ជាតិ
សេដ្ឋកិច្ច
មន្ត្រីសង់ត្រាល់៖ ពលករខ្មែរនៅថៃប្រឈមអត់ការងារ ដោយសាររោងចក្របិទទ្វារជាបន្តបន្ទាប់
24, Feb 2023 , 9:59 pm        
រូបភាព
បុរសពាក់អាវស ស្ពាយកាតាបខ្មៅ លោក ឡឹក សុផុន បានចុះជួបជាមួយពលករខ្មែរធ្វើការនៅថៃ ដែលត្រូវបានថៅកែបញ្ឈប់ពីការងារ ។ រូបភាព លោក ឡឹក សុផុន បានផ្ដល់ឱ្យសារព័ត៌មានថ្មីៗ
បុរសពាក់អាវស ស្ពាយកាតាបខ្មៅ លោក ឡឹក សុផុន បានចុះជួបជាមួយពលករខ្មែរធ្វើការនៅថៃ ដែលត្រូវបានថៅកែបញ្ឈប់ពីការងារ ។ រូបភាព លោក ឡឹក សុផុន បានផ្ដល់ឱ្យសារព័ត៌មានថ្មីៗ
ដោយ:
ភ្នំពេញ៖ អង្គការសង់ត្រាល់នៅប្រទេសថៃ បានជួយដោះស្រាយវិវាទការងារជូនកម្មកររោងចក្រនៅទីនោះ ជាង ២០នាក់ហើយ ក្រោយថៅកែបញ្ឈប់ពីការងារ ដោយមិនបានប្រាប់ដំណឹងជាមុន។ លោក ឡឹង សុផុន បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃ មិនសូវមានការងារធ្វើដូចកាលពីឆ្នាំមុនៗនោះទេ។



លោក ឡឹង សុផុន មន្ត្រីតំណាងអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ បានឱ្យដឹងថា ដើមឆ្នាំ២០២៣នេះ ពលករខ្មែរមួយចំនួន ពិបាកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយសាររោងចក្រខ្លះនៅទីនោះ បានបិទទ្វារជាបន្តបន្ទាប់ ហើយពុំសូវសម្បូរការងារធ្វើដូចមុន។ បើតាមលោក សុផុន កាលពីដើមខែកុម្ភៈនេះ មានរោងចក្រផលិតថង់ប្លាស្ទិក នៅខេត្តរ៉ាយ៉ងមួយកន្លែង បានបញ្ឈប់កម្មករខ្មែរចំនួន ២៤នាក់ ដោយមិនបានជូនដំណឹងជាមុន។
 
ក្រោយមានបញ្ហាវិវាទការងារជាមួយរោងចក្រនេះ​ កម្មករទាំងនោះបានស្វែងរកជំនួយពីស្ថានទូតកម្ពុជា ,អង្គការសង់ត្រាល់ និងអាជ្ញាធរថៃ ដើម្បីជួយសម្របសម្រួល និងដោះស្រាយជាមួយភាគីថៅកែ ។ លោក សុផុន បានបញ្ជាក់ថា ថោកែរោងចក្រ បានយល់ព្រមផ្ដល់សំណងជូនកម្មករ ស្របតាមច្បាប់ការងារនៅក្នុងប្រទេសថៃ និងត្រូវបានបញ្ចប់វិវាទការងារនេះ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ។
 
ចំពោះកម្មករដែលថៅកែបញ្ឈប់ពីការងារនោះ គឺត្រូវបានអនុព័ន្ធស្ថានទូតកម្ពុជា សហការជាមួយអាជ្ញាធរថៃ និងតំណាងអង្គការសង់ត្រាល់ចុះសួរសុខទុក្ខ និងផ្ដល់ស្បៀងជូនពួកគេ។ នេះបើតាមលោក ឡឹក សុផុន ដែលបាននិយាយថា ពលរដ្ឋខ្មែរមួយចំនួន នៅបន្តស្វែងរកការងារធ្វើនៅថៃ តែអ្នកខ្លះទៀតបានត្រឡប់មកកម្ពុជាវិញ ក្រោយមានបញ្ហាអត់ការងារធ្វើនេះ។
 
លោក សុផុន មិនបានបញ្ជាក់ប្រាប់ពីមូលហេតុច្បាស់លាស់ ដែលពលករជាង ២០នាក់ ត្រូវបានគេបញ្ឈប់ពីការងារនោះទេ ។ តែលោកបានលើកឡើងថា ពលករភាគច្រើនមានបញ្ហាដោយសារឈប់ពីកន្លែងចាស់ ទៅធ្វើនៅកន្លែងថ្មី ដោយមិនបានប្ដូរឯកសារការងារឱ្យបានត្រឹមត្រូវ ហើយពេលជួបបញ្ហានោះ អាជ្ញាធរ ក៏ពិបាកក្នុងដោះស្រាយឱ្យពួកគេដែរ។ លោកបន្តថា ក្រៅពីកម្មករប្រមាណ ២០នាក់ ជួបបញ្ហាថៅកែបញ្ឈប់ការងារ ក៏មានពលករសំណង់នៅក្រុងថែប បានទំនាក់ទំនងឱ្យសង់ត្រាល់ជួយដោះស្រាយ និងមានបញ្ហាផ្សេងៗទៀតផងដែរ។
 
តំណាងអង្គការសង់ត្រាល់ប្រចាំនៅថៃរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា៖«ស្ថានភាពការងារនៅថៃបច្ចុប្បន្ន គឺមិនសូវសម្បូរដូចឆ្នាំមុនៗទេ ការងារថយចុះច្រើនមែនទែន ពលករមួយចំនួនធំអត់បានថែមម៉ោង។ ពិបាកស្វែងរកការងារធ្វើ អ្នកខ្លះក៏បារម្ភពីការរកការងារធ្វើអត់បាន»។ 
 
បើតាមលោក ឡឹក សុផុន នៅដើមឆ្នាំនេះ ក៏មានពលករជាង ៣ពាន់នាក់ហើយ ដែលបានទៅធ្វើការងារនៅប្រទេសថៃ តាមរយៈក្រុមហ៊ុននាំចូល ឬតាមប្រព័ន្ធ MOU។
 
អ្នកស្រី ជីន ស្រីឡាត មានស្រុកកំណើតនៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ បានទៅធ្វើការនៅប្រទេសថៃជាង ១០ឆ្នាំហើយ ប៉ុន្តែរយៈពេល ៣ខែចុងក្រោយនេះ រូបគេបានផ្លាស់ប្ដូរទៅធ្វើការនៅក្នុងរោងចក្រប្លាស្ទិកវិញ ហើយក៏ត្រូវបានថៅកែបញ្ឈប់ពីការងារ។
 
អ្នកស្រី ឡាត បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី២៤ ខែកុម្ភៈថា អ្នកស្រី ត្រូវបានប្រធានផ្នែកហៅទៅចុះហត្ថលេខាលើក្រដាសលាឈប់ពីការងារ កាលពីថ្ងៃទី៣ កុម្ភៈ  ដោយមិនបានទទួលដំណឹងជាមុន និងមិនបានប្រាប់ពីមូលហេតុនៃការបញ្ឃប់នោះទេ។ អ្នកស្រី បន្ថែមថា មិនមែនគេបញ្ឈប់តែពលករខ្មែរជាង ២០នាក់នោះទេ គឺមានជនជាតិម៉ាឡេស៊ី និងជនជាតិផ្សេងៗទៀតដែរ។
 
ស្រ្តីអាយុ ២៨ឆ្នាំរូបនេះ និងពលករផ្សេងទៀត បានទៅដាក់ពាក្យបណ្ដឹងនៅក្រសួងការងារថៃ និងស្ថានទូតកម្ពុជាប្រចាំទីនោះ ដើម្បីជួយរកដំណោះស្រាយជាមួយថៅកែរោងចក្រហើយ។ បើតាមពលកររូបនេះ ភាគីថៅកែរោងចក្រ បានយល់ព្រមដោះស្រាយបញ្ហាជូនកម្មករអស់ហើយ។
 
អ្នកស្រី ជីន ស្រីឡាត បានបញ្ជាក់យ៉ាងដូច្នេះ៖«ខ្ញុំធ្វើការបាន ៣ខែ ក៏ត្រូវបានគេបញ្ឈប់ គិតតាមច្បាប់ការងារនៅថៃ ខ្ញុំទទួលបានសំណងជិត ២លានរៀល ហើយអ្នកផ្សេងទៀត ក៏ទទួលបានសំណងដូចៗគ្នាដែរ។ ដំបូងខ្ញុំពិបាកដែរ ព្រោះគេបញ្ឈប់ការងារភ្លាមៗ ហើយនៅនេះអត់សូវមានការងារធ្វើទេ ព្រោះអីវ៉ាន់គេលក់អត់សូវដាច់! ខ្ញុំសប្បាយចិត្ត​ ពេលពួកគាត់(អាជ្ញាធរថៃ និងស្ថានទូត)ជួយរកដំណោះស្រាយឱ្យពួកខ្ញុំអ៊ឹចឹង»។
 
ក្រោយថៅកែរោងចក្របញ្ឈប់ពីការងារ អ្នកស្រី ឡាត បានទៅធ្វើការនៅកន្លែងហាងលក់បាយមួយកន្លែង ។ រូបគេ បានអះអាងថា មិនទាន់ត្រឡប់មកកម្ពុជាវិញនោះទេ ព្រោះត្រូវនៅរកប្រាក់ផ្គត់ផ្គង់គ្រួសារសិន។ អ្នកស្រី ឡាត ជាពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ចាប់តាំងពីអាយុប្រមាណ ១៦ឆ្នាំ។ កន្លងមករូបគេ មិនដែលជួបបញ្ហាថៅកែបញ្ឈប់ការងារដោយមិនបានជូនដំណឹងនោះឡើយ។
 
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អាជ្ញាធរថៃ បានអនុញ្ញាតឱ្យពលករខ្មែរ ដែលបាត់បង់ការងារដោយសារថៅកែក្ស័យធន ឬវិបត្តិសេដ្ឋកិច្ច អាចបន្តស្នាក់នៅទីនោះ រហូតចប់ទិដ្ឋាការ ដើម្បីស្វែងរកការងាថ្មី និងបំពេញបែបបទថ្មី។
 
អ្នកនាំពាក្យរូបនេះ បានបន្តថា ជាទូទៅពលករនៅប្រទេសផ្សេងៗ ដែលត្រូវបានថៅកែបញ្ឈប់ ឬបាត់បង់ការងារ ពួកគេមានរយៈពេលត្រឹម ១ខែ ដើម្បីស្វែងរកការងារថ្មី។
 
លោក ហេង សួរ បានបន្តថា៖« វិស័យសំណង់នៅថៃ ក៏ប្រឈមបញ្ហាការធ្លាក់ចុះនៃតម្រូវការដែរ ដែលអាចបង្កើតជាសម្ពាធដល់កម្លាំងពលកម្មផ្នែកសំណង់»។ លោកបន្តថា បញ្ហាទាំងនេះ ដោយសារសង្រ្គាមនៅអ៊ុយក្រែន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចអឺរ៉ុបជួបការលំបាក ខណៈការនាំចេញពីប្រទេសនានា ទៅកាន់ទីផ្សាអឺរ៉ុបមានការថយចុះ។
 
ពលករខ្មែរ ដែលមានបញ្ហាត្រូវបានថៅកែបញ្ឈប់ ឬបាត់បង់ការងារ អាចបន្តស្នាក់នៅថៃ និងបន្តស្វែងរកការងារថ្មី។ ជម្រើសមួយទៀត ពួកគេអាចវិលត្រឡប់មកស្រុកកំណើត ដើម្បីស្វែងរកការងារធ្វើនៅក្នុងស្រុកខ្មែរ ស្របពេលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មច្រើន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកវិនយោគ ឬម្ចាស់រោងចក្រ ពិបាកក្នុងការជ្រើសរើសកម្លាំងពលកម្មផងដែរ។ នេះបើតាមលោក ហេង សួរ៕
 
 
 

Tag:
 ពលករ
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com