ជាតិ
លោកស្រី ឱ វណ្ណឌីន ណែនាំមន្រ្តីឆ្លើយតបឱ្យបានលឿនពេលផ្ទុះជំងឺ និងហេតុការណ៍ផ្សេងៗ
25, Feb 2023 , 11:59 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន កំឡុងពេលចុះពិនិត្យការចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សា ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប នាថ្ងៃទី២២ កុម្ភៈ។
លោកស្រី ឱ វណ្ណឌីន កំឡុងពេលចុះពិនិត្យការចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សា ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប នាថ្ងៃទី២២ កុម្ភៈ។
សៀមរាប៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់មន្រ្តីរបស់ខ្លួនថា ការឆ្លើយតបឱ្យបានទាន់ពេល និងរហ័យ ជាកិច្ចការដែលចាំបាច់បំផុតនៅកំឡុងពេលមានផ្ទុះជំងឺ និងហេតុការណ៍មិនប្រក្រតីផ្សេងៗ។ លោកស្រីថា ការធ្វើដូច្នេះដើម្បីជៀសវាងករណីខ្លះ ដែលអាចបង្ក ជាព័ត៌មានមិនច្បាស់ ឬព័ត៌មានក្លែងក្លាយជាដើម។

 
ក្នុងនាមជាអ្នកនាំពាក្យមួយរូប លោកស្រី ឱ វណ្ណឌីន យល់ពីសារសំខាន់នៃឆ្លើយតបយ៉ាងរហ័ស ពិសេស ការប្រាស្រ័យទាក់ទងជាមួយអ្នកសារព័ត៌មាន។ លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលលើក​បទពិសោធន៍​ កំឡុងពេលផ្ទុះជំងឺកូវីដ១៩ និងការឆ្លើយតបបានរហ័សលើករណីនានា ដែលអាចគ្រប់គ្រង​ស្ថានការណ៍បានយ៉ាងល្អ។ ការឆ្លើយតបលឿន និងរហ័សនេះ បានរួមចំណែកសំខាន់ក្នុងការលុបបំបាត់ ព័ត៌មានមិនពិតផងដែរ។ 
 


អ្នកនាំពាក្យរូបនេះនិយាយដូច្នេះថា៖« អ្វីដែលសំខាន់លើការងារទំនាក់ទំនងហានិភ័យ គឺការឆ្លើយតបឱ្យ បានលឿន ត្រូវមានកិច្ចសហការល្អជាមួយអ្នកសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានឱ្យត្រឹមត្រូវ ពិតជាក់ស្ដែង ធ្វើឱ្យបានលឿន ដើម្បីឱ្យពួកគាត់បានមូលដ្ឋានឱ្យបានត្រឹមត្រូវ ក្នុងការផ្សព្វផ្សាយបន្តទៀត»។ 
 
អ្នកស្រី ឱ វណ្ណឌីន បានឆ្លៀតអរគុណដល់អ្នកសារព័ត៌មាន ដែលកន្លងមកបានរួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយមានវិជ្ជាជីវៈ កំឡុងពេលវិបត្តិជំងឺកូវីដ១៩។ 
 
ថ្លែងក្នុងសិក្ខាសាលា «ពិនិត្យការអនុវត្តការប្រាស្រ័យទាន់ទង និងការចូលរួមរបស់សហគមន៍ និងផែនការ ប្រតិបត្តិ» ដែលរៀបចំនៅខេត្តសៀមរាប នាថ្ងៃទី២៣ កុម្ភៈ លោកស្រី ឱ វណ្ណឌីន បានប្រាប់ថ្នាក់ដឹកនាំ តាមមន្ទីរសុខាភិបាលខេត្តរាជធានីទាំង២៥ ត្រូវពង្រឹងលើកិច្ចការងារឆ្លើយតបយ៉ាងរហ័សនេះ ដូចជាករណីផ្ទុះជំងឺរាតត្បាតថ្មីៗ ដូចជាបទពិសោធន៍ជំងឺកូវីដ១៩ និងការលេចឡើងវិញនូវជំងឺ ផ្ដាសាយបក្សីជាដើម។ ដើម្បីធ្វើកិច្ចការងារនេះបាន មន្រ្តីទាំងអស់ត្រូវធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ជាពិសេស ហើយតួនាទីរបស់មន្រ្តីដែលទទួលបន្ទុករិតតែសកម្ម និងឈានមុខគេបង្អស់ ដើម្បីផ្ដល់​ព័ត៌មានពិត និងត្រឹមត្រូវ។
 
លោកស្រី លីហ្សា ស្មីត មន្រ្តីតំណាងពីអង្គការសុខភាពពិភពលោក(WHO) ថ្លែងថា WHO បានគាំទ្រសិក្ខាសាលានេះឡើង ក្នុងបំណងពង្រឹងការយកចិត្តទុកដាក់របស់មន្រ្តីជំនាញទាំងអស់ ដើម្បីធ្វើការ ឬប្រាស្រ័យទាក់ទងដល់សហគមន៍ភ្លាមៗ ពេលមានករណីផ្ទុះជំងឺរាតត្បាតផ្សេងៗ។ លោកស្រីថា កន្លងមក WHO ក៏ធ្លាប់បានបណ្ដុះបណ្ដាលមន្រ្តីមុនផ្ទុះជំងឺ អេបូឡា ហើយវាបានជួយ កិច្ចការងារនេះនៅតាមមូលដ្ឋានភ្លាមៗ ពេលផ្ទុះជំងឺកូវីដ១៩។ 
 
មន្រ្តីអង្គការ WHO ថ្លែងថា៖« ការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ ក៏បានជួយក្នុងការ ឆ្លើយតបចំពោះជំងឺផងដែរ។ នៅពេលមានវិបត្តិ គឺចាំបាច់ឱ្យមានការជឿទុកចិត្តពីអាជ្ញាធរ ក៏ដូចជាដើម្បី ឆ្លើយតបទៅនឹងបញ្ហាទាំងអស់ ហើយលោកលោកស្រីទាំងអស់ ជាអ្នកកសាងការជឿទុកចិត្តដល់ ប្រជាពលរដ្ឋ»។
 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានលើកឡើងដែរថា កម្ពុជាទទួលបាន ជោគជ័យលើបញ្ហាជំងឺកូវីដ១៩នៅពេលនេះ ដោយសារការចូលរួមពីភាគីពាក់ព័ន្ធ ពិសេសការឆ្លើយតប ភ្លាមៗលើករណីនានា។ លោកបានលើកករណីផ្ទុះជំងឺកូវីដ១៩នៅខេត្តសៀមរាប ដែលពេលនោះមានការ លំបាក តែបានធ្វើការភ្លាមជាមួយថ្នាក់លើ និងមន្រ្តីថ្នាក់ក្រោម ដោយបានចុះភ្លាមៗទៅកន្លែងកើតហេតុ និងប្រមូលអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ។ ការចាត់ចែងរៀបចំកន្លែង​ព្យាបាល ក៏ដូចជាការចាក់វ៉ាក់សាំងបង្ការ ដែលធានាបានការគ្រប់គ្រង​ដោយមាន​ប្រសិទ្ធភាពខ្ពស់ រហូតមកដល់ភាពល្អប្រសើរឡើងវិញដល់​សព្វថ្ងៃ។ លោក ក្រុស សារ៉ាត់ និយាយដូច្នេះយ៉ាងមានមោទកភាព។ 
 
គួររំលឹកថា សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និង២៤ កុម្ភៈ ដោយរៀបចំឡើងដោយ​នាយកដ្ឋាន ប្រឆាំងនឹងជំងឺឆ្លង សហការជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ដោយមានការ​គាំទ្រពីអង្គការសុខភាពពិភពលោក៕

Tag:
 សុខាភិបាល
  ឱ វណ្ណឌីន
© រក្សាសិទ្ធិដោយ thmeythmey.com