កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Fred និង Antony ជួយ Man Utd វាយបកឈ្នះ Barca ឡើងវគ្គ១៦ក្រុម
24, Feb 2023 , 10:29 am        
រូបភាព
Manchester United បានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Europa League ក្រោយវាយបកឈ្នះ Barcelona នៅជំនួបជើងទី២ ក្នុងការប្រកួតជម្រុះ play-off ក្នុងលទ្ធផល ២-១។ ដោយជើងទី១នៅ Nou Camp ក្រុមទាំងពីរស្មើគ្នា ២-២ ដូច្នេះសរុបទាំងពីរជើង Man Utd ឈ្នះ Barca ៤-៣។



នាជំនួបជើងទី២នៅ Old Trafford ថ្ងៃទី២៣ ខែកុម្ភៈ ក្រុមភ្ញៀវ Barcelona រកបានគ្រាប់នាំមុខមុននៅនាទី១៨ ដែលធ្វើបានដោយ Robert Lewandowski តាមរយៈការស៊ុតបាល់ពិន័យប៉ណាល់ទី។ លទ្ធផល ១-០ បានបន្តរហូតបញ្ចប់វគ្គទី១។
 
ចូលដល់វគ្គទីពីរ ត្រឹម២នាទីដំបូង Fred សម្រេចបានគ្រាប់តាមស្មើឱ្យ Man Utd វិញ មុនពេលមិត្តរួមជាតិប្រេស៊ីល Antony ដែលប្តូរចូល Wout Weghorst នៅដើមវគ្គទី២ បន្ថែមគ្រាប់បាល់ជ័យជម្នះនៅនាទី៧៣។ បញ្ចប់ការប្រកួតបិសាចក្រហមឈ្នះក្រុមអ្នកមានបុណ្យ ២-១។
 
តាមរយៈលទ្ធផលទាំងពីរជើង ៤-៣ Man Utd ក្រោមការដឹកនាំរបស់លោក Erik ten Hag ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌលំដាប់ទីពីរអឺរ៉ុប នៅរដូវកាល២០២២-២៣ នេះ។
 
ដោយឡែកសម្រាប់ Barcelona ដែលមានលោក Xavi Hernandez ជាអ្នកចាត់ការទូទៅ នេះជាលើកទី១ហើយសម្រាប់ពួកគេដែលមិនអាចឆ្លងដល់វគ្គ១៦ក្រុមនៅពានរង្វាន់អឺរ៉ុប គិតចាប់តាំងពីរដូវកាល១៩៩៨-៩៩មក។
 
Juventus ក៏បានឡើងទៅវគ្គបន្តផងដែរ បន្ទាប់ពី Angel Di Maria ធ្វើបាន hat-trick ដើម្បីជួយក្រុមឈ្នះ Nantes ៣-០ និងសរុបទាំងពីរជើង ៤-១។
 
ក្រុមដែលឆ្លងផុតវគ្គ play-0ff ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយផ្សេងទៀតរួមមាន Shakhtar Donetsk, Roma, Union Berlin, Sporting CP, Bayer Leverkusen និង Sevilla។
 
លទ្ធផការប្រកួតគូផ្សេងទៀតក្នុងវគ្គជម្រុះ១៦ក្រុមជើងទី២មាន៖
 
Monaco ២–៣ Bayer Leverkusen
 
PSV ២–០ Sevilla
 
FC Midtjylland ០–៤ Sporting CP
 
Union Berlin ៣–១ Ajax
 
Roma ២–០​ FC Salzburg
 
Rennes ២-១ Shakhtar Donetsk៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com