អន្តរជាតិ
កម្ចី​ចិន​នៅ​អាហ្វ្រិក​ធ្លាក់ចុះ ខណៈ​អាមេរិក​សន្យា​វិនិយោគ​នៅ​ទីនោះ
23, Feb 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ បុរស​ម្នាក់​ដើរ​ក្បែរ​ផ្ទាំង​ប៉ាណូ​រដ្ឋាភិបាល​ដែល​ផ្សព្វផ្សាយ​អំពី​គំនិត​ផ្តួចផ្តើម​ផ្លូវ​ខ្សែក្រវាត់​របស់​ប្រធានាធិបតីចិន​លោក Xi Jinping នៅ​ខាងក្រៅ​ស្ថានីយ៍​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ បុរស​ម្នាក់​ដើរ​ក្បែរ​ផ្ទាំង​ប៉ាណូ​រដ្ឋាភិបាល​ដែល​ផ្សព្វផ្សាយ​អំពី​គំនិត​ផ្តួចផ្តើម​ផ្លូវ​ខ្សែក្រវាត់​របស់​ប្រធានាធិបតីចិន​លោក Xi Jinping នៅ​ខាងក្រៅ​ស្ថានីយ៍​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
ដោយ: VOA
ដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ទៅ​កាន់​ទ្វីប​អាហ្វ្រិក​កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ផ្ដល់​កម្ចី​របស់​ចិន​ឱ្យ​រដ្ឋាភិបាល​បរទេស​នានា​នៅ​ក្នុង​សម័យ​វិបត្តិ​ជំងឺ​កូវីដ១៩ មាន​ចំនួន​ទាប។

 
របាយការណ៍​របស់​មជ្ឈមណ្ឌល​គោល​នយោបាយ​អភិវឌ្ឍន៍​សាកល​នៃ​សាកលវិទ្យាល័យ Boston បាន​រក​ឃើញ​ថា ការ​សន្យា​ផ្ដល់​កម្ចី​ពី​ធនាគារ​ពីរ​របស់​ប្រទេស​ចិន ដែល​នោះ​គឺ​ធនាគារ​អភិវឌ្ឍន៍​ចិន (China Development Bank) និង​ធនាគារ​អាហរណ៍​នីហរណ៍​នៃ​ប្រទេស​ចិន (Export-Import Bank of China) មាន​ចំនួន​សរុប ៣,៧ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០២១។
 
ផ្ទុយ​មក​វិញ នៅ​រវាង​ឆ្នាំ ២០០៨ និង​ឆ្នាំ ២០២១ ការ​សន្យា​ផ្ដល់​កម្ចី​របស់​ចិន​មាន​ចំនួន ៤៩៨ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជា​មធ្យម​មាន​ចំនួន ៣៥,៦ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។
 

រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield ត្រូវបាន​ស្វាគមន៍​ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​សូម៉ាលី លោក Larry Andre (ខាងឆ្វេង) នៅពេល​អ្នកស្រី​ទៅ​ដល់​ទីក្រុង​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

ប្រទេស​ចិន​បាន​ប្រឹងប្រែង​យ៉ាង​លំបាក​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទទួល​បាន​ប្រាក់​សំណង​ពី​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក ហើយ​ឥឡូវ​នេះ​ចិន​ត្រូវ​ចូលរួម​ក្នុង​ការ​ចរចា​រៀបចំ​លក្ខខណ្ឌ​កម្ចី​ឡើង​វិញ​ដ៏​ស្មុគស្មាញ។ នា​ពេល​បច្ចុប្បន្ន​នេះ ការ​ចរចា​រឿង​បំណុល​នេះ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សំប៊ី។
 
នៅ​ពេល​ដែល​គេ​សួរ​ថា​តើ​រដ្ឋាភិបាល​ចិន​បាន​រងគ្រោះ​ដោយសារ​បទ​ពិសោធន៍​ទាំង​អស់​នេះ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ធ្លាក់ចុះ​នូវ​ការ​សន្យា​ផ្ដល​កម្ចី​ឬ​ក៏​យ៉ាង​ណា​នោះ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​អ្នកស្រី Rebecca Ray ដែល​ជា​សហ​អ្នកនិពន្ធ​នៃ​របាយការណ៍​នេះ បាន​និយាយ​ថា បើ​ទោះបីជា​ប្រទេស​ចិន​បាន​ឈប់​ផ្ដល់​កម្ចី​ថ្មី​ដល់​ប្រទេស​មួយ​ចំនួន​ដែល​មិន​អាច​សង​បំណុល​ដែល​មាន​ស្រាប់​ដូចជា​ប្រទេស​វ៉េណេស៊ុយអេឡា​ក៏ដោយ ក៏​ចិន​បាន​បញ្ចប់​ការ​ចរចា​រឿង​កម្ចី​ដ៏​ធំ​សម្រាប់​ផ្ដល់​ជូន​នា​ពេល​អនាគត​ដល់​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​មួយ​កំពុង​ជាប់​បំណុល​របស់​ខ្លួន​ផងដែរ។
 
