ជាតិ
ក្រសួងការងារ ដោះស្រាយវិវាទ បានជាង៥០០ករណី ក្នុងឆ្នាំ២០២២
24, Feb 2023 , 7:59 pm        
រូបភាព
កម្មកររោងចក្រ «ឃែនធើរេន» ហែញត្តិទៅដាក់ស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី០៣ មិថុនា ២០២២
កម្មកររោងចក្រ «ឃែនធើរេន» ហែញត្តិទៅដាក់ស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី០៣ មិថុនា ២០២២
ភ្នំពេញ៖ អំឡុងឆ្នាំ២០២២ ក្រសួងការងារបានផ្សះផ្សាវិវាទការងារជាង៩០៦ករណី ដែលក្នុងនោះ ជាង៥០០ករណី បានទទួលលទ្ធផលផ្លែផ្កា។

 
យោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២២ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបង្ហាញថា វិវាទ ៥៤២ករណី បានដោះស្រាយរួចរាល់ ហើយ ២៩៥ករណី ដោះស្រាយមិនចេញ។ ចំណែក ៦៩ករណីទៀត ត្រូវបានទុកជាមោឃៈ។ 
 
វិវាទជាង៩០៦ករណីនេះ ត្រូវបានក្រសួងចាត់ទុកជាវិវាទរួម ចំនួន២២៥ករណី ហើយបញ្ជូនសំណុំរឿង ទៅក្រុមប្រឹក្សាអជ្ញាកណ្ដាល៥៣ករណី។ ក្នុងចំណោមវិវាទរួមទាំងនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញសេចក្ដីបង្គាប់ ៤១ករណី និងដោះស្រាយបញ្ចប់ដោយក្រុមប្រឹក្សាអជ្ញាកណ្ដាលមាន៤ករណី និងបញ្ចប់ដោយភាគីជម្លោះ មាន៨ករណី។ 
 
ពាក់ព័ន្ធនឹងការអន្តរាគមន៍លើបញ្ហាកូដកម្ម មាន៦៨ករណី ក្នុងនោះមាន ៩៥ករណី បានដោះស្រាយរួចរាល់ ហើយបានអន្តរាគមន៍លើបាតុកម្ម៥ករណី ។ ក្នុងនោះដោះស្រាយបានទាំងអស់។ ចំពោះ វិវាទបិទរោងចក្រដោយវិបត្តិបផ្សេងៗ មាន២១ករណី ដែលមានកម្មករជាង៨៤០០នាក់។ ពួកគេទាំងអស់ ត្រូវបានរដ្ឋាភិបាលដោះស្រាយ ហើយបើកប្រាក់បុរេប្រទាន៦ករណី ដែលក្នុងនោះមានកម្មករជិត២០០០នាក់ ជាមួយនឹងទឹកប្រាក់ពី២លានដុល្លារ។ 
 
ជុំវិញការដោះស្រាយវិវាទខាងលើ ក្រសួងការងារបានវាយតម្លៃថា យន្តការដោះស្រាយវិវាទរួម ដោយអត្រាខ្ពស់ រហូតដល់៩០ភាគរយ។ លទ្ធផលល្អប្រសើរទាំងនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕ 
 

Tag:
 កម្មករ
  វិវាទការងារ
© រក្សាសិទ្ធិដោយ thmeythmey.com