អន្តរជាតិ
កាសែត Wall Street ៖ អាម៉េរិក នឹងបង្កើនចំនួនយោធានៅតៃវ៉ាន់ដើម្បីហ្វឹកហ្វឺនទ័ព
24, Feb 2023 , 2:18 pm        
រូបភាព
អាម៉េរិកគ្រោងបង្កើនចំនួនកងកម្លាំងយោធាដាក់ពង្រាយនៅតៃវ៉ាន់ ដើម្បីជួយបណ្តុះបណ្តាលកងទ័ពរបស់កោះនេះ។ នេះបើតាមការរាយការណ៍របស់កាសែត Wall Street Journal នៅថ្ងៃទី២៣ ខែកុម្ភៈ។



កាសែត​ Wall Street Journal បានរាយការណ៍ថា ការដាក់ពង្រាយកម្លាំងយោធាអាម៉េរិកនៅកោះតៃវ៉ាន់នឹងមានចន្លោះពី១០០ទៅ២០០នាក់ ហើយនឹងធ្វើឡើងនៅប៉ុន្មានខែខាងមុខនេះ។ នេះជាការកើនឡើងច្រើនមួយព្រោះកាលពីឆ្នាំមុនទ័ពអាម៉េរិកនៅតៃវ៉ាន់មានប្រហែល៣០នាក់ប៉ុណ្ណោះ។ កងទ័ពអាម៉េរិកនឹងបណ្តុះបណ្តាលកងទ័ពតៃវ៉ាន់ផ្ដោតលើសមយុទ្ធយោធា ក៏ដូចជាការប្រើប្រព័ន្ធអាវុធរបស់អាម៉េរិក។
 
មុនមានរបាយការណ៍នេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ធ្លាប់លើកឡើងស្របថា តៃវ៉ាន់នឹងជំរុញការផ្លាស់ប្ដូរចំណេះដឹងផ្នែកយោធាជាមួយអាម៉េរិក។ 
 
«តទៅមុខទៀត តៃវ៉ាន់នឹងសហការកាន់តែសកម្មជាមួយអាម៉េរិក និងដៃគូប្រជាធិបតេយ្យផ្សេងទៀត ដើម្បីប្រឈមមុខនឹងបញ្ហាជាសកល ដូចជាការពង្រីកអំណាចផ្តាច់ការ និងការប្រែប្រួលអាកាសធាតុ»។ លោកស្រី Tsai លើកឡើងបែបនេះកាលពីថ្ងៃទី២១ ខែកុម្ភៈ។
 
កន្លងមក​ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធយ៉ាងខ្លាំងលើផ្នែកយោធា ការទូត និងសេដ្ឋកិច្ចរបស់តៃវ៉ាន់ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីអាម៉េរិក។ អាម៉េរិកជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុតរបស់កោះតៃវ៉ាន់ ហើយបានផ្តល់ការបណ្តុះបណ្តាលឱ្យកងទ័ពតៃវ៉ាន់អំពីប្រព័ន្ធសព្វាវុធ ក៏ដូចជាការណែនាំលម្អិតអំពីវិធីពង្រឹងយោធារបស់ខ្លួន ដើម្បីការពារការឈ្លានពានរបស់ចិននៅថ្ងៃណាមួយ៕ 
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com