន ហើយពួកគេបានបង្ហាញវារាល់ការប្រកួតកន្លងមក។ អ្នកចាត់ការពួកគេលោក Erik ten Hag ពិតជាធ្វើការបានយ៉ាងអស្ចារ្យបំផុត ពួកគេគឺជាក្រុមមួយមានស្ថេរភាព ចិត្តគំនិតរួម ចំណង់ចំណូលចិត្តរួម នឹងចង្វាក់លេងដ៏ភ្ញាក់ផ្អើល យើងត្រូវតែធ្វើយ៉ាងណាឱ្យស្មើពួកគេនៅគ្រប់កម្រិត ហើយនឹងបង្ហាញអ្វីដែលជាក្បាច់របស់យើង។»។ Xavi បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតមកដល់នាថ្ងៃទី២៣​ ខែកុម្ភៈ។
 
ការលើកឡើងរបស់លោក​ Xavi បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះក្រុមបិសាចក្រហម ដោយផ្តោតឃើញលើការវិវត្តិដ៏លឿនជាក់ស្តែងនៃក្រុមបិសាចក្រហម ក្រោមការដឹកនាំរបស់លោក Ten Hag។ ៨ប្រកួតចុងក្រោយ Man United មិនទាន់ស្គាល់បរាជ័យនៅឡើយទេ ខណៈបច្ចុប្បន្នកំពុងឈរនៅលំដាប់លេខ​ ៣ នៃ Premier League ដោយមាន ៤៩ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ត្រឹមតែ ៥ពិន្ទុប៉ុណ្ណោះ។
 
ចំណែក Barca របស់ Xavi ស្ថិតនៅចំណាត់ថ្នាក់កំពូលតារាងនៃក្របខណ្ឌ La Liga ដោយមានពិន្ទុនាំមុខដាច់ក្រុមលេខ Real Madrid ដល់ទៅ​ ១១ពិន្ទុ។ អំឡុងការប្រកួតជើងទីមួយ ក្រុមបិសាចក្រហម ហាក់បានបង្ហាញសាច់ដុំខ្លួនទៅកាន់ Barca ដែលធ្វើឱ្យក្រុមមកពីអេស្ប៉ាញវិលមកប្រកួត នៅទឹកដីអង់គ្លេសហាក់មានសម្ពាធ។ 


 
មុនការប្រកួតមកដល់ក្នុងទឹកដី Old Trafford លោក Ten Hag បាននិយាយថា ក្រុមលោកបានត្រៀមយុទ្ធសាស្ត្ររួចរាល់ហើយ ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Barcelona ។ Ten Hag ក៏បានបន្ថែមថា លោកមានគំនិតសម្រាប់ជួយកូនក្រុមឱ្យមានប្រៀបលើ Barcelona។ បច្ចុប្បន្នទាំងក្រុម Barcelona និង Man United ត្រូវបានមើលឃើញថាជាក្រុមកំពុងជោគជ័យនៅអឺរ៉ុប។
 
សម្រាប់លោក Ten Hag ក្នុងសន្និសីទកាសែតមុនការប្រកួតលោកបានអះអាងដូច្នេះថា៖«អ្វីដែលយើងនឹងធ្វើ អ្នកគ្រប់គ្នានឹងមើលឃើញនៅថ្ងៃស្អែកនៅលើទីលាន យើងមានគំនិតមួយត្រៀមរួចហើយ។ យើងនឹងត្រូវលេងក្នុងការប្រកួតដ៏ធំ ជំនួបដ៏ធំ នៅពេលយើងនៅតូចៗ យើងធ្លាប់ស្រម៉ៃអំពីរឿងនេះ ដូច្នេះយើងនឹងរីករាយជាមួយប្រកួតនេះ យើងសម្លឹងទៅមុខ ជាមួយភាពរីករាយ យើងក៏នឹងបង្ហាញអំពីភាពអស្ចារ្យរបស់យើង។[…]»។
 
អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ ក៏បានបន្ថែមពីសមាសភាពកីឡាករសម្រាប់ការប្រកួតទៀតថា ខ្សែការពារប្រធានក្រុម Harry Maguire និងខ្សែប្រយុទ្ធប្រេស៊ីល Antony នឹងមានវត្តមានជួយក្រុមក្រោយវិលត្រលប់ ដោយមានកាយសម្បទាពេញលេញ ១០០ភាគរយវិញ ។ ប៉ុន្តែ ​Anthony Martial ត្រូវអវត្តមានដដែលដោយសាររបួស។
 
ចំណែក Barcelona មុនការប្រកួតមកដល់ ពួកគេហាក់ជួបវិបត្តិកីឡាករសំខាន់ៗដូចជា Pedri និង Ousmane Dembele រងរបួសមិនអាចជួយក្រុ ខណៈដែលកីឡាករខ្សែបម្រើសំខាន់ម្នាក់ទៀត Gavi ជាប់បម្រាម៕
 
 

Tag:
 Europa League
  Barcelona
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com