ជាតិ
ក្រសួងពាណិជ្ជកម្ម បញ្ជាឱ្យដកហូតម្ហូបអាហារខូចគុណភាព និងមិនអនុលោមតាមច្បាប់
24, Feb 2023 , 6:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ រូបយកពីក្រសួង
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ រូបយកពីក្រសួង
ដោយ:
ក្រសួងពាណិជ្ជកម្ម បានប្រកាសទម្រង់បែបបទ នៃការដកហូតម្ហូបអាហារខូចគុណភាព ឬមិនអនុលោមតាមច្បាប់ ក្រោយពេលមន្រ្តីជំនាញ បានរកឃើញទំនិញ សាច់ជ្រូកបង្កក និងសាច់ផ្សេងៗទៀត ដែលមិនស្របតាមលក្ខណៈបច្ចេកទេសនៃលក្ខខណ្ឌអនាម័យ។



បើតាមសេចក្ដីប្រកាសរបស់ក្រសួង គ្រប់ម្ហូបអាហារដែលដាក់ចរាចរណ៍គ្មានគុណភាព ឬមិនអនុលោមតាមបទប្បញ្ញាត្តិបច្ចេកទេស តម្រូវឱ្យដកហូតចេញពីផ្សារ និងអ្នកដែលប្រើប្រាស់ទាំងអស់។ 
 
អាជីវករលក់ម្ហូបអាហារ ត្រូវដកហូតចេញជាបន្ទាន់ នៅពេលក្រសួងពាណិជ្ជកម្មផ្ដល់ព័ត៌មាន ថា ម្ហូបអាហាររបស់ខ្លួនគ្មានសុវត្ថិភាព ឬមិនអនុលោមតាមច្បាប់។ ក្រសួងពាណិជ្ជកម្ម បានសរសេរក្នុងសេចក្ដីប្រកាសថា ក.ប.ប ត្រូវត្រួតពិនិត្យ និងវាយតម្លៃលើព័ត៌មានម្ហូបអាហាររបស់អាជីវករ និងត្រូវឆ្លើយតបភ្លាមៗ នូវវិធានការសមស្រប ដែលផ្អែកតាមការវាយតម្លៃនៃកម្រិតហានិភ័យក្នុងមាត្រា៩ នៃអនុក្រឹត្យស្ដីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការអង្កេតតាមដាន និងការដកហូតម្ហូបអាហារ។ 
 
ជាមួយគ្នានេះ អាជីវករ អាចចាត់តំណាងឱ្យទាក់ទងជាមួយ ក.ប.ប ចាប់ពីដំណាក់កាលត្រួតពិនិត្យ រហូតដល់ការដកហូតម្ហូបអាហារបានបញ្ចប់។
 
មាត្រា៩ បានចែងរាល់អាជីវកម្មម្ហូបអាហារ ត្រូវតែមានលិខិតអនុញ្ញាតកំណត់ដោយច្បាប់ និងលិខិតបទប្បដ្ឋានគតិយុត្តជាធរមាន។ ការចេញលិខិតអនុញ្ញាត ត្រូវអនុលោមតាមលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ។ បុគ្គលទាំងឡាយណា ដែលបានប្រកបអាជីវកម្មម្ហូបអាហារ ត្រូស្ថិតក្រោមនីតិរួម នៃរបបសារពើពន្ធ និងបានការលើកទឹកចិត្ត និងការអនុគ្រោះនានាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
 
សេចក្ដីប្រកាសដដែល បានបញ្ជាក់ថា៖«ក.ប.ប និងអាជីវកម្មម្ហូបអាហារ ត្រូវចេញសារព្រមានពីផលប៉ះពាល់ដល់សុវត្ថិភាពជុំវិញម្ហូបអាហារ ដែលបានដកហូតជាសាធារណៈតាមគ្រប់មធ្យោបាយ ដើម្បីឱ្យអ្នកប្រើប្រាស់បានជ្រាបជាព័ត៌មាន»។
 
គ្រប់អាជីវកម្មម្ហូបអាហារ ត្រូវធ្វើលិខិតសុំបញ្ចប់សកម្មភាពដកហូតម្ហូបអាហារគ្មានសុវត្ថិភាព និងរបាយការណ៍ពាក់ពន្ធផ្សេងៗ ទៅកាន់ ក.ប.ប និងវិធានការកែតម្រូវ ការពារមិនឱ្យកើតឡើងម្ដងទៀត។ ក.ប.ប ក៏ត្រូវចេញសេចក្ដីប្រកាសបញ្ចប់ការដកហូតម្ហូបអាហារជាផ្លូវការ ក្រោយទទួលបានព័ត៌មាន និងឯកសារពាក់ព័ន្ធពីអាជីវកម្មម្ហូបអាហារគ្រប់គ្រាន់។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
 
សូមជម្រាបថា បទប្បញ្ញាត្តិបច្ចេកទេស សំដៅដល់ឯកសារដែលចែងពីលក្ខណៈផលិតផល ឬការដំណើរការពាក់ព័ន្ធ និងវិធីសាស្ត្រផលិតកម្ម ដូចជា និមិត្តសញ្ញា ការវេចខ្ចប់ ការធ្វើសញ្ញាសម្គាល់ ដែលអនុវត្តទៅលើផលិតផល។ សម្រាប់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ សំដៅដល់បុគ្គលដែលត្រូវបានប្រគល់សិទ្ធដំណើការអាជីវកម្មស្របតាមច្បាប់។ ចំណែកការដកហូតម្ហូបអាហារ ជាសកម្មភាពដែលអនុវត្តប្រមូលម្ហូបគ្មានសុវត្ថិភាព នៅតាមផ្សារដែលមិនអនុលោមតាមច្បាប់។ ម្ហូបអាហារគ្មានសុវត្ថិភាព ជាអាហារដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ 
 
ដើមឆ្នាំ២០២៣នេះ អគ្គនាយដ្ឋាន ក.ប.ប បានរកឃើញ និងដកហូតសាច់បង្កកខូចគុណភាពចំនួន៨១៧២គីឡូក្រាម។ សាច់ជ្រូក និងសរីរាង្គជ្រូក ដែលមានផ្ទុកមេរោគជំងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ចំនួន ១ ៧៦០គីឡូក្រាម៕
 

Tag:
 ម្ហូបអាហារខូចគុណភាព
  អាជីវកម្មម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com