ជាតិ
អាជ្ញាធរ រឹបអូសសត្វក្ងោក២០ក្បាល ដោយសារគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ
25, Feb 2023 , 10:29 am        
រូបភាព
ក្ងោកចំនួន២០ក្បាលត្រូវបានជួយសង្គ្រោះពីខេត្តកំពង់ឆ្នាំង
ក្ងោកចំនួន២០ក្បាលត្រូវបានជួយសង្គ្រោះពីខេត្តកំពង់ឆ្នាំង
ដោយ:
មន្ត្រីជំនាញកំពុងរៀបចំឯកសារតាមផ្លូវច្បាប់ ទាក់ទងករណីសត្វក្ងោក២០ក្បាលដែលត្រូវបានរដ្ឋបាលព្រៃឈើ និងក្រុមបង្ក្រាប់បទល្មើសសត្វព្រៃកម្ពុជា រឹបអូសពីផ្ទះប្រជាពលរដ្ឋនៅ ស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ បច្ចុប្បន្ន ក្ងោកទាំង២០ក្បាលនោះ កំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ។

 

អ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាបងស្រីរបស់ម្ចាស់ក្ងោក និងជាចិញ្ចឹមក្ងោក។ រូបភាព៖ អ្នកស្រី យឹម ចាន់រ៉ុង

អ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាបងស្រីរបស់ម្ចាស់ក្ងោក បានលើកឡើងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានក្រុមសមត្ថកិច្ច និងក្រុមការងារផ្សេងទៀតចូលមកផ្ទះអ្នកស្រី ដោយបានបញ្ជាក់ថាការចិញ្ចឹមក្ងោកទាំងនោះ គ្មានច្បាប់អនុញ្ញាត គឺជារឿងខុសច្បាប់។ នៅថ្ងៃដដែល ក្ងោកទាំងនោះ ត្រូវបានចាប់យកទៅទាំងអស់។ 
 

ក្ងោក ដែលអ្នកស្រី យឹម ចាន់ រ៉ុងចិញ្ចឹម។ រូបភាពដោយ  អ្នកស្រី យឹម ចាន់រ៉ុង។

អ្នកស្រី ចាន់រ៉ុង និយាយដូច្នេះ៖ «ខ្ញុំមិនដឹងថា ការចិញ្ចឹមក្ងោកនោះជារឿងខុសច្បាប់ទេ។ ខ្ញុំចិញ្ចឹមយូរឆ្នាំហើយ។ ប្អូនពៅរបស់ខ្ញុំជាម្ចាស់  ណាមួយក្ងោកដែលទិញកាលមុនៗនោះងាប់អស់ហើយ។ ក្រោយៗនេះជាក្ងោក បង្កាត់ប៉ុណ្ណោះ»។ អ្នកស្រីបន្តថា ការចិញ្ចឹមក្ងោកទាំងនោះកើតចេញពីការស្រឡាញ់ និងចង់ឱ្យពលរដ្ឋរួមជាមួយក្មេងៗបានស្គាល់។


លោក យង់ រតនា អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្ម។

ជាមួយគ្នានេះ  លោក យង់ រតនា អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្ម បានបញ្ជាក់ថា ក្ងោកទាំង២០ក្បាល ត្រូវបានយកមកដល់មជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្ងោកទាំងនោះ រស់នៅដាច់ដោយឡែកចន្លោះពី១៥ថ្ងៃទៅ១ខែ ទើបក្រុមការងារចាប់ផ្ដើមពិនិត្យមើលលើនីតិសម្បទាជាថ្មី ដើម្បីអាចកំណត់បានថា តើសត្វទាំងនោះអាចរកចំណីដោយខ្លួនឯងកម្រិតណា។ 
 
«ក្ងោកដែលយើងទទួលបានទាំងនោះ យើងមិនទាន់អាចកំណត់ថាត្រូវទុក ឬលែងទៅព្រៃនៅឡើយទេ។ ដោយសារសត្វដែលចិញ្ចឹមភាគច្រើន បាត់បង់អេកូឡូស៊ី ធ្វើឱ្យពួកវាអាចពិបាករកចំណីនៅក្នុងព្រៃធម្មជាតិ។ ប៉ុន្ដែប្រសិនបើសង្កេតឃើញយ៉ាងណា ក្រុមការងារអាចចាត់ចែងតាមនោះ។ ចិញ្ចឹមសត្វព្រៃមិនខុសទេ ប៉ុន្ដែត្រូវសុំច្បាប់អនុញ្ញាត»។ លោក រតនា ថ្លែងបែបនេះ។ 
 
ពលរដ្ឋ ដែលស្រឡាញ់សត្វ អាចចិញ្ចឹមបាន ដោយគ្រាន់តែទៅដាក់ពាក្យ ដើម្បីដំណើរការឯកសារសុំចិញ្ចឹមដោយស្របច្បាប់តែប៉ុណ្ណោះ។ ទន្ទឹមនេះ ក្រុមការងារបង្គ្រាបបទល្មើសសត្វព្រៃកម្ពុជា បានបញ្ជាក់ជាមួយសារព័ត៌មានThmeyThmey25ថា ករណីចុះបង្ក្រាបសត្វក្ងោកពូជខ្មែរចំនួន៦ក្បាល និងពូជក្ងោកឥណ្ឌាចំនួន១៤ក្បាលនោះ ក្រុមការងារអនុវត្ដតាមច្បាប់ព្រៃឈើប៉ុណ្ណោះ។ 
 
ចំពោះក្ងោកបៃតងរបស់ខ្មែរចំនួន៦ក្បាលនោះ ស្ថិតក្រោមវិសាលភាពនៃច្បាប់ព្រៃឈើ ដូច្នេះក្រុមការងារ កំពុងដំណើរការបន្ត ដើម្បីដោះស្រាយជាមួយម្ចាស់សាមី។ ក្រៅពីនេះ ចំពោះក្ងោកឥណ្ឌា១៤ក្បាលវិញ ក្រុមការងារបានសុំឱ្យម្ចាស់ប្រគល់ ឱ្យបណ្ដោះអាសន្ន និងយកទៅរក្សានៅភ្នំតាម៉ៅ ដើម្បីចាត់វិធានការបន្ដ។
 
«គាត់ចិញ្ចឹមដោយគ្មានច្បាប់អនុញ្ញាតទេ គឺធ្វើដោយទឹកចិត្ត ប៉ុន្ដែយើងក៏លើកទឹកចិត្តគាត់ដែរ ឱ្យធ្វើតាមច្បាប់ទម្លាប់ត្រឹមត្រូវ។ ករណីខាងលើក្រុមការងារកំពុងរៀបចំឯកសារតាមផ្លូវច្បាប់ ដើម្បីធ្វើលិខិតអញ្ជើញម្ចាស់សាមីផ្ទាល់ ឱ្យចូលខ្លួនដោះស្រាយ នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខ»។ នេះជាការបញ្ជាក់របស់ ក្រុមការងារបង្គ្រាបបទល្មើសសត្វព្រៃកម្ពុជា។


 ក្ងោក ដែលអ្នកស្រី យឹម ចាន់ រ៉ុងចិញ្ចឹម។ រូបភាពដោយ  អ្នកស្រី យឹម ចាន់រ៉ុង។
យោងតាម ច្បាប់ស្តីពីព្រៃឈើ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២ ក្នុងជំពូកទី១០ «ការអភិរក្សសត្វព្រៃ» ត្រង់មាត្រា៤៩  បានចែងថា រាល់ការធ្វើសកម្មភាពដូចខាងក្រោម ចំពោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងក្រុមប្រភេទមានដោយកម្រ ត្រូវបានហាមឃាត់៖
 
 ១- ការយាយី ឬបំផ្លាញដល់ប្រភេទសត្វខាងលើ និងជម្រករបស់សត្វប្រភេទទាំងនេះ។
 ២- ការបរបាញ់ ទាក់ចាប់ ដាក់អង្គុប បំពុល។
 ៣- ការធ្វើជាកម្មសិទ្ធ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ។
 ៤- ការដឹកជញ្ជូន។ 
៥- ការធ្វើពាណិជ្ជកម្ម។
 ៦- ការនាំចេញ នាំចូល។ 
 
វិធានការនៃការធ្វើសកម្មភាព ចំពោះសត្វគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរួម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៕ 
 
 
 

Tag:
 ក្ងោក
  ខេត្តកំពង់ឆ្នាំង
  ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com