អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ី សន្យាពង្រឹងកម្លាំងនុយក្លេអ៊ែរ ក្រោយព្យួរសន្ធិសញ្ញាជាមួយអាម៉េរិក
23, Feb 2023 , 10:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៣ ខែកុម្ភៈ បានប្តេជ្ញាពង្រឹងកម្លាំងអាវុធនុយក្លេអ៊ែរ ក្រោយផ្អាកការអនុវត្តសន្ធិសញ្ញា New START ជាមួយអាម៉េរិក។ ប្រកាសនេះ ធ្វើឡើងមុនមួយថ្ងៃនៃខួបរុស្ស៊ីឈ្លានពានអ៊ុយក្រែន។



ក្រោយប្រកាសព្យួរសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរតែមួយគត់ជាមួយអាម៉េរិក លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសពង្រឹងកម្លាំងអាវុធនុយក្លេអ៊ែរ។ 
 
«ដូចពេលមុន យើងនឹងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងកម្លាំងអាវុធនុយក្លេអ៊ែរទាំងបី (Nuclear Triad)»។ លោកពូទីនបានសង្កត់ធ្ងន់បែបនេះ នៅក្នុងថ្ងៃទី២៣ ខែកុម្ភៈ។ កម្លាំងអាវុធនុយក្លេអ៊ែរទាំងបី (Nuclear Triad) សំដៅដល់អាវុធនុយក្លេអ៊ែរ ដែលបំពាក់លើដី ក្នុងសមុទ្រ និងអាកាស។ 
 
ទន្ទឹមនេះ លោកពូទីន បានជំរុញឱ្យមានការបង្កើនការផលិតប្រព័ន្ធមីស៊ីលមានល្បឿនលឿនជាងសំឡេង Kinzhal និងចាប់ផ្តើមបង្កើនការផ្គត់ផ្គង់មីស៊ីលមានល្បឿនលឿជាងសំឡេង Zircon។ មីស៊ីល Kinzhal ជាប្រភេទបាញ់ចេញពីដែនអាកាស ខណៈមីស៊ីល Zircon បានចេញពីក្នុងទឹក។ 
 
បន្ថែមពីនេះ លោកពូទីន ក៏បានបញ្ជាក់ផងដែរថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បានច្រើនគ្រាប់ អាចនឹងពង្រាយនៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។ 
 
ការព្យួរសន្ធិសញ្ញា New START របស់រុស្ស៊ី មិនមែនជាការដើរចេញឡើយ ប៉ុន្តែអាម៉េរិក អាចនឹងបាត់បង់សិទ្ធិក្នុងការត្រួតពិនិត្យទីតាំងស្តុកអាវុធនុយក្លេអ៊ែរទាំង១៨ របស់រុស្ស៊ី។ ក្រោមសន្ធិសញ្ញា New START ប្រទេសទាំងពីរ មិនត្រូវអនុញ្ញាតឱ្យពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរលើសពី ១៥៥០ និងមានគ្រាប់បែក រួមទាំងមីស៊ីលចម្ងាយត្រឹម ៧០០គ្រាប់។ សន្ធិសញ្ញាដដែល បានកំណត់ឱ្យប្រទេសទាំងពីរពង្រាយមីស៊ីលអន្តរទ្វីបត្រឹម ៨០០គ្រាប់ប៉ុណ្ណោះ។ 
 
ក្រោយការប្រកាសរបស់លោកពូទីន ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន បានចាត់ទុកការព្យួរនោះ ជាកំហុសដ៏ធំរបស់រុស្ស៊ី។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ជាថ្មីថា រុស្ស៊ីនៅតែបន្តផ្តល់ព័ត៌មានឱ្យអាម៉េរិក ជុំវិញការសាកល្បងមីស៊ីលបាលីស្ទិក ដើម្បីរក្សាភាពចាំបាច់នៃការរំពឹងទុកជាមុន៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
 ​ នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com