អ្នកស្រី​បាន​កត់​សម្គាល់​ថា៖ «ទោះបីជា​ប្រទេស​ចិន​ប្រហែល​ជា​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ «ផ្ដល់​ប្រាក់​កម្ចី ថ្មី​ដើម្បី​ប៉ះប៉ូវ​បំណុល​ចាស់​មក​វិញ» ដែល​នៅ​ក្នុង​ករណី​ខ្លះ​ដែល​អ្នក​ខ្ចី​មិន​អាច​មាន​លទ្ធភាព​សង​បាន​ក៏ដោយ ក៏​កម្រិត​បំណុល​ខ្ពស់​ដែល​មាន​ស្រាប់​ហាក់​ដូចជា​មិន​អាច​បង្អាក់​ចិន​ទាំងស្រុង​នោះ​ទេ»។
 
ការ​រិះគន់​ និង​ការ​សន្យា​របស់​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ទ្វីប​អាហ្វ្រិក អ្នកស្រី Thomas-Greenfield បាន​រិះគន់​ប្រទេស​ចិន​ថា​បាន​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​នៅ​ក្នុង​ទ្វីប​នោះ​ជាប់​បំណុល។ អ្នកស្រី​ក៏​បាន​លើកឡើង​ផង​ដែរ​ថា បើ​ទោះបីជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang ធ្វើ​ទស្សនកិច្ច​នៅ​ទ្វីប​អាហ្វ្រិក​កាលពី​ពេល​ថ្មីៗ​នេះ​ក៏ដោយ អ្វី​ដែល​អ្នកស្រី​ឮ​ពី​ប្រជាពលរដ្ឋ​និង​ថ្នាក់​ដឹកនាំ​នៅ​ពេល​ដែល​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​គឺ​ថា «សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ពួកគេ ហើយ​ពួកគេ​បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាហ្វ្រិក​ដែល​ទើប​បាន​រៀបចំ​ឡើង​ហើយ​នឹង​កិច្ច​ប្រឹងប្រែង​ដែល​កំពុង​ធ្វើ​ឡើង​ដើម្បី​ប្រឡូក​ឱ្យ​បាន​កាន់តែ​សកម្ម​ជា​មុន​បន្ថែម​ទៀត​នៅ​ទ្វីប​អាហ្វ្រិក»។
 

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang (ទីពីររាប់ពីឆ្វេង) និង​ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក លោក Moussa Faki Mahamat ចូលរួម​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​អាហ្វ្រិក​សម្រាប់​ការគ្រប់គ្រង និង​បង្ការ​ជំងឺ​នៅ​ទីក្រុង​អាឌីសអាបេបា ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​សន្យា​វិនិយោគ​ជា​ទឹក​ប្រាក់​ចំនួន ៥៥ ពាន់​លាន​ដុល្លារ​នៅ​ទ្វីប​អាហ្វ្រិក​នៅ​ឯ​កិច្ច​ប្រជុំ​សហរដ្ឋ​អាមេរិក-អាហ្វ្រិក​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន។
 
អ្នកស្រី Yellen ក៏​បាន​កត់សម្គាល់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២៨ ខែ​មករា​កន្លង​ទៅ​នេះ​ផង​ដែរ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​កម្មវិធី​ជា​ច្រើន «ដែល​មាន​បំណង​ជួយ​ដល់​កិច្ច​ប្រឹងប្រែង​នានា​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​ដូច្នេះ រដ្ឋាភិបាល​អាមេរិក​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​សហរដ្ឋ​អាមេរិក​មិន​បង្កើត​បញ្ហា​ដូច​ទៅ​នឹង​បញ្ហា​ដែល​ការ​វិនិយោគ​របស់​ចិន​ពេល​ខ្លះ​បាន​បង្កើត​ឡើង​នៅ​ទ្វីប​អាហ្វ្រិក​នោះ​ឡើយ»។
 
