ជាតិ
ម្ចាស់បទ«ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ដែលរៀបរាប់ពីស្ពានគីហ្សូណា និងត្សឹបាសា ជួបសម្ដេច ហ៊ុន សែន
23, Feb 2023 , 2:59 pm        
រូបភាព
(ស្លៀកឈុតព័ត៌ផ្កាឈូក) លោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន ជាមួយមន្ត្រីការបរទេសជប៉ុន ជួបសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ កុម្ភៈ ២០២៣ នាវិមានសន្តិភាព
(ស្លៀកឈុតព័ត៌ផ្កាឈូក) លោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន ជាមួយមន្ត្រីការបរទេសជប៉ុន ជួបសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ កុម្ភៈ ២០២៣ នាវិមានសន្តិភាព
លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងលោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន បានជួបសម្ដេច ហ៊ុន សែន ដើម្បីពិភាក្សាពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅថ្ងៃទី២៣ កុម្ភៈ នាវិមានសន្តិភាព។

 
លោក TAKEI Shunsuke បានបង្ហាញក្តីរីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលត្រូវបានលើកកម្ពស់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ជាពិសេសលើវិស័យកងទ័ព វិស័យដោះមីន វិស័យដទៃជាច្រើនទៀត ។
 

រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន មកបំពេញទស្សនកិច្ចនៅកម្ពុជានេះ ដើម្បីចុះហត្ថលេខាលើលិខិតប្ដូរសារ ជាមួយឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦លានយ៉េន (ប្រមាណ ៣០,៦លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ។ លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
 
ដោយឡែកក្នុងជំនួបពិភាក្សាជាមួយសម្ដេច ហ៊ុន សែន នោះ ក៏មានវត្តមានលោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុនផងដែរ។ លោកស្រី មីណាមីណូ ជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់ប្រទេសជប៉ុន តាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ 
 
ចំពោះអត្ថបទចម្រៀងមួយចំណងជើងថា «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» បានរំលេចនូវពាក្យ «គីហ្សូណា និងត្សឹបាសា» ដែលជាឈ្មោះស្ពានសាងសង់ដោយមានការគាំទ្ររបស់ជប៉ុន និងមានន័យថា «ចំណងមិត្តភាព និងស្លាប» ដើម្បីជាកាដូចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងឱកាសខួបលើកទី ៧០នេះ។ ភាគីជប៉ុន បានផ្ដល់សិទ្ធិជូនភាគីកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយបទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» នេះ នៅកម្ពុជា បន្ទាប់ពីពិធីប្រគល់-ទទួលបទចម្រៀងនេះ កាលថ្ងៃទី៣០ ឧសភា ឆ្នាំ២០២២ ដែលមានចំនួនអ្នកចូលទស្សនាប្រមាណជាង ៣០ម៉ឺនដង ក្នុងហ្វេសបុករបស់សម្តេច ហ៊ុន សែន និងស្ថានទូតជប៉ុន ។
 
លោកស្រី Minamino ធ្លាប់មកកាន់កម្ពុជា២ដងរួចមកហើយ កាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ។ តាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់សម្ដីលោកស្រី Minamino ដូច្នេះ៖«សន្តានដោយចិត្តដ៏ប្រពៃរបស់ប្រជាជនកម្ពុជានៅពេលនោះ ទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្ដីជាទីបំផុត ដែលធ្វើឱ្យបេះដូងរបស់លោកស្រី ដក់ជាប់នៅកម្ពុជា ហើយបាននិពន្ធ និងច្រៀងបទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ជាការអធិប្បាយអំពីអតីតកាលកម្ពុជា ដែលលោកស្រីបានឃើញដោយផ្ទាល់»។
 
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ លោកស្រី Minamino នឹងទៅជួបកុមារ៉ា កុមារីកំព្រា ដែលលោកស្រីធ្លាប់បានជួបកាលពីឆ្នាំ១៩៨៩ ។ ក្នុងនាមជាអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និង ជប៉ុន លោកស្រី សន្យានឹងប្រឹងប្រែងធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
  Minamino
© រក្សាសិទ្ធិដោយ thmeythmey.com