កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក អាំង សិរីពិសិដ្ឋ៖ កីឡាករបាល់ទះកម្ពុជា កំពុងមានទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍
26, Feb 2023 , 7:59 am        
រូបភាព
ដោយ:
ក្រោយបញ្ចប់ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងភ្ញៀវយុវជនបារាំង អាយុក្រោម១៩ឆ្នាំ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លើកទឹកចិត្តដល់កីឡាករតាមបណ្តាក្លិប និងយុវជនជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករ ដែលមានតម្លៃខ្លួនខ្ពស់ក្នុងកម្រិតតំបន់អាស៊ីអាគ្នេយ៍។

 
លោក អាំង សិរីពិសិដ្ឋ មើលឃើញថា បច្ចុប្បន្ននេះ កីឡាករបាល់ទះកម្ពុជា កំពុងមានទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះពួកគេត្រូវតែពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំងថែមទៀត។
ថ្លែងក្រោយជំនួបបាល់ទះមិត្តភាពកម្ពុជា-បារាំង កាលពីថ្ងៃទី២២ កុម្ភៈ លោក អាំង សិរីពិសិដ្ឋ បាននិយាយថា៖«វាសនា ជាកីឡាករខ្មែរទីមួយដែលមានថ្លៃខ្លួនខ្ពស់បំផុត។

ត្រង់ចំណុចគឺជាសារមួយ ដើម្បីដាស់តឿនទៅដល់កីឡាករមានវ័យក្មេងៗ គឺសូមឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ ពីព្រោះថាបច្ចុប្បន្ននេះ ទីផ្សារកីឡាបាល់ទះកម្ពុជា គឺកំពុងតែមានមុខមានមាត់ខ្លាំងក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍»។ បន្ថែមពីលើនោះទៀត លោក សិរីពិសិដ្ឋ ជំរុញឱ្យកីឡាករខិតខំបន្ថែមទៀត ពង្រឹងគុណផលកីឡារបស់ខ្លួនឱ្យបានល្អប្រសើរ។
 
ក្លិប Lavie Long An នៃប្រទេសវៀតណាម បានចុះកិច្ចសន្យានាំយកកីឡាករ វឿន វាសនា សមាជិកក្រុមជម្រើសជាតិកម្ពុជា ទៅកាន់ទីក្រុង Long An សារជាថ្មីក្នុងតម្លៃខ្លួនគុណនឹងពីរ បើធៀបនឹងការនាំយកទៅកាលពីឆ្នាំ២០២២ ដែលមានតម្លៃខ្លួនជាង ១ម៉ឺនដុល្លារ។
 
លោកអគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា មិនមែនតែប្រទេសវៀតណាមនោះទេ ដែលចង់បានកីឡាករកម្ពុជា ទៅចូលរួមជាមួយក្លិបគេ ។ មូលហេតុនេះហើយទើបសហព័ន្ធ ចង់ពង្រឹងសមត្ថភាពកីឡាករឱ្យមានគុណភាព ទើបតម្លៃខ្លួននឹងកាន់តែខ្ពស់ ។
 
លោក អាំង សិរីពិសិដ្ឋ បន្តថា៖«ខ្ញុំជឿជាក់ថាចប់ស៊ីហ្គេម២០២៣ ក្នុងករណីដែលប្រទេសកម្ពុជារបស់យើងទទួលបានកម្រិតមេដាយ មាស ឬក៏ប្រាក់ ខ្ញុំជឿជាក់ថាតម្លៃខ្លួនអត្តពលិកកម្ពុជារបស់យើងរិតតែថ្លៃថែមទៀត»។ 
 
លោក សិរីពិសិដ្ឋ បន្ថែមថា ការបញ្ចេញសមត្ថភាពនាពេលស៊ីហ្គេមនេះ គឺមានក្លិបធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងចុះមកមើលគុណភាពកីឡាករ ដើម្បីនាំយកទៅប្រកបអាជីពក្នុងក្លិប នៃលីគកំពូលរបស់ប្រទេសគេ ជាក់ជាមិនខាន។ 
 
មន្រ្តីសហព័ន្ធដដែល ក៏បានសំណូមពរទៅដល់អ្នកលេងបាល់ទះក្រៅប្រព័ន្ធ សូមលេងបាល់ឱ្យត្រូវស្តង់ដារតាមក្បួនខ្នាត ដើម្បីបណ្តុះគុណផលកីឡាករឱ្យមានប្រសិទ្ធភាព ៕
 
 
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com