ជាតិ
មន្ត្រីការងារ ចុះអធិការកិច្ចតាមរោងចក្រ ជាង៧០០០លើក និងពិន័យថៅកែ ១៦កន្លែង នៅឆ្នាំ២០២២
25, Feb 2023 , 10:59 am        
រូបភាព
កម្មករកាត់ដេរ កំពុងធ្វើការងារក្នុងរោងចក្រនាពេលកន្លងមក។
កម្មករកាត់ដេរ កំពុងធ្វើការងារក្នុងរោងចក្រនាពេលកន្លងមក។
ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអធិការកិច្ចការងារ តាមបណ្ដាលរោងចក្រជាង៧០០០លើក កាលពីឆ្នាំ២០២២កន្លងមកនេះ។ ពួកគេបាន បានផាកពិន័យដល់ម្ចាស់រោងចក្រ សហគ្រាសចំនួន១៦កន្លែង។

 
របាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២២ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា មន្ត្រីក្រសួងការងារបានពង្រឹងការអនុវត្តច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចនៅតាមរោងចក្រ សហគ្រាស។ ពួកគេបាន ចុះទៅអធិការកិច្ច បាន៧២៣៧លើក។ 
 
ក្នុងចំណោមអធិការទាំងនេះ មានជាង៦៦០០លើក ជាអធិការកិច្ចការងារសាមញ្ញ។  អធិការកិច្ចតាមដានពីការដាក់កំហិត មានជាង១៧០សហគ្រាស ហើយបានដាក់កំហិតជាង២៩០សហគ្រាស។​ ចំណែក ១៦សហគ្រាសទៀត ត្រូវបានមន្ត្រីជំនាំញ ផាកពិន័យ។ 
 
ទន្ទឹមនឹងនេះ ក្រសួងក៏បានដាក់ឲ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីគ្រប់គ្រងទិន្នន័យ និងពង្រឹងប្រសិទ្ធភាពនៃអធិការកិច្ច។
 
តាមរយៈទិន្នន័យដែលទទួលបានពីដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម គឺមានរោងចក្រ សហគ្រាស ចុះបញ្ជិកាសេដ្ឋកិច្ចក្នុងប្រព័ន្ធជាង៣៧០០។ រោងចក្រ សហគ្រាស ទាំងនេះ បានបើកដំណើរការថ្មី ដែលបានផ្ដល់ការងារដល់កម្មករជិត១៥ម៉ឺននាក់៕ 
 

Tag:
 អធិការកិច្ច
  ការងារ
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com