កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះ៖ វឿន វាសនា ចាត់ទុកបទពិសោធន៍លេងនៅក្លិបវៀតណាម ជាការត្រៀមខ្លួនដ៏ល្អ នៅស៊ីហ្គេម២០២៣
23, Feb 2023 , 6:29 pm        
រូបភាព
កីឡាករបាល់ទះក្នុងសាលកម្ពុជា វឿន វាសនា (ស) ពេលប្រកួតមិត្តភាពជាមួយបារាំង(ខៀវ)។
កីឡាករបាល់ទះក្នុងសាលកម្ពុជា វឿន វាសនា (ស) ពេលប្រកួតមិត្តភាពជាមួយបារាំង(ខៀវ)។
ដោយ:
លោក វឿន វាសនា ជាកីឡាករកម្ពុជាដំបូង ដែលប្រកបអាជីពនៅលីគបាល់ទះ ក្នុងសាលនៃប្រទេសវៀតណាម​ Lavie Long An។ ស្មាត់ប្រយុទ្ធបាល់វែង នៃក្រុមបាល់ទះជម្រើសជាតិកម្ពុជា លើកឡើងថា ការចេញទៅទឹកដីវៀតណាមជាលើកទី២នេះ នឹងជួយខ្លួនឱ្យទទួលបានបទពិសោធថ្មីបន្ថែមទៀត សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

 
«ទោះបីជារាងកៀកព្រឹត្តិការណ៍ស៊ីហ្គេមក៏ដោយ យើងទៅវៀតណាមនេះ គឺមិនមែនទៅដើរលេងទេ​ គឺយើងទៅដើម្បីចូលរួមលេងនៅក្លិបគេដើម្បីប្រកួតប្រជែង។ អ៊ីចឹង! ខ្ញុំគិតថាពួកយើងទៅចូលរួមនៅក្លិបវៀតណាមនេះ គឺយើងអាចទទួលបានបទពិសោធថ្មីផ្សេងទៀតសម្រាប់ស៊ីហ្គេម»។ កីឡាករ វឿន វាសនា និយាយដូច្នេះ។ 
 
កីឡាករ វឿន វាសនា រំពឹងថា ការបង្ហាញខ្លួននៅក្នុងក្លិបវៀតណាម នឹងកាន់តែល្អជាងមុន ខណៈការប្រកួតខិតមកដល់។ «ការចេញទៅវៀតណាមលើកនេះ ខ្ញុំគិតថាល្អជាងលើកមុន ព្រោះថាកៀកស៊ីហ្គេម យើងទទួលបានបទពិសោធភ្លាម យើងត្រលប់មកកម្ពុជាភ្លាម យើងនឹងប្រកួតភ្លាមតែម្តង»។ វឿន វាសនា និយាយបែបនេះ។
 
ចំណែកលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បញ្ជាក់ថា តម្លៃខ្លួន វឿន វាសនា លើកទីពីរនេះ គឺគុណនឹងពីរ បើធៀបលើកមុន ដែលមានតម្លៃខ្លួនជាង១ម៉ឺនដុល្លារ ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«ខ្ញុំបានទម្លាយជាព័ត៌មាន ប៉ុន្តែជាប្រហើរៗទេ ថាកីឡាករ វឿន វាសនា គាត់នឹងចេញទៅក្រៅប្រទេសជាប់កាតព្វកិច្ចទៅក្លិបដដែល (Lavie Long An) ដែលឆ្នាំមុន(២០២២)តម្លៃខ្លួនរបស់គាត់ជាង១ម៉ឺន ហើយឆ្នាំនេះ(២០២៣)តម្លៃខ្លួនរបស់គាត់គុណនឹងពីរ(ស្មើជាង២ម៉ឺនដុល្លារ)»៕
 
 
 

Tag:
 កីឡាបាល់ទះ
 វឿន វាសនា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com