កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​John Motson អ្នកអត្ថាធិប្បាយបាល់ទាត់អង់គ្លេសដ៏ល្បី ទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំ
24, Feb 2023 , 5:09 pm        
រូបភាព
លោក John Motson អ្នកអត្ថាធិប្បាយបាល់ទាត់អង់គ្លេសដ៏ល្បីល្បាញមួយរូប បានទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំ។ នេះបើតាមការប្រកាសក្នុងសេចក្តីថ្លែការណ៍មួយពីសំណាក់ក្រុមគ្រួសាររបស់លោក Motson ថ្ងៃទី២៣ ខែកុម្ភៈ។



លោក Motson ដែលត្រូវបានគេនិយមហៅឈ្មោះក្រៅលោកថា«Motty» បានចាប់ផ្តើមធ្វើការងារលើការអត្ថាធិប្បាយកីឡាបាល់ទាត់នេះ នៅកម្មវិធីកីឡាបាល់ទាត់ដ៏ល្បីមួយរបស់ទូរទស្សន៍ BBC (Flagship soccer Highlights show Match of the Day)ចាប់តាំងពីឆ្នាំ ១៩៧១ មកម៉្លេះ។
 
ចាប់តាំងពីចូលធ្វើការផ្នែកនេះ ​លោកបានចូលរួមអត្ថាធិប្បាយបាល់ទាត់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ចំនួន ១០លើក និងពានរង្វាន់អឺរ៉ុប UEFA Euro ចំនួន ១០លើក និងការអត្ថាធិប្បាយនៅពានរង្វាន់ FA CUP វគ្គផ្តាច់ព្រ័ត្រចំនួន ២៩លើក សម្រាប់ BBC មុនពេលលោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៨។
 
លោក Motson ក៏បានក្លាយជា ​OBE ក្នុងឆ្នាំ ២០០១​ សម្រាប់ការផ្តល់សេវាកម្មផ្សព្វផ្សាយកីឡាដ៏អស្ចារ្យ ក្នុងប្រទេសអង់គ្លេស ។ លោកមានភាពល្បីល្បាញខ្លាំងជាមួយការពាក់អាវធំស្បែកដ៏ទាក់ទាញ ដែលលោកតែងពាក់រាល់ពេលធ្វើអត្ថាធិប្បាយ។ OBE គឺជាពានរង្វាន់គ្រឿងឥស្សរិយយសនៃចក្រភពអង់គ្លេស ដែលជាពានរង្វាន់ដែលមានឋានៈខ្ពស់ប្រចាំអង់គ្លេស។ 
 
ចំណែកការប្រកួតចុងក្រោយដែលលោកបានអត្ថាធិប្បាយនៅទូរទស្សន៍ BBC ក្នុងឆ្នាំ ២០១៨ ដែលជាពេលនៃការប្រកួត ​Crystal Palace ទល់ West Bromwich Albion។
 
«វាគឺជាការសោកស្តាយយ៉ាងខ្លាំងដែលយើងប្រកាសថាលោក John Motson OBE បានទទួលមរណភាពដោយស្ងប់ស្ងាត់ក្នុងដំណេករបស់លោកក្នុងថ្ងៃនេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារលោក Motson។
 
ចំពោះការបាត់បង់នូវបុគ្គលដ៏មានសមត្ថភាពក្នុងវិស័យបាល់ទាត់នេះ ត្រូវបានអ្នកអត្ថាធិប្បាយកីឡាជាច្រើនផ្សេងទៀត ក្នុងប្រទេសអង់គ្លេសចូលរួមបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខ។
 
លោក ​Gary Lineker OBE ជាអ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីម្នាក់នៅទូរទស្សន៍ BBC បានបង្ហោះនៅលើ Twitter ដូច្នេះថា៖«យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលទទួលដំណឹងលោក John Motson បែបនេះ លោកជាអ្នកអត្ថាធិប្បាយដ៏អស្ចារ្យ និងជាអ្នកផ្តល់សំឡេងផ្សព្វផ្សាយបាល់ទាត់ដ៏ច្រើនជំនាន់ប្រចាំប្រទេសអង់គ្លេស គ្រប់គ្នានឹងនឹករលឹកដល់គាត់ច្រើន។​«។ 
 
លើសពីនេះទៅទៀតអ្នកអត្ថាធិប្បាយបាល់ទាត់ជំនាន់ក្រោយល្បីៗដូចជាលោក Gary Neville, Jamie Carragher និងលោក Chris Sutton ជាដើមក៏បានចូលរួមបង្ហោះសាររំលែកទុក្ខដល់លោក Motson៕
 
 
 
 

Tag:
 John Motson
  Football
© រក្សាសិទ្ធិដោយ thmeythmey.com