ជាតិ
ជប៉ុន នឹង​វិនិយោគ​លើ​ការ​ដាំជីរបន្លា​តាមស្ដង់ដារ នៅកម្ពុជា​ ដើម្បី​នាំ​ចេញ
23, Feb 2023 , 2:39 pm        
រូបភាព
រូបភាពពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ជប៉ុន  មាន​គម្រោង​វិនិយោគ​លើ​ការ​ដាំ​ជីរ​បន្លា​ក្នុង​ផ្ទះ​សំណាញ់តាម​ស្ដង់ដារ​របស់​ជប៉ុន សម្រាប់​នាំ​ចេញ​ទៅ​កាន់​ជប៉ុន។​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បាន​គាំទ្រ​លើគម្រោង​ដាំ​ជីរ​បន្លា​ក្នុង​ផ្ទះ​សំណាញ់​នេះផងដែរ។



​ក្នុង​ឱកាស​ជួប​ពិភាក្សាការងាររវាងតំណាងក្រុមហ៊ុនកសិកម្ម និង​ធនាគារ​ជប៉ុន ជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី២១ កុម្ភៈ ជប៉ុន បាន​បង្ហាញ​​គម្រោង​វិនិយោគលើ​ការដាំជីរបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដារជប៉ុន សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន។ ចំពោះ​គម្រោងនេះ លោក ឌិត ទីណា បាន​គាំទ្រ​ និង​ត្រៀមខ្លួនជួយ ដើម្បីឱ្យគម្រោងនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យតាមផែនការគ្រោងទុក។
 

តំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន ជួបជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២១ កុម្ភៈ។ រូបភាពពីក្រសួងកសិកម្ម 
 
កញ្ញា អ៊ឹម រចនា អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម បាន​បញ្ជាក់ថា គម្រោង​ដាំ​ជីរបន្លានេះ ក្រុមហ៊ុន​ជប៉ុន បាន​ដាំ​សាកល្បង​នៅ​តំបន់គិរីរម្យ ក្នុង​ខេត្ត​កំពង់ស្ពឺ។ បើតាម​កញ្ញា អ៊ឹម រចនា ជីរបន្លានេះ ត្រូវ​បាន​ដាំ​ក្នុង​ផ្ទះ​សំណាញ់ ដើម្បី​ជួយ​ការ​ពារ​បញ្ហា​សត្វល្អិត និង​អាកាស​ធាតុ ដូចជា​ ភ្លៀង​ និង​ខ្យល់ជាដើម។​
 
ការ​ដាំ​ជីរបន្លានេះ ​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង ប៉ុន្តែ​បើ​ជោគជ័យ​ក្រុម​ហ៊ុន​​ជប៉ុន​ នឹង​ពង្រីក​ការ​ដាំ​ដុះ​បន្ថែមទៀត។ ជីរបន្លានេះ មាន​ឈ្មោះថា Shiso ជា​ប្រភេទជីរដែល​ទទួល​ទាន​ជា​មួយ​ត្រី​ឆៅ។
 
សូម​បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុម​ហ៊ុន​ជប៉ុនជាច្រើន កំពុង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ដែល​​ដាំ​ដុះ​នូវ​ដំណាំជាច្រើនប្រភេទ​នៅខេត្ត​បាត់ដំបង និង​ខេត្ត​មណ្ឌលគិរី សម្រាប់​ផ្គត់ផ្គង់ទីផ្សារ​ក្នុង​ស្រុក និង​នាំចេញផងដែរ៕ 
 

Tag:
 កសិកម្ម
  ជី​បន្លា​
  ជប៉ុន
  នាំចេញ​
© រក្សាសិទ្ធិដោយ thmeythmey.com