កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រាក់រង្វាន់លើកទឹកចិត្តស៊ីហ្គេម៖ មេដាយមាស១ម៉ឺនដុល្លារ ប្រាក់ ៧ពាន់ដុល្លារ និងសំរឹទ្ធិ៣ពាន់ដុល្លារ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ឆ្វេង) រួមជាមួយលោក ថោង ខុន ប្រធាន CAMSOC (កណ្តាល) និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC
× រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបាន១ម៉ឺនដុល្លារ មេដាយប្រាក់ជាង៧ពាន់ដុល្លារ និងសំរឹទ្ធិជាង៣ពាន់ដុល្លារ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)។
នាកម្មវិធីសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការត្រៀមស៊ីហ្គេម (Sea Games) និងអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកុម្ភៈ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា លោក វ៉ាត់ ចំរើន បានរៀបប្រាប់អ្នកចូលរួមអំពីបច្ចុប្បន្នភាពនៃដំណើរការរៀបចំស៊ីហ្គេម និងការប្រកាសប្រភេទកីឡាទាំង៣៧ ដែលត្រូវដាក់ប្រកួតប្រជែង។
ក្នុងនោះ អគ្គលេខាធិការ CAMSOC បង្ហើបថា រដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសប្រាប់អត្តពលិកកម្ពុជាណាដែលទទួលបានមេដាយណាមួយពីព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។ សម្រាប់កីឡាករកីឡាការិនី ដែលទទួលបានមេដាយមាសនឹងទទួលបាន ៤០លានរៀង (១ម៉ឺនដុល្លារ) មេដាយប្រាក់ ៣០លានរៀល (ជាង៧ពាន់ដុល្លារ) និងមេដាយសំរឹទ្ធិទទួលបាន១៦លានរៀល (ជាង៣ពាន់ដុល្លារ)។
ស្របពេលគ្នានេះផងដែរ ឆ្លើយនឹងសំនួររបស់សារព័ត៌មានថ្មីៗជុំវិញការចំណាយរបស់ម្ចាស់ផ្ទះកម្ពុជានៅស៊ីហ្គេម និងប៉ារ៉ាហ្គេម លោកវ៉ាត់ ចំរើន បានឆ្លើយថាកម្ពុជាត្រៀមប្រាក់ចំណាយ១២៤លានដុល្លារ លើដំណើរការកីឡាតំបន់អាស៊ានលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។
«តាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាក់៥០៥ពាន់លានរៀល ដែលស្មើនឹង១២៤លានដុល្លារ នឹងត្រូវយកមកចំណាយលើការរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេម»។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការ CAMSOC មុនលោកបន្ថែមថាចំនួននេះ គឺកម្ពុជាចំណាយតិចជាងការចំណាយរបស់ប្រទេសផ្សេងៗដែលធ្លាប់រៀបព្រឹត្តិការណ៍នេះពីមុនមក។
ក្នុងព្រឹត្តិការណ៍តំបន់អាស៊ានលើកទី៣២ លោកវ៉ាត់ ចំរើន ក៏បានបញ្ជាក់ដែរថា អត្តពលិកកម្ពុជាចូលរួមប្រកួតប្រជែងគ្រប់កីឡាទាំង៣៧ប្រភេទតែម្តង។ ចំណោមកីឡាទាំង៣៧ មានតែកីឡាបាល់ទាត់លើកតុ (Teq ball) ប៉ុណ្ណោះដែលជាប្រភេទកីឡាសំដែង និងមិនទទួលបានមេដាយ។
ប្រភេទកីឡាទាំង៣៧ មាន១៦ប្រភេទកីឡាជាកីឡាអូឡាំពិក និង១៦កីឡាទៀតជាប្រភេទកីឡាតំបន់អាស៊ាន ហើយកីឡាផ្សេងទៀតជាកីឡាប្រជាបិ្រយ និងពេញនិយមរបស់ម្ចាស់ផ្ទះកម្ពុជាដែលមានសិទ្ធិបញ្ចូលដោយខ្លួនឯង។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយរង់ចាំ៦៤ឆ្នាំ នឹងចាប់ផ្តើប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com