កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សហព័ន្ធគុនខ្មែរ បើកវគ្គបណ្ដុះបណ្ដាល ដើម្បីផ្ដល់ឱកាសឲ្យកីឡាករចប់អាជីពក្លាយជាអាជ្ញាកណ្ដាល និងចៅក្រម
23, Feb 2023 , 6:59 pm        
រូបភាព
លោក តែម ម៉ឺន ផ្ដល់វិញ្ញាប័ណ្ណប័ត្រ ក្រោយចប់វគ្គបណ្ដុះបណ្ដាល រូបពី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក តែម ម៉ឺន ផ្ដល់វិញ្ញាប័ណ្ណប័ត្រ ក្រោយចប់វគ្គបណ្ដុះបណ្ដាល រូបពី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ ធ្វើឡើងក្នុងគោលដៅផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរ ដែលឈប់ពីអាជីពជាកីឡាករ អាចចូលរួមជាអាជ្ញាកណ្ដាល ឬចៅក្រម។ នេះជាការលើកឡើងរបស់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពមន្ដ្រី ដើម្បីរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរនានា។



យោងទៅតាមការផ្សាយលើហ្វេសប៊ុកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាថ្ងៃទី២៣ ខែកុម្ភៈ លោក តែម ម៉ឺន បានបញ្ជាក់ប្រាប់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរកម្រិតបឋមឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ថាវគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែជាការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្ដាល ឬចៅក្រម តែប៉ុណ្ណោះទេ ប៉ុន្ដែក៏ផ្ដល់ឱកាសដល់កីឡាករចាស់ៗ ដែលបានបញ្ចប់អាជីពប្រកួត អាចបន្ដចូលរួមជួយក្នុងវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ។ នោះ មានន័យថាសហព័ន្ធ នៅតែលើកទឹកចិត្ត និងរក្សាធនធានល្អ ដើម្បីអភិវឌ្ឍវិស័យកីឡាគុនខ្មែរ ម្យ៉ាងវិញទៀត កីឡាករទាំងនោះ អាចចូលរួមជួយវិស័យមួយនេះ បានទៅតាមសមត្ថភាពរបស់ខ្លួន។ 
  

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
 
ប្រធានសហព័ន្ធរូបនេះ បន្ដទៀតថា អាជ្ញាកណ្ដាល និងចៅក្រម ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះ ត្រូវមានឆន្ទៈបំពេញការងារឲ្យបានល្អបំផុត នៅលើសង្វៀន។ ក្នុងវគ្គនេះ មានសិក្ខាកាមមកពីវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា, មន្ទីរអប់រំកាយ និងកីឡា និងអតីតកីឡាករប្រដាល់គុនខ្មែរ ដូចនេះ អ្នកទាំងនោះងាយនិងទទួលយកបានូវអ្វី ដែលបានរៀនអំពីវគ្គមួយនេះ។
 
គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួម ៣៦រូប ក្នុងនោះ ២រូបជាស្ដ្រី ដែលធ្វើចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ៕ 
 

Tag:
 ប្រដាល់គុនខ្មែរ
  តែម ម៉ឺន
© រក្សាសិទ្ធិដោយ thmeythmey.com