អន្តរជាតិ
ស្ត្រីអាហ្វហ្កានីស្ថានប្រឈមនឹងគ្រោះថ្នាក់បន្ថែមទៀត ប្រសិនលោកខាងលិចដកជំនួយ
24, Feb 2023 , 11:59 am        
រូបភាព
អង្គការវិបត្តិអន្តរជាតិ International Crisis Group (ICG) បានលើកឡើងនៅក្នុងរបាយការណ៍មួយចេញនៅថ្ងៃទី២៣ខែកុម្ភៈថា បណ្តាប្រទេសលោកខាងលិចបានប្រថុយបង្កគ្រោះថ្នាក់បន្ថែមទៀត​ដល់​ស្ត្រីអាហ្វហ្កានីស្ថានតាមរយៈការដកមូលនិធិនិងផ្អាកប្រតិបត្តិការនៅប្រទេសនេះដើម្បីប្រឆាំងនឹង​គោលនយោបាយរបស់ក្រុមតាលីបង់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ត្រី។

 
បើតាមអង្គការវិបត្តិអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល មហាអំណាចខាងក្រៅគួរតែចាប់​ក្រុមតាលីបង់ឱ្យទទួលខុសត្រូវចំពោះការហាមឃាត់ស្រ្តី និងក្មេងពីការទទួលបានការអប់រំថ្នាក់មធ្យម​សិក្សា និងសកលវិទ្យាល័យ និងធ្វើការឱ្យអង្គកាក្រៅរដ្ឋាភិបាល។ ប៉ុន្តែ​ពួកគេ​គួរតែ​ជៀសវាង​ការ​ចាក​ចេញពីប្រទេសនេះ និងទុកឱ្យស្ត្រីអាហ្វហ្កានីស្ថានមិនទទួលបានសេវាគាំទ្រណាមួយនោះ។
 
«ម្ចាស់ជំនួយកំពុងងាកចេញពីអាហ្វហ្កានីស្ថានដោយស្អប់ខ្ពើមចំពោះការរឹតត្បិតរបស់ពួកតាលីបង់លើសេរីភាពជាមូលដ្ឋានរបស់ស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ ការកាត់ជំនួយជាការផ្ញើសារ​អំពី​សិទ្ធិ​ស្ត្រី​នឹង​ធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់សម្រាប់ជនជាតិអាហ្វហ្កានីស្ថានទាំងអស់»។ ទីប្រឹក្សា​ជាន់ខ្ពស់របស់ ICG នៅអាហ្វហ្កានីស្ថានលោក Graeme Smith លើកឡើងបែបនេះ។
 
កន្លងមក អង្គការសប្បុរសធម៌ជាច្រើនបានផ្អាកប្រតិបត្តិការរបស់នៅអាហ្វហ្កានីស្ថានក្នុងខែធ្នូតាមការសម្រេចរបស់រដ្ឋអំណាចតាលីបង់ តែក៏អំពាវនាវឱ្យពួកតាលីបង់ផ្លាស់ប្តូរការសម្រេចចិត្ត​របស់ខ្លួន​ក្នុង​ការ​ហាម​ឃាត់បុគ្គលិកមនុស្សធម៌ជាស្ត្រីដែលធ្វើការឱ្យទីភ្នាក់ងារជំនួយ។ ប្រហែលមួយ​ភាគបី​នៃកម្លាំង​ការងារ​របស់ ទីភ្នាក់ងារមនុស្សធម៌នានាជាស្ត្រីតែម្ដង។
 
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com