ជាតិ
សម្ដេច ហ៊ុន សែន ឱ្យក្រសួងអប់រំ ពិភាក្សាជាមួយឡាវ លើបញ្ហាប្រាក់ឧបត្ថម្ភនិស្សិតអាហារូបករណ៍
24, Feb 2023 , 10:59 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយភាគីឡាវ លើបញ្ហាប្រាក់ឧបត្ថម្ភ សម្រាប់អាហារូបករណ៍របស់និស្សិត ដែលសិក្សានៅក្នុងប្រទេសឡាវ។



ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ(RUPP)ជាង ៧ពាន់នាក់ នាថ្ងៃទី២៤ កុម្ភៈ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ភាគីកម្ពុជា និងឡាវ បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភលើថ្លៃអាហារូបករណ៍របស់និស្សិត ១៨០ដុល្លារ ក្នុង១នាក់។ សម្រាប់កម្ពុជា មិនជាបញ្ហាចោទទេ លើការផ្ដល់ប្រាក់នេះ។ ប៉ុន្តែខាងភាគី ហាក់ដូចជាមានបញ្ហា។
 
សម្ដេច ហ៊ុន សែន ដែលបានទទួលព័ត៌មានពីនិស្សិតកម្ពុជា សិក្សានៅក្នុងប្រទេសឡាវនោះ បានឮពួកគេត្អូញត្អែរពីបញ្ហាប្រាក់ឧបត្ថម្ភពីខាងភាគីឡាវ ដែលមិនគ្រប់តាមចំនួន។ ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តីកម្ពុជា បានពន្យល់ថា ភាគីឡាវ បានបើកប្រាក់ឧបត្ថម្ភដល់និស្សិតអាហារូបករណ៍ ជារូបិយបណ្ណជាតិឡាវ ដែលមានតម្លៃទាបជាងប្រាក់ដុល្លារ ហើយវាមិនគ្រប់ចំនួន តាមការព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ។
 
«អ៊ីចឹងទេ បានជាខ្ញុំស្នើនាយករដ្ឋមន្ត្រីរបស់ឡាវ ថា ដើម្បីកុំឱ្យមានការលំបាកទៅលើបញ្ហាការប្ដូរប្រាក់ យើងគួរតែស្រុះស្រួលគ្នា ផ្ដល់ជាប្រាក់ដុល្លារតែម្ដងទៅ។ យើងផ្ដល់ប្រាក់ដុល្លារដល់និស្សិតឡាវ​នៅកម្ពុជា ឯឡាវផ្ដល់ប្រាក់ដុល្លារដល់និស្សិត​កម្ពុជា នៅឡាវ។ យើងរកវិធីសម្របសម្រួលគ្នារឿងហ្នឹង ដើម្បីកាត់បន្ថយការលំបាករបស់និស្សិតសិក្សានៅប្រទេសឡាវ ដែលមានអតិផរណាខ្ពស់»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្រាប់និស្សិតសិក្សានៅវៀតណាម ថៃ ចិន និងប្រទេសដទៃទៀត ពុំមានបញ្ហានោះទេ ដោយសារម្ចាស់ផ្ទះ ទទួលខុសត្រូវក្នុងការចិញ្ចឹមនិស្សិតនៅទីនោះ។
 

Tag:
 ហ៊ុន សែន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com