ជាតិ
កូរ៉េ ផ្តល់គ្រឿងចក្រវិស្វកម្មដល់មជ្ឈណ្ឌលជាតិរក្សាសន្តិភាព សម្រាប់ហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព
23, Feb 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ សាធារណេរដ្ឋកូរ៉េ បានផ្តល់គ្រឿងចក្រធុនធ្ងន់ គ្រឿងបំផ្លាស់ និងឧបករណ៍ជួសជុល ដល់មជ្ឈមណ្ឌជាតិរក្សាសន្តិភាព សម្រាប់ការហ្វឹកហ្វឺនកងកម្លាំងមួកខៀវមុនចល័តទៅតំបន់បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

 
គ្រឿងចក្រ និងគ្រឿងបំផ្លាស់ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ បានមកដល់កម្ពុជា ក្រោយការចុះអនុស្សរណយោគយល់ ស្ដីពីប្រតិបត្តិការ​រក្សា​សន្តិភាព រវាងកម្ពុជា-កូរ៉េ និងការប្រគល់​គ្រឿងចក្រ​វិស្វកម្ម កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលកិច្ចប្រជុំ​រដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ក្នុងទឹកដី​ខេត្តសៀមរាប។
  

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។ រូបភាព៖ ហុង ស្រីណា

បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សាធារណរដ្ឋកូរ៉េនឹងផ្ដល់​យោធាចារ្យបន្ថែម សម្រាប់ការហ្វឺនហ្វឺនដល់កម្លាំងរក្សាសន្តិភាពកម្ពុជា ឱ្យក្លាយជា​គ្រូ​បង្គោលសម្រាប់អនុវត្តគម្រោងហ្វឹកហ្វឺនត្រីភាគី UN-កូរ៉េ-កម្ពុជា នាចុងឆ្នាំ២០២៣នេះ។ ការហ្វឹកហ្វឺន នឹងចាប់ផ្តើមនៅខែវិច្ឆិកានេះ ដើម្បីពង្រឹង​សមត្ថភាពជំនាញវិស្វកម្ម សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ។
 
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ក្នុងពិធីទទួលគ្រឿងចក្រវិស្វកម្មធុនធ្ងន់ពីសាធារណរដ្ឋកូរ៉េដូច្នេះ៖«គ្រឿងចក្រទាំងនេះនឹង​បម្រើឱ្យការងារ​ហ្វឹកហ្វឺនមុននឹងចល័តកងកម្លាំងទៅតំបន់បេសកកម្មកាន់តែមានប្រសិទ្ធភាព ដ្បិតកម្លាំងទាំងអស់ ត្រូវប្តូរវេនជារៀងរាល់ឆ្នាំ និងតម្រូវឱ្យទទួលបានការហ្វឹកហ្វឺនមុនចល័ត ដើម្បីដើរឱ្យទាន់សភាពការណ៍ មុននឹងធ្វើយុទ្ធដំណើរទៅកាន់​តំបន់​បេសកកម្ម»។ 
 
ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េខាងត្បូងនេះ មិនត្រឹមតែសម្រាប់អនុវត្តគម្រោងត្រីភាគីប៉ុណ្ណោះទេ តែក៏បានឆ្លុះបញ្ចាំងពីការរួមចំណែក​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព លើ«សកម្មភាពដើម្បីសន្តិភាពបូក »ដែលបានកែ​តម្រូវថ្មី ដោយ អង្គការសហប្រជាជាតិ ដែលសង្កត់ធ្ងន់លើការពង្រឹង​ភាព​ជាដៃគូរទាំងទ្វេរភាគី និងពហុភាគី។
 
ទន្ទឹមនោះ វាក៏ជាការផ្ដល់​ទំនុក​ចិត្ត និងពង្រឹង សមត្ថភាពដល់កម្លាំងរក្សាសន្តិភាព ឱ្យអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធិភាព និងសុវត្តិភាព ដូចការតាំងចិត្តរបស់រដ្ឋាភិបាល​កូរ៉េ អំឡុងពេលកូរ៉េ​ធ្វើជាម្ចាស់ផ្ទះ​លើកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីស្ដីពីការរក្សាសន្តិភាព កាលពីខែ ធ្នូ ឆ្នាំ២០២១៕
 

Tag:
 ជំនួយ
  កូរ៉េ
  គ្រឿងចក្រ
  ហ្វឹកហ្វឺន
© រក្សាសិទ្ធិដោយ thmeythmey.com