ជាតិ
សុខភាព
រកឃើញករណីផ្តាសាយបក្សី H5N1 លើមនុស្សម្នាក់​ទៀតនៅព្រៃវែង
24, Feb 2023 , 2:25 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែកុម្ភៈ នេះ បានប្រកាសពីការរកឃើញករណីទីពីរនៃជំងឺផ្តាសាយបក្សីលើមនុស្សនៅកម្ពុជា និងជាករណីទី៥៨ បើគិតទាំងរបាយការណ៍កាលពី៩ឆ្នាំមុន។ ករណីចុងក្រោយនេះ គឺជាឪពុករបស់កុមារីអាយុ១១ឆ្នាំ នៅភូមិ រលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ។



បុរស​អាយុ៤៩​ឆ្នាំ រូបនេះ ស្ថិតក្នុងចំណោម​មនុស្ស១២នាក់ ដែលបាន​ប៉ះពាល់​កុមារី ពោលគឺ​ជាកូន​ស្រី​របស់គាត់។ វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ ធ្វើ​ការ​វិភាគ​វត្ថុ​សំណាក បង្ហាញ​ថា គាត់វិជ្ជមាន​វីរុស​ផ្តាសាយ​បក្ស ប្រភេទ ហាស់​៥ អ៊ិន​១ (H5N1) ប៉ុន្តែមិនទាន់​ចេញ​រោគសញ្ញា​ដ៏គួរឱ្យកត់សម្គាល់នោះឡើយ។

នេះជាករណីទីពីរ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៣ ប៉ុន្តែ​ជាករណីទី៥៨ បន្ទាប់ពីមិន​បាន​រកឃើញអស់​រយៈពេល​៩​ឆ្នាំ​កន្លងមក។ ក្នុង​ចំណោម​ករណីទាំង​៥៨ មាន​៤៥ករណីកើតលើ​កុមារអាយុក្រោម​១៤​ឆ្នាំ ៣១ករណី​ជានារី។ បើគិតចាប់តាំងពី​ឆ្នាំ​២០០៥មក អ្នកកើត H5N1 តែ​១៩ករណីប៉ុណ្ណោះ ដែល​នៅមានជីវិត។
 
 ជាថ្មីម្តងទៀត លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើន​រំលឹកពលរដ្ឋឱ្យ​បន្ត​ការប្រុងប្រយ័ត្ន ជាពិសេស​កុមារ​ដែលតែងតែ​លេង និងឱ្យ​ចំណី​បុសបក្ស​ក្នុង​ស្រុក និង​សកម្ម​ភាពផ្សេងៗដែល​ប៉ះពាល់ជាមួយ​សត្វ។

«ឪពុកម្តាយ អាណាព្យាបាល និងអ្នក​ថែទាំកុមារទាំងអស់ ត្រូវប្រាកដ​ថា កុមារឧស្សាហ៍លាង​ដៃជាមួយ​សាប៊ូ ទឹក​ស្អាត មុនពេល និង​ក្រោយពេល​បរិភោគអាហារ និង​បន្ទាប់ពី​ប៉ះជាមួយ​បសុ​បក្សី»។ លោករដ្ឋមន្ត្រីបាន​រំលឹក​យ៉ាងដូច្នេះ។

សម្រាប់ព័ត៌មានទាន់ហេតុការណ៍ ពលរដ្ឋអាចទាក់ទង​ទៅក្រសួង​សុខាភិបាល​តាម​រយៈលេខ ១១៥ ឬ​លេខ ០១២ ៤៨៨ ៩៨១ /០១២ ៨៣៦ ៨៦៨៕

© រក្សាសិទ្ធិដោយ thmeythmey.com