ជាតិ
សេដ្ឋកិច្ច
NBC សហការជាមួយធនាគារកណ្តាលកោះសូឡូម៉ូន និង ហ្វីជី ដើម្បីពង្រឹងប្រព័ន្ធទូទាត់ហិរញ្ញវត្ថុឌីជីថល
24, Feb 2023 , 6:39 pm        
រូបភាព
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា(ឆ្វេង)  ចាប់ដៃ លោក Esala Masitabua ទេសាភិបាលរងនៃធនាគារកណ្ដាលហ្វីជី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា នាថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ហ្វេសប៊ុក លោកស្រី ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា(ឆ្វេង) ចាប់ដៃ លោក Esala Masitabua ទេសាភិបាលរងនៃធនាគារកណ្ដាលហ្វីជី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា នាថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ហ្វេសប៊ុក លោកស្រី ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា(NBC) បានសហការជាមួយធនាគារកណ្តាលនៃកោះសូឡូម៉ូន និង ធនាគារកណ្ដាលហ្វីជី ដើម្បីពង្រឹងផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់តាមបែបឌីជីថល។ កិច្ចសហការរវាងធនាគារកណ្តាលទាំងបីនេះ នឹងជួយអភិវឌ្ឍផ្នែកហិរញ្ញវត្ថុក្នុងប្រទេសនីមួយៗកាន់តែប្រសើរ។

 
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់(MOU) ជាមួយលោក Luke Forau ទេសាភិបាលធនាគារកណ្តាលនៃកោះសូឡូម៉ូន និងលោក Esala Masitabua ទេសាភិបាលរងនៃធនាគារកណ្ដាលហ្វីជី នាថ្ងៃទី២៣កុម្ភៈ។  បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់NBC កិច្ចសហការនេះ សម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរមួយកម្រិតទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងប្រទេសនីមួយៗ។
 


លោក ជា ចាន់តូ បានបញ្ជាក់ថា​ គោលដៅសំខាន់នៃចុះMOUនេះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ព្រមទាំងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធ ស្តីអំពីនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ។ លោកបានបន្ថែមថា ៖ « MOUនេះ នឹងផ្តល់ជាក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដល់គ្នាទៅវិញទៅមក»។
 
ជាមួយគ្នានេះ ​លោក Luke Forau ទេសាភិបាល ធនាគារកណ្តាលនៃកោះសូឡូម៉ូន បានសម្តែងនូវការរីករាយជាខ្លាំង ដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាពីបទពិសោធន៍របស់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រយោជន៍ប្រជាជនរបស់ខ្លួន។ លោកបានថ្លែងដូច្នេះ៖ «ប្រទេសកម្ពុជាបានផ្តល់ឱកាសឱ្យយើងស្វែងយល់ពីការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងផ្តល់ការគាំទ្របន្ថែម តាមរយៈការចុះMOU ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលអាចឱ្យសាធារណជន ទូទាត់ និងទទួលបានមូលនិធិងាយស្រួលនិងភ្លាមៗ»។
 
សម្រាប់លោក Esala Masitabua ដែលជាទេសាភិបាលរងនៃធនាគារកណ្ដាលហ្វីជី បានលើកឡើងថា ការចុះMOU ជាមួយធនាគារជាតិនៃកម្ពុជា​ និងធនាគារកណ្តាលរបស់កោះសូឡូម៉ូនេះ គឺបានផ្តល់ក្របខ័ណ្ឌចែករំលែកព័ត៌មាន និងកិច្ចសហការដោយបើកចំហ ក្នុងការជួយដល់ប្រទេសហ្វីជីនៃដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលដែលទំនើប មានប្រសិទ្ធិភាព និងអាចទុកចិត្តបាន ដើម្បីគាំទ្រដល់តម្រូវការរបស់ប្រជាជនហ្វីជី។ «កិច្ចសហការនេះក៏គាំទ្របន្ថែមទៀតដល់ការកែទម្រង់ប្រព័ន្ធទូទាត់ជាតិ ដែលកំពុងដំណើរការ និងអនុញ្ញាតឱ្យហ្វីជី អាចរីកចម្រើនបានលឿនក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ»។ នេះជាការបញ្ជាក់របស់លោកទេសាភិបាលរងនៃធនាគារកណ្ដាលហ្វីជី។​
 
សូមជម្រាបថា ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា គឺជាគម្រោងដែលបានប្រើប្រាស់ផ្លេតហ្វមបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថាន ដើម្បីពង្រឹងប្រសិទ្ធភាព ប្រព័ន្ធទូទាត់ និងដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល បច្ចុប្បន្នប្រព័ន្ធបាគងមានគ្រឹះស្ថានជាសមាជិកចំនួន៧០៕
 

Tag:
 ហិរញ្ញវត្ថុ
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com