ជាតិ
រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យ​គម្រោង ASPIRE-AT គិតគូរ​លើ​ការ​ប្រើបច្ចេកវិទ្យាក្នុងវិស័យកសិកម្មទំនើប
24, Feb 2023 , 7:59 am        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ដើរទស្សនាពិព័រណ៍ផលិតផលកសិកម្ម នៅក្នុង​ពិធីបើកសិក្ខាសាលាASPIRE-AT
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ដើរទស្សនាពិព័រណ៍ផលិតផលកសិកម្ម នៅក្នុង​ពិធីបើកសិក្ខាសាលាASPIRE-AT
ភ្នំពេញ៖ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ឱ្យ​គម្រោង ASPIRE-AT គិតគូរ​លើ​ការ​ប្រើបច្ចេកវិទ្យាក្នុងវិស័យកសិកម្មទំនើប ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ។

 
លោក ឌិត ទីណា ដែលបានចូលរួមបើក​សិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធី ASPIRE-AT នៅថ្ងៃទី២៣ កុម្ភៈ បានប្រាប់ឱ្យក្រុមការងារអនុវត្តគម្រោងនេះ ត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដែលចំណាយតិច ដូចជាប្រព័ន្ធបង្ហូរ ការប្រើប្រាស់ថាមពលព្រះអាទិត្យឬសូឡា ការប្រើប្រាស់ភ្លើងបូមទឹកពេលយប់ជាដើម។ ជាមួយ​គ្នានេះលោក ជំរុញឱ្យមានការ​ចងក្រងសហគមន៍កសិកម្ម និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ព្រមទាំងទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ដើម្បីទទួលបានប្រាក់ចំណេញដល់គ្រប់ភាគី។


លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពីហ្វេសប៊ុក​ក្រសួង​កសិកម្ម
 
«គម្រោងត្រូវគិតគូរលើការប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងវិស័យកសិកម្មទំនើប(Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ(Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតក្នុងការកាត់បន្ថយការចំណាយ»។ នេះជា​ការ​លើក​ឡើងរបស់ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម។
 
គម្រោង ASPIRE-ATនេះ មានរយៈពេល ៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ដូចជា បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិតផលផ្លែឈើកែច្នៃ។ ថ្លែង​ក្នុង​ពិធីបើកសិក្ខាសាលានេះ លោក ឌិត ទីណា បាន​អរ​គុណចំពោះមូលនិធិ IFAD និងដៃគូសហការ ដែលរួមចំណែកជួយរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាកសិករចាកចេញពីភាពក្រីក្រ។ នេះ​បើតាមហ្វេសប៊ុក​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ។
  

ពិធីបើកសិក្ខាសាលាស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ។ រូបភាពពីហ្វេសប៊ុក​ក្រសួង​កសិកម្ម
 
រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លើក​ឡើងថា​ គោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ដោយមិនត្រូវបន្តឱ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ។ បើតាម​លោក ឌិត ទីណា គោលនយោបាយនេះ រំពឹងថានឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពគម្រោង។ 
 
គួរប​ញ្ជាក់ថា សិក្ខាសាលានេះ ធ្វើ​ឡើង​ដើម្បីប្រកាសជាផ្លូវការអំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ទៅកាន់ភាគីពាក់ព័ន្ធ ពិភាក្សា និងបញ្ជាក់ពីយុទ្ធសាស្ត្រ, វិធីសាស្ត្រនៃការអនុវត្តកម្មវិធី, ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣។ 
 

 ពិធីបើកសិក្ខាសាលាស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ។ រូបភាពពីហ្វេសប៊ុក​ក្រសួង​កសិកម្ម
 

Tag:
 កសិកម្ម​
  បច្ចេកវិទ្យា​
  កសិកម្ម​ទំនើប
  កសិកម្ម​ឆ្លាត​វៃ​
© រក្សាសិទ្ធិដោយ thmeythmey.com