ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ប្រើសំឡេងខ្លាំងៗដាក់ចៅហ្វាយខេត្ត និងមន្រ្តីមួយចំនួន ដែលសម្ងំយកតែសុខស្រួល
24, Feb 2023 , 4:05 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងសន្និបាតរបស់ក្រសួងការងារ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេច ស ខេង ថ្លែងក្នុងសន្និបាតរបស់ក្រសួងការងារ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនសប្បាយចិត្តនឹងអភិបាលរាជធានី-ខេត្ត រួមទាំងមន្រ្តីមួយចំនួនផ្សេងទៀត ដែលមានភាពអសកម្មក្នុងតួនាទី។ ខុសពីរាល់ដង លើកនេះ សម្តេច បានស្តីបន្ទោសមន្រ្តីទាំងនោះ ដោយប្រើពាក្យធ្ងន់ៗ និងសំឡេងខ្លាំងៗ។



ការមិនដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ការមិនប្រឹងប្រែងធ្វើកិច្ចការ និងការទប់ស្កាត់គ្រឿងញៀន ជាដើម សុទ្ធតែជាបញ្ហា ដែលសម្តេច ស ខេង បានស្តីបន្ទោសមន្រ្តី។ សម្តេច រំលេចឡើងនូវបញ្ហាទាំងនោះ ក្នុងសន្និបាតស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃ ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។  
 
ក្នុងចំណោមបញ្ហាទាំង៣ខាងលើ ការព្រងើយកន្តើយក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ហាក់ធ្វើឲ្យសម្តេច ស ខេង មិនសប្បាយចិត្តជាងគេ ហើយសម្តេច ក៏មិនអាចថ្នមសម្តីជាមួយអភិបាលរាជធានី-ខេត្តទៀតដែរ។ ក្នុយឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ទទួលបាន១៤៥បណ្តឹង ដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លី ពីប្រជាពលរដ្ឋក្នុងរាជធានី-ខេត្ត២២ ហើយក្រសួងមហាផ្ទៃ បានបញ្ជូនបណ្តឹងទាំងនោះ ទៅឲ្យរាជធានី-ខេត្តទាំង២២ ដោះស្រាយ។ 
 
ប៉ុន្តែ បណ្តឹងទាំង១៤៥នោះ មានត្រឹម៦បណ្តឹងប៉ុណ្ណោះ ដែលខេត្ត៥ បានដោះស្រាយ និងបញ្ជូនរបាយការណ៍ទៅក្រសួងមហាផ្ទៃ។ ខេត្តទាំង៥នោះ គឺ ខេត្តព្រះសីហនុ ដោះស្រាយបាន២បណ្តឹង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តកោះកុង និងខេត្តស្វាយរៀង សុទ្ធតែដោះស្រាយបាន១បណ្តឹងដូចគ្នា។ 
 
សម្តេច ស ខេង ជូនពាក្យទៅរាជធានី-ខេត្តដែលមិនដោះស្រាយបណ្តឹងថា «ស្ងាត់ដូចចោរលួចសេះ»។ សម្តេច រិះគន់ដូច្នេះថា៖«ធ្វើក៏មិនធ្វើ ដោះស្រាយក៏មិនដោះស្រាយ រាយការណ៍ក៏មិនរាយការណ៍។ អ៊ីចឹងឲ្យលោកឯង ទៅធ្វើភ្នាក់ងារដ្ឋាភិបាលខ្មោចយកអី បើសម្ងំសុខនៅនុ៎ង»។  
 
សំឡេង 



សម្តេច ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ដែលមិនទាន់ដោះស្រាយបណ្តឹង ត្រូវដោះស្រាយ។ សម្តេច បន្តថា បើមិនអាចដោះស្រាយបាន ដោយមានឧបសគ្គណាមួយ ត្រូវរាយកាណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីក្រសួងរកដំណោះស្រាយ។  
 
ចូលដល់រឿងដែលមន្រ្តីចាំតែថ្នាក់លើប្រាប់ ទើបញាប់ដៃញាប់ជើងធ្វើកិច្ចការ។ សម្តេច ស ខេង សង្កេតឃើញអាជ្ញាធរខ្លះមិនធ្វើការ បើថ្នាក់លើមិនស្រែក។ សម្តេច លើកករណីល្បែងស៊ីសង មកធ្វើជាទឡ្ហីករណ៍។ សម្តេច រម្លឹកពីរឿងនេះថា ទាល់តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជា ទើបអាជ្ញាធរ ផ្អើលនាំគ្នាបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន។ សម្តេច យល់ឃើញថា បើគ្រាន់តែថាល្បែងស៊ីសងក្នុងភូមិ-ឃុំ អាជ្ញាធរ មិនអាចបង្រ្កាបបានផង អាជ្ញាធរទាំងនោះ មិនអាចធ្វើកិច្ចការអ្វីផ្សេងទៀតកើតឡើយ។ 
 
សម្តេចរដ្ឋមន្រ្តី មានប្រសាសន៍បែបនេះថា៖«ខ្ញុំ ថា [រង់ចាំតែថ្នាក់លើស្រែក] អ៊ីចឹង មិនកើតទេ។ យើង អត់ដឹងភារកិច្ចរបស់យើងផង។ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និយាយប៉ប៉ាច់ប៉ប៉ោចជាមួយគ្នា តែទីបំផុតទៅអត់ធ្វើផង។ អ្នកឯងនិយាយៗទៅ ស្រេចតែខ្ញុំមិនធ្វើ។ អានេះហើយដែលជាបញ្ហា […]»។ 
 
សំឡេង 



ចំពោះរឿងគ្រឿងញៀន សម្តេច បានយកការធ្វើវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនមកនិយាយ។ សម្តេច លើកឡើងដូចមុនៗថា ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ត្រូវធ្វើវិសោធនកម្ម ដោយបន្ថែមមាត្រា ដែលហាមឃាត់អ្នកបើកបរយានយន្តគ្រប់ប្រភេទមិនឲ្យប្រើប្រាស់គ្រឿងញៀន។ 
 
មកដល់កន្លែងនេះ សម្តេច ក៏ហាក់ទើសចិត្តនឹងមន្រ្តី១ក្រុមក្នុងស្ថាប័នបង្ក្រាបបទល្មើសគ្រឿងញឿន ដែលសម្តេចជំរុញឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជុំវិញការបញ្ចូលចំណុចដែលហាមអ្នកបើកបរមិនឲ្យប្រើប្រាស់គ្រឿងញៀន តែបែរជាស្ងាត់ឈឹង ដោយមិនដឹងថា កិច្ចការនេះធ្វើដល់ណា។ 
 
សម្តេចឧបនាយករដ្ឋមន្រ្តី សម្តែងការងឿងឆ្ងល់លាយឡំជាមួយការស្តីឲ្យ យ៉ាងនេះថា៖«ក្រុមហ្នឹង ដូចជាធ្វើការ មិនធ្វើការម៉េចទេវី ខ្ញុំដូចជាឆ្ងល់ដែរ ខ្លាចអស់គ្រឿងញៀន អស់ការងារធ្វើឬយ៉ាងម៉េច! រឿងហ្នឹង មិនមែនធម្មតាទេ យើង ទទួលខុសត្រូវអនាគតកូនចៅយើង រាប់ទាំងកូនលោកឯង ចៅលោកឯងផង។ បើមិនស្រួលទេ កូនលោកឯងចៅលោកឯង នឹងក្លាយជាអ្នកញៀនគ្រឿនញៀន»។  
 
សំឡេង 



សម្តេច ចាត់ទុក ការកំណត់ក្នុងច្បាប់ ឲ្យកងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការស៊ីវិល និងអ្នកបើកបរយានយន្ត ជាអាទិ៍ ត្រូវធ្វើតេស្តរកសារជាតិញៀនជាមុន មុនឹងអនុញ្ញាតឲ្យចូលបម្រើការងារ ថាជាវិធានការសំខាន់១ ក្នុងការទប់ស្កាត់គ្រឿងញៀន។ សម្តេច សង្កត់ធ្ងន់ថា ការរួមគ្នាទប់ស្កាត់គ្រឿងញៀននេះ មន្រ្តីអាជ្ញាធរ មិនអាចបណ្តែតបណ្តោយ ឬបើកភ្នែកម្ខាង ហើយបិទភ្នែកម្ខាងឡើយ។ 
 
ចុងក្រោយ សម្តេច ផ្តាំមន្រ្តីអាជ្ញាធរ ឲ្យគិតប្រយោជន៍ជាតិជាធំមុន មិនមែនគិតប្រយោជន៍បុគ្គលឬប្រយោជន៍ក្រុមជាធំមុននោះទេ៕ 
 
    
 
 

Tag:
 សម្តេចសខេង
  មន្រ្តីអសកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com