ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក សុខ វឿន ចូលរួមមហាសន្និបាតលើកទី១៧ ស្តីពីការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា
24, Feb 2023 , 3:42 pm        
រូបភាព
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមផ្តល់សុន្ទរកថាបើក ព្រមទាំងធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពសំខាន់ៗ និងជំហានបន្ទាប់នៃគណៈកម្មាធិការស្វ័យប្បញ្ញតិ្តស្តីពីលក្ខន្តិកៈនៃការផ្តល់ប្រាក់កម្ចី (Lending Guideline) និងក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (Code of Conduct) នៅក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៧ និងវេទិកាប្រចាំឆ្នាំលើកទី៣ ស្តីពីការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ។
 
មហាសន្និបាតប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ តួយ៉ាងមហាសន្និបាតលើកទី១៧ នាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ជាវេទិកាសម្រាប់កិច្ចពិភាក្សា ការផ្លាស់ប្តូរមតិយោបល់ អនុម័តលើផែនការយុទ្ធសាស្រ្ត និងយន្តការនានាសម្រាប់សមាគម និងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល។ 
  


ជាមួយគ្នានេះផងដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃភាពជាដៃគូយុទ្ធសាស្ត្រ រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អង្គការអន្តរជាតិ Water.org និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA)  ដើម្បីពង្រឹងការអនុវត្តកម្មវិធី WaterCredit ឱ្យកាន់តែមានភាពរឹងមាំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងដើម្បីលើកកម្ពស់ទឹកស្អាត និងអនាម័យ ដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅជនបទ។  
 
មហាសន្និបាតប្រចាំឆ្នាំលើកទី១៧ នាព្រឹកនេះ​ ក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដៃគូអភិវឌ្ឍ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ១៣០ នាក់៕
 




© រក្សាសិទ្ធិដោយ thmeythmey.com