អ្នកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​ចិន​គឺ​ជា «ឧបសគ្គ» ចំពោះ​កិច្ច​ប្រឹងប្រែង​សាកលលោក​នៅ​ក្នុង​ការ​រៀបចំ​លក្ខខណ្ឌ​ឡើង​វិញ​សម្រាប់​បំណុល​ដ៏​ច្រើន​មហិមា​របស់​ប្រទេស​សំប៊ី។
 
ការ​លើកឡើង​របស់​អ្នកស្រី Yellen នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ខ្លាំងៗ​ដោយ​មិន​បង្អង់​យូរ​ពី​ស្ថានទូត​ចិន​នៅ​ក្នុង​ប្រទេស​សំប៊ី ដែល​បាន​ចង្អុល​បង្ហាញ​អំពី​បំណុល​ដ៏​ច្រើន​ក្រាស់ក្រែល​របស់​សហរដ្ឋ​អាមេរិក​ផ្ទាល់ និង​ការ​រិះគន់​នៅ​លើ​អត្ថបទ​បញ្ចេញ​មតិ​មួយ​លើ​វេបសាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន​ដែល​សរសេរ​ថា «អាកាសយានដ្ឋាន​ដែល​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ចុះ​ចត និង​ផ្លូវ​និង​ស្ពាន​ដែល​ក្បួន​រថយន្ត​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ឆ្លងកាត់​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​នៅ​ទ្វីប​អាហ្វ្រិក​ទំនងជា​សាងសង់​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន»។


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ដើរ​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​សំប៊ី​លោក Hakainde Hichilema អំឡុងពេល​កិច្ចប្រជុំ​របស់​ពួកគេ​នៅឯ​វិមាន​រដ្ឋ​ក្នុង​ទីក្រុង​លូសាកា ប្រទេស​សំប៊ី កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។


ការ​ប្រែក្លាយ​ថវិកា​ដែល​បាន​ចំណាយ

គម្រោង​ផ្ដួចផ្ដើម​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​គឺ​គ្រាន់តែ​ជា​ការ​ផ្លាស់ប្ដូរ​វិធី​នៃ​ការ​ចំណាយ​ថវិកា​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​និពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Boston។
 
ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​លើកឡើង​ថា៖ «ទំនោរ​នេះ​គឺ​ជា​និមិត្តរូប​នៃ​វិធីសាស្ត្រ «តូច​គឺ​ល្អ» ចំពោះ​ការ​ប្រឡូក​របស់​ចិន​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ផ្ដល់​អាទិភាព​លើ​គម្រោង​តូច​ជាង​មុន​និង​មាន​គោលដៅ​ជាក់លាក់​ជាង​មុន»។
 
អ្នកស្រី Rebecca Ray ដែល​ជា​សហ​អ្នកនិពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​និយាយ​ថា នេះ​មិន​មែន​ជា​ដំណឹង​អាក្រក់​នោះ​ទេ ដោយ​អ្នកស្រី​ចង្អុល​បង្ហាញ​ថា វិធីសាស្ត្រ «តូច​គឺ​ល្អ» មាន «ហានិភ័យ​ទាប​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​និង​សហគមន៍​ជនជាតិ​ដើម»។
 

រូបឯកសារ៖ ពលរដ្ឋ​បើក​ម៉ូតូ​នៅ​លើ​ផ្លូវ Mombasa ដែល​ស្ថិត​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​មហាវិថី Nairobi Expressway ដែល​សាងសង់​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​ កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បញ្ជាក់​ថា ប្រទេស​ចិន​បាន​ងាកចេញ​ពី​ការ​ផ្ដល់​កម្ចី​របស់​ខ្លួន​លើ​វិស័យ​និស្សារណកម្ម​និង​បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន ដោយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​រកឃើញ​ថា តាំងពី​ឆ្នាំ ២០១៨ មក ថវិកា​បន្ថែម​ត្រូវ​បាន​ចំណាយ​លើ​វិស័យ​ដឹកជញ្ជូន​វិញ។
 
