សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា អាចវ៉ាអាល្លឺម៉ង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៤ នៅចុងឆ្នាំនេះ 
×![]()
ឥណ្ឌាអាចក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៤ នាចុងឆ្នាំនេះ ដោយផ្អែកលើទំហំនៃផលិតផលក្នុងស្រុកសរុប។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌា បច្ចុប្បន្នទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះមានទំហំ៣,៥ទ្រីលានដុល្