ជាតិ
សេដ្ឋកិច្ច
ច្រកចេញចូលតែមួយទូទាំងរាជធានី-ខេត្ត រកចំណូលបាន២៨លានដុល្លារ នៅឆ្នាំ២០២២
23, Feb 2023 , 9:59 pm        
រូបភាព
ការរិយាល័យច្រកចេញចូលតែមួយ។ រូបពី រដ្ឋបាលខេត្តសែនសុខ
ការរិយាល័យច្រកចេញចូលតែមួយ។ រូបពី រដ្ឋបាលខេត្តសែនសុខ
ភ្នំពេញ៖ ឆ្នាំ២០២២ ច្រកចេញចូលតែមួយទូទាំងរាជធានី-ខេត្ត ផ្តល់សេវារដ្ឋបាលបានជាង ៦៩ម៉ឺនសេវា និងទទួលបានចំណូលជាង២៨លានដុល្លារ។ នេះបើតាមលោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ថ្លែងនៅពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ។

 
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យ កាន់តែប្រសើរឡើង ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងដាក់ឱ្យអនុវត្តនូវសេចក្ដីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំ សង្កាត់ បន្ថែមទៀត។ លោក ប៉ោ ភក្តិ បានបន្ថែមថា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ វិញ ក្នុងឆ្នាំ២០២២ ផ្ដល់សេវារដ្ឋបាលចំនួន ១.៥លានសេវា និងទទួលបានចំណូលសរុបជាង២.៧លានដុល្លារ។
 
ទន្ទឹមនឹងនេះ ការិយាល័យប្រជាពលរដ្ឋនៅរាជធានី-ខេត្ត ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១.២៦៧ ករណីនៅឆ្នាំ២០២២។ ក្នុងចំណោមករណីទាំងនេះ មានបណ្ដឹងដោះស្រាយជាមួយសមត្ថកិច្ច ចំនួន៧៦៧ករណី ហើយឈានដល់ការបញ្ចប់មាន៧១២ករណី។ ចំណែក បណ្តឹងនិងព័ត៌មានផ្សេងៗ ប្រមាណ៥០០ទៀត ត្រូវបានដោះស្រាយក្រៅប្រព័ន្ធសមត្ថកិច្ច។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com