ទោះជា​យ៉ាងណា​ក៏ដោយ ការពិត​ដែល​ថា «ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ចិន​និង​នៅ​ក្នុង​ប្រទេស​ដែល​ទទួល​គម្រោង​របស់​ចិន​ដែល​ហាក់​មិន​សូវ​ធ្វើ​ឱ្យ​មាន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ដ៏​ច្រើន​ដូច​កាលពី​មួយ​ទសវត្សរ៍​មុន​នោះ...គឺ​ជា​ក្ដី​បារម្ភ ដោយសារតែ​តម្រូវការ​នៅ​ក្នុង​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​នៅ​ពេល​ឥឡូវ​នេះ​គឺ​ខ្ពស់​ជាង​ពេល​ណាៗ​ទាំងអស់ ដោយសារតែ​មាន​វិបត្តិ​ជា​ច្រើន​ដូចជា​អស្ថិរភាព​ហិរញ្ញវត្ថុ ការ​ប្រែប្រួល​អាកាសធាតុ និង​ជំងឺ​កូវីដ១៩ ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Kevin P. Gallagher ដែល​ជា​សហ​អ្នកនិពន្ធ​ការ​ស្រាវជ្រាវ​នេះ។
 
ប៉ុន្តែ លោក Harry Verhoeven អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​គោល​នយោបាយ​ថាមពល​សាកល​នៃ​សាកលវិទ្យាល័យ Columbia ដែល​បាន​សរសេរ​អត្ថបទ​អំពី​កម្ចី​របស់​ចិន​និង​បំណុល បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​ហាក់ដូចជា​ឆាប់​ពេក​នៅ​ក្នុង​ការ​បញ្ជាក់​ថា​តើ​ចិន​គឺ​ពិតជា​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ពី​វិធីសាស្ត្រ​ទ្រង់ទ្រាយ​ធំ​ទៅ​វិធីសាស្ត្រ «តូច​គឺ​ល្អ» នោះ...ជាពិសេស​នៅ​ក្នុង​បរិបទ​នៃ​ទ្វីប​អាហ្វ្រិក ដែល​នេះ​នឹង​តម្រូវ​ឱ្យ​មាន​ការ​កែប្រែ​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​លំនាំ​នៃ​ការ​ប្រឡូក​ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​អាទិភាព​លើ​តាំងពី​ចុង​ទសវត្សរ៍ ១៩៩០ មក»។
 
លោក​បាន​កត់​សម្គាល់​ថា «ជាការពិត ការ​រួម​បញ្ចូល​គ្នា​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ បញ្ហា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ចិន និង​ការ​ស្រងាកចិត្ត​ជាមួយ​នឹង​បញ្ហា​កើនឡើង​របស់​ប្រទេស​អធិបតេយ្យ​នានា​នៅ​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​ការ​សង​បំណុល​ដល់​ក្រុមហ៊ុន​ផ្ដល់​កម្ចី​របស់​ចិន បាន​ធ្វើ​ឱ្យ​មាន​ការ​ថយចុះ​នូវ​ការ​ផ្ដល់​កម្ចី​ថ្មី​របស់​ចិន។ ...ប៉ុន្តែ គេ​អាច​ចោទ​ជា​សំណួរ​ទាក់ទិន​នឹង​សមត្ថភាព​គ្រប់គ្រង​និង​ឆន្ទៈ​របស់​ធនាគារ​គោល​នយោបាយ​ចិន​និង​ស្ថាប័ន​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​គ្រប់គ្រង​កម្ចី​តូចៗ​ដែល​មាន​លក្ខណៈ​លម្អិត​ច្រើន​ជាង​មុន»។
 
ការ​ឆ្លើយតប​របស់​ចិន

នៅ​ពេល​ដែល​គេ​សួរ​អំពី​ការ​រកឃើញ​ចម្បង​របស់​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ដែល​ថា​ការ​ផ្ដល់​កម្ចី​របស់​ចិន​ឱ្យ​រដ្ឋាភិបាល​បរទេស​នានា​នៅ​ឆ្នាំ ២០២១ មាន​ចំនួន​ទាប​បើ​ប្រៀប​ទៅ​នឹង​រយៈពេល​ចាប់ពី​ឆ្នាំ ២០០៨ មក ស្ថាន​បេសកកម្ម​ការទូត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​សហភាព​អាហ្វ្រិក​បាន​សង្កត់​ធ្ងន់​លើ​ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​ប្រទេស​ចិន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​ពួកគេ​បាន​បញ្ជាក់​ថា​ការ​វិនិយោគ​ដោយ​ផ្ទាល់​នេះ​តាម​ការពិត​បាន​កើនឡើង ១៦,៣% នៅ​ក្នុង​ឆ្នាំ ២០២១។
 
ស្ថាន​បេសកកម្ម​ការទូត​របស់​ចិន​នេះ​បាន​ប្រាប់ VOA ថា៖ «ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​ចិន​នៅ​ក្រៅ​ប្រទេស​នៅ​ក្នុង​ឆ្នាំ ២០២១ បាន​កើន​ដល់​ចំនួន ១៧៨.៨២០ លាន​ដុល្លារ​អាមេរិក»។ ស្ថាន​បេសកកម្ម​ការទូត​របស់​ចិន​នេះ​បាន​កត់​សម្គាល់​ថា កាលពី​ឆ្នាំ​មុន «ការ​វិនិយោគ​ដោយ​ផ្ទាល់​មិន​មែន​ហិរញ្ញវត្ថុ» របស់​ចិន​នៅ​ក្រៅ​ប្រទេស ក៏​បាន​កើនឡើង​ចំនួន ៧,២% ផង​ដែរ ហើយ​កិច្ច​សន្យា​ថ្មីៗ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្រៅ​ប្រទេស​ក្នុង​ទឹក​ប្រាក់​ជាង ៥០ លាន​ដុល្លារ​ក៏​បាន​កើនឡើង​ផង​ដែរ។
 
ប៉ុន្តែ អ្នកស្រី Rebecca Ray បាន​និយាយ​ថា តួលេខ​របស់​ស្ថាន​បេសកកម្ម​ការទូត​របស់​ចិន​នេះ​មិន​ស៊ីមេទ្រី​ជាមួយ​នឹង​តួលេខ​ដែល​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកស្រី​ទេ ដោយសារតែ​ការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​ក្រៅ​ប្រទេស​ដែល​ចិន​មាន​ភាគហ៊ុន​ជា​ម្ចាស់​កម្មសិទ្ធិ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ជាក់លាក់​មួយ គឺ​ខុស​ពី​កម្ចី​ដែល​រដ្ឋាភិបាល​ចិន​ផ្ដល់​ឱ្យ​ដល់​រដ្ឋាភិបាល​បរទេស​ណា​មួយ។
 
ស្ថាន​បេសកកម្ម​ការទូត​របស់​ចិន​ប្រចាំ​សហភាព​អាហ្វ្រិក​នេះ​បាន​ប្រាប់ VOA ថា ខ្លួន​បាន​ច្រានចោល​ការ​លើកឡើង​របស់​ក្រុម​បស្ចិម​ប្រទេស​អំពី​រឿង «អន្ទាក់​បំណុល» និង​បាន​និយាយ​ថា តាម​ការពិត​តួលេខ​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ពហុ​ភាគី​និង​ធនាគារ​ពាណិជ្ជកម្ម​គឺ​ជា​ម្ចាស់​បំណុល​នៃ​បំណុល​ជិត ៧៥% នៃ​បំណុល​បរទេស​សរុប​របស់​ទ្វីប​អាហ្វ្រិក គឺ​ច្រើន​ជាង​បំណុល​ដែល​ទ្វីប​នេះ​ជំពាក់​ប្រទេស​ចិន​ទៅ​ទៀត។
 
ស្ថាន​បេសកកម្ម​ការទូត​នេះ​បាន​បន្ថែម​ថា ប្រទេស​ចិន​មិន​យល់​ឃើញ​ថា​ខ្លួន​កំពុង​ប្រជែង​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក ឬ​ក៏​កំពុង​ដក​ខ្លួន​ចេញ​ពី​ទ្វីប​នេះ​នោះ​ឡើយ។
 
ស្ថាន​បេសកកម្ម​ការទូត​នេះ​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រទេស​ចិន​នឹង​ធ្វើ​បន្ថែម​ទៀត​ដើម្បី​លើក​កម្ពស់​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​ទ្វីប​អាហ្វ្រិក...បន្ត​ពង្រីក​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​នឹង​ទ្វីប​អាហ្វ្រិក លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញប្បទាន​និង​ការ​វិនិយោគ​រវាង​ចិន​និង​ទ្វីប​អាហ្វ្រិក និង​បង្កើន​កម្លាំង​ជំរុញ​ថ្មីៗ​ផ្នែក​សុខភាព ការ​អភិវឌ្ឍ​ដែល​ល្អ​ចំពោះ​បរិស្ថាន សេដ្ឋកិច្ច​ឌីជីថល និង​ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ទ្វីប​អាហ្វ្រិក»។
 
សញ្ញា​នៃ​ការ​រើប​ឡើង​វិញ​របស់​សេដ្ឋកិច្ច​ចិន

គេ​ឃើញ​មាន​សញ្ញា​ថា កម្ចី​អភិវឌ្ឍន៍​ទ្រង់ទ្រាយ​ធំ​របស់​ចិន​អាច​រើប​ឡើង​វិញ​នៅ​ពេល​អនាគត។ តាំងពី​ពេល​ដែល​ប្រទេស​ចិន​លុបចោល​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ១៩ (zero-COVID-19) របស់​ខ្លួន​និង​បើក​ប្រទេស​ឡើង​វិញ​មក វិស័យ​ផលិតកម្ម សេវាកម្ម និង​សំណង់​របស់​ចិន​ត្រូវ​បាន​ពង្រីក​ឡើង​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​រយៈពេល ៤ ខែ​ចុងក្រោយ​នេះ។
 
បើ​ទោះបីជា​សេដ្ឋវិទូ​បាន​រំពឹង​ថា​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ​នឹង​មាន​ភាព​យឺតយ៉ាវ​ក៏ដោយ ក៏​ធនាគារ​វិនិយោគ​នានា​ដូចជា​ធនាគារ Goldman Sachs និង​ធនាគារ Morgan Stanley ជាដើម​បាន​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​ព្យាករណ៍​របស់​ខ្លួន។ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក៏​បាន​បង្កើន​ទស្សនវិស័យ​របស់​ខ្លួន​អំពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ចិន​ផង​ដែរ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​បញ្ជាក់​ថា​ខ្លួន​រំពឹង​ថា​សេដ្ឋកិច្ច​ចិន​នឹង​រីក​ចម្រើន​ចំនួន ៥,២% នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ។
 
ប៉ុន្តែ អ្នកស្រី Rebecca Ray បាន​ប្រាប់ VOA ថា អ្នកស្រី​មិន​យល់​ឃើញ​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ច្រើន​ណា​មួយ​ទេ។
 
អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​ឃើញ​រួច​ហើយ​អំពី​មូលធន​ដែល​មាន​ស្រាប់​សម្រាប់​ការ​រើប​ឡើង​វិញ​របស់​ប្រទេស​ចិន។ ដូច្នេះ ខ្ញុំ​មិន​យល់​ថា​ការ​បង្កើន​ការ​ព្យាការណ៍​អំពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ណា​មួយ​ច្រើន​នោះ​ឡើយ។ រដ្ឋាភិបាល​ចិន​នៅ​មាន​រង្វាន់​លើក​ទឹកចិត្ត​ច្រើន​គួរសម​សម្រាប់​គាំទ្រ​ដល់​សាច់ប្រាក់​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​របស់​ខ្លួន»។
 
សេដ្ឋកិច្ច​ប្រទេស​ចិន​កំពុង​ព្យាយាម​រើប​ឡើង​វិញ បន្ទាប់ពី​ត្រូវ​បាន​បិទ​ខ្ទប់​អស់​រយៈពេល​ជា​យូរ​មក​ក្នុង​អំឡុង​ពេល​អនុវត្ត​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ និង​ក្នុង​អំឡុង​ពេល​មាន​រលក​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​នេះ​បន្ទាប់ពី​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ​ត្រូវ​បាន​លុបចោល​មក។
 
អ្នកស្រី Rebecca Ray បាន​និយាយ​ថា សម្រាប់​ឥទ្ធិពល​នៅ​ក្រៅ​ប្រទេស​និង​នៅ​ទ្វីប​អាហ្វ្រិក «វា​គឺ​ជា​ការ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ថា អ្នកស្រី Yellen មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ធំៗ​ថ្មី​ណា​មួយ ឬ​ក៏​ប្រកាស​អំពី​គម្រោង​ធំៗ​ថ្មី​ណា​មួយ​នៅ​ពេល​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​នៅ​ទ្វីប​អាហ្វ្រិក​នោះ​ទេ។ ប្រសិនបើ​សហរដ្ឋ​អាមេរិក​ពិតជា​ឈាន​ចូល​ក្នុង​ចន្លោះ​ផ្នែក​ហិរញ្ញវត្ថុ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បន្សល់​ទុក​ដោយ​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ធ្លាក់ចុះ​របស់​ចិន វា​ប្រហែលជា​អាច​លេច​ឡើង​តាម​រយៈ​វេទិកា​ពហុ​ភាគី​ណា​មួយ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com