ជាតិ
លោក យន់ សុវណ្ណារិទ្ធ៖ ពីឈ្មួញដើរទិញត្រី ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រី​ធំៗ ៣កន្លែង
25, Feb 2023 , 9:29 am        
រូបភាព
ភ្នំពេញ៖ លោក យន់ សុវណ្ណារិទ្ធ ដែលជាឈ្មួញដើរទិញត្រីកាលពី១០ឆ្នាំមុន បានអភិវឌ្ឍន៍​ខ្លួនទៅជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីធំៗចំនួន ៣កន្លែង។ មូលហេតុនាំឱ្យលោក ងាកមកចិញ្ចឹមត្រីដោយខ្លួនឯង ព្រោះចង់ឃើញវិស័យវារីវប្បកម្ម នៅកម្ពុជាមានភាពរីកចម្រើន និងកាត់បន្ថយការនាំចូលពីបរទេស។ ក្នុងវិស័យមួយនេះ លោក យន់ សុវណ្ណារិទ្ធ ទទួលបានផ្លែផ្កាយ៉ាងខ្លាំង ពីទីផ្សារក្នុងស្រុក ខណៈផែនការនាំត្រីប្រា ទៅចិនអាចនឹងកើតឡើងឆាប់ៗ។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង​លោក ឈុំ ចន្ថា អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ​លោក យន់ សុវណ្ណារិទ្ធ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ដូចត​ទៅ​៖

 
ក្នុងបទសម្ភាស ជាមួយសារព័ត៌មាន Thmey Thmey 25  លោក យន់ សុវណ្ណារិទ្ធ បានលើកឡើងថា ការឈានចូលក្នុង វិស័យវារីវប្បកម្ម ពុំមែនជារឿងងាយស្រួលនោះទេ ព្រោះដំបូងឡើយ លោក គ្រាន់តែជាអ្នកដើរទិញត្រីតាមស្រះ ឬកសិដ្ឋានរបស់ពលរដ្ឋ យកទៅលក់បន្តប៉ុណ្ណោះ។ ប៉ុន្តែ ដោយឃើញថា កម្ពុជាខ្វះ​ខាតការផ្គត់ផ្គង់​ត្រី លោក ក៏បានសាកល្បងបង្កើតកសិដ្ឋានចិញ្ចឹមត្រីដោយខ្លួនឯង នៅឆ្នាំ២០១៣ ដែលកាលនោះ មានត្រឹម ២ស្រះប៉ុណ្ណោះ។ 
 
ពីមួយឆ្នាំទៅមួយឆ្នាំ លោក សុវណ្ណារិទ្ធ​ បានពង្រីកការចិញ្ចឹមកាន់តែធំឡើងៗ។ ជាក់ស្ដែង មកដល់​ពេលនេះ លោក សុវណ្ណារិទ្ធ មានកសិដ្ឋានចំនួន៣ ស្មើនឹង២០ស្រះ ដែលអាចផលិតត្រីបានប្រមាណ ៤តោន ក្នុងមួយថ្ងៃ។ ត្រីដែលលោកចិញ្ចឹម មាន៣ប្រភេទ គឺត្រីប្រា ពោ និងទីឡាបផ្យ៉ា។ គោលបំណងតែមួយគត់ របស់ម្ចាស់កសិដ្ឋានរូបនេះ គឺចង់ឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចេញពីបរទេស។  
 
លោក ប្រាប់ដូច្នេះថា៖«ខ្ញុំជាអ្នកបោះដុំត្រី នៅផ្សារព្រែកព្នៅ ហើយយើងបានបង្កើតក្រុមមួយ ដើរប្រមូលទិញពីកសិដ្ឋានរបស់ពលរដ្ឋ។ ដោយឃើញមាន កង្វះខាតនៃការផ្គត់ផ្គង់ត្រី ក៏យើងមានគំនិតថា បង្កើតកសិដ្ឋានចិញ្ចឹមត្រីមួយ ព្រោះអី កន្លងទៅ យើងនាំចូលតែពីប្រទេសជិតខាងប៉ុណ្ណោះ អ៊ីចឹង យើងធ្វើវារីវប្បកម្មនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់យើង ជាក់ស្ដែង»។ 
 
ចំណុចខ្លាំងរបស់លោក យន់ សុវណ្ណារិទ្ធ ក្នុងវិស័យវារីវប្បកម្មជាង ១០ឆ្នាំមកនេះ គឺមានទីផ្សារលក់ចេញដោយខ្លួនឯង និងបំពេញស្តង់ដារនៃការផលិតត្រឹមត្រូវ។ សព្វថ្ងៃ លោក មានកន្លែងចែកចាយត្រីធំមួយ នៅផ្សារព្រែកព្នៅ​ ក្រុងភ្នំពេញ។ ទោះបី ប្រឈមវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្សី-អ៊ុយក្រែន ប៉ុន្តែលោក យន់ សុវណ្ណារិទ្ធ រកប្រាក់ចំណេញបានប្រមាណ ១លាន ៣០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ បន្ទាប់ពីបែងចែកថ្លៃចំណាយលើធាតុចូលផ្សេងៗ។ 
 
មិនតែប៉ុណ្ណោះ កសិដ្ឋាន យន់ សុវណ្ណារិទ្ធ បានបំពេញលក្ខខណ្ឌស្ដង់ដារ និងអនាម័យ ក្នុងការនាំចេញត្រីប្រា លើកដំបូង ទៅកាន់ទីផ្សារចិនផងដែរ​។ ក្នុងឆ្នាំ ២០២២ ត្រីប្រា របស់លោក យន់ សុវណ្ណារិទ្ធ ត្រូវបានសាកល្បងនាំចេញ ១កុងតឺន័រ រួចហើយ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ដោយសារកំហុសបច្ចេកទេសកែច្នៃ របស់ក្រុមហ៊ុនបញ្ជាទិញ។ យ៉ាងណា ម្ចាស់កសិដ្ឋានរូបនេះ រំពឹងថា ត្រីប្រា របស់ខ្លួននឹងអាចបញ្ជ្រាប​ចូលទីផ្សារចិននាពេល​ខាង​មុខ​។​​
 
ការនាំចេញទៅចិននេះ ត្រូវគោរពតាមការលក្ខខណ្ឌរបស់គយចិន ទាំងបច្ចេកទេសនៃការចិញ្ចឹម និងអនាម័យ ជាដើម។ ត្រីប្រា របស់លោក យន់ សុវណ្ណារិទ្ធ ធ្លាប់បានពិសោធន៍ នឹងនាំទៅចិន ១តោនរួចហើយ ប៉ុន្តែត្រូវផ្អាកវិញ ដោយសារមានបញ្ហាលើបច្ចេកទេសកែច្នៃខាងភាគីចិន។ ទោះជាយ៉ាងណា លោក យន់ សុវណ្ណារិទ្ធ នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា ត្រីប្រា នឹងអាចនាំចេញទៅទីផ្សារចិន យ៉ាងទូលំទូលាយ នៅក្នុងឆ្នាំ ២០២៣នេះ៕   
 
 
 
 

Tag:
 កសិកម្ម
  វារីវប្បកម្ម
  ចិញ្ចឹមត្រី
© រក្សាសិទ្ធិដោយ thmeythmey.com