អន្តរជាតិ
អូស្ត្រាលី​បញ្ជូន​ដ្រូន​ទៅ​អ៊ុយក្រែន និងដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី
24, Feb 2023 , 4:45 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស។ រូបថត AFP
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស។ រូបថត AFP
អូស្ត្រាលី កំពុងបញ្ជូនយន្តហោះដ្រូនបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដើម្បីវាយតបតនឹងរុស្ស៊ីក្នុងថ្ងៃខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ​ក្រែន។ ក្រៅតែពីផ្តល់ជំនួយបន្ថែម ​អូស្ត្រាលី​ក៏បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងបុគ្គល៩០នាក់ និងអង្គភាពចំនួន៤០របស់រុស្ស៊ីដែរ។



នៅខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ​ក្រែន អូស្ត្រាលីបានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែម ដែលផ្ដោតលើរដ្ឋមន្ត្រីរុស្ស៊ីដែលមើលការខុសត្រូវផ្នែកថាមពល ធនធាន និងឧស្សាហកម្ម និងបុគ្គលសំខាន់ៗក្នុងវិស័យការពារជាតិរួមមានក្រុមហ៊ុនផលិតសព្វាវុធ Kalashnikov Concern ក្រុមហ៊ុនអាកាសចរណ៍ Tupolev និងក្រុមហ៊ុនអភិវឌ្ឍន៍នាវាមុជទឹក Admiralty Shipyards ជាដើម។ រដ្ឋាភិបាលអូស្ត្រាលីក៏បានប្រកាសពីការផ្តល់យន្តហោះដ្រូនបន្ថែមដល់អ៊ុយក្រែនផងដែរ។
 
«យើងបន្តឈរជាមួយអ៊ុយក្រែន។ យន្តហោះដ្រូននឹងផ្ដល់នូវសមត្ថភាពស៊ើបការណ៍ ត្រួតពិនិត្យ និងឈ្លបយកការណ៍នៅសមរភូមិសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។ នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អាន់ថូនី អាល់បានីស លើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែកុម្ភៈ។
 
យ៉ាងណាមិញ លោកមិនបានបញ្ជាក់ច្បាស់ពីចំនួន​ ម៉ូដែលដ្រូន និងពីព័ត៌មានលម្អិតទាក់ទងនឹងយន្ដ​ហោះដ្រូននេះនៅឡើយ។ 
 
នៅមុនមួយថ្ងៃនៃខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី មេដឹកនាំរុស្ស៊ីក៏បានបង្អួតពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈអាម៉េរិក និងអង្គការណាតូបានចោទប្រកាន់ចិនថាកំពុងពិចារណាផ្គត់ផ្គង់អាវុធដល់រុស្សី។ 
 
អូស្ត្រាលី ដែលជាប្រទេសមួយក្នុងចំណោមអ្នកផ្ដល់ជំនួយច្រើនបំផុតឱ្យអ៊ុយក្រែន បានផ្គត់ផ្គង់ជំនួយ គ្រាប់រំសេវ និងឧបករណ៍ការពារ ហើយបានហាមឃាត់ការនាំចេញរ៉ែអាលុយមីញ៉ូម និងអាលុយមីញ៉ូម ទៅកាន់រុស្ស៊ី។
 
ចាប់តាំងពីជម្លោះបានចាប់ផ្តើម អូស្ត្រាលីបានផ្តល់ជំនួយផ្នែកយោធាប្រហែល៥០០លានដុល្លារអូស្ត្រាលីដល់អ៊ុយក្រែន។ អូស្រ្តាលីក៏បានចូលរួមក្នុងការបណ្តុះបណ្តាលទាហានអ៊ុយក្រែន និងបានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពរុស្ស៊ីជាង១ពាន់រួចមកហើយ៕
 

Tag:
 អូស្ត្រាលី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com