កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាឱកាសលក់កម្ពុជា ទៅពិភពលោក
24, Feb 2023 , 5:39 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC (ស្តាំ) ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC (ស្តាំ) ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
តាមរយៈការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ជាឱកាសសម្រាប់កម្ពុជាបង្ហាញឱ្យពិភពលោកបានស្គាល់។ ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម កម្ពុជា ចំណេញកេរ្តិ៍ឈ្មោះ សេដ្ឋកិច្ចសង្គម និងការប្តូរឥរិយាបថរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង។


«ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ដូចជាស៊ីហ្គេមជាដើម ជាឱកាសដើម្បីលក់ម្ចាស់ផ្ទះទៅកាន់ពិភពលោក»។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC) ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកុម្ភៈ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។
 
លក់កម្ពុជាទៅកាន់ពិភលោក អគ្គលេខាធិការ CAMSOC ពន្យល់ថា ដើម្បីឱ្យពិភពលោកបានស្គាល់កម្ពុជា ហើយឱ្យពិភពលោកស្គាល់កម្ពុជាមានន័យថា ពិភពលោកកំពុងបាញ់ចក្ខុវិស័យមកកម្ពុជាតាមរយៈការធ្វើម្ចាស់ផ្ទះកីឡាតំបន់អាស៊ាននេះ។ ការរៀបស៊ីហ្គេម កម្ពុជាក៏នឹង​ចំណេញកេរដំណែលផងដែរ។
 
«ពិភពលោកកំពុងផ្តោតអារម្មណ៍មកកម្ពុជា។ សូម្បីប្រព័ន្ធផ្សព្វផ្សាយធំៗក៏ចាប់ផ្តើមសរសេរពីកម្ពុជា ដោយសារកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដោយបន្ថែមថា​ មុនស៊ីហ្គេម និងក្រោយស៊ីហ្គេមកម្ពុជាចំណេញកេរដំណែល មរតកនៃកេរ្តិ៍ឈ្មោះ ហើយក៏ចំណេញសេដ្ឋកិច្ចសង្គម ទេសចរណ៍ និងវប្បធម៌ថែមទៀត។
 
ជាងនេះទៅទៀតនោះ លោក វ៉ាត់ ចំរើន ក៏បានសង្កត់ធ្ងន់អំពីការចំណេញកេតំណែល (Legacy) ក្រោយរៀបចំព្រឹត្តិកីឡាលំដាប់អន្តរជាតិមួយ ព្រោះដោយសារប្រទេសម្ចាស់ផ្ទះខិតខំរៀបចំធ្វើម៉េចឱ្យបានល្អ ទាំងឥរិយាបថ ការរៀបចំផ្ទះសំបែង បរិស្ថាន និងរៀបចំការអប់រំរបស់ប្រជាជឱ្យប្រសើរជាដើម។
 
ចំណោមប៉ុន្មានចំនុចខាងលើ អគ្គលេខាធិការ CAMSOC បានលើកជាឧទាហរណ៍មកបញ្ជាក់ផងដែរ ជុំវិញការផ្លាស់ប្តូរឥរិយាបថអាក្រក់របស់ប្រជាជនប្រទេសមួយ តាមរយៈការរៀបចំកម្មវិធីកីឡាធំៗ។ ក្រោយរៀបចំកីឡាធំមួយ ប្រទេសម្ចាស់ផ្ទះមានឱកាសផ្តាល់ប្តូរឥរិយាបថមិនល្អរបស់ប្រជាជន និងអាចលាងសម្អាតសង្គមផង។ 
 
ដូចជានៅប្រទេសចិនមុនអូឡាំពិកឆ្នាំ២០០៨ ប្រទេសនេះជាប្រទេសដែលមានប្រជាជនស្តោះទឹកមាត់ និងចោលកន្ទុយបារីគ្រប់កន្លែងក្នុងក្រុងប៉េកាំង។ ប៉ុន្តែនៅពេលទទួលបានសិទ្ធិរៀបចំអូឡាំពិក២០០៨​ រដ្ឋាភិបាលចិនបាណែនាំប្រជាជនខ្លួនឱ្យបញ្ឈប់រាល់សកម្មភាពអាក្រក់ទាំងអស់នេះ ដ្បិតមានទេសចរបរទេសទៅចូលរួមច្រើន ហើយការនែនាំនេះទទួលបានផ្លែផ្កា។
 
 លោក វ៉ាត់ ចំរើន បន្តថា ប្រសិនបើរដ្ឋាភិបាលចិនណែនាំត្រង់ៗ ឬដាក់ការហាមប្រាមមិនឱ្យស្តោះទឹកមាត់ ឬចោលកន្ទុយបារីតាមទីសាធារណ នោះពលរដ្ឋចិននឹងមិនស្តាប់ឡើយ ប៉ុន្តែដោយសារទទួលភ្ញៀវផ្សេងច្រើន តាមរយៈការធ្វើម្ចាស់ផ្ទះកីឡាលំដាប់ពិភពលោកផង ប្រជាជនចិនអាចកែប្រែទម្លាប់អាក្រក់នេះបានចាប់ពីក្រោយអូឡាំពិកក្នុងប៉េកាំងឆ្នាំ២០០៨មក៕
 
 

Tag:
 វ៉ាត់ ចំរើន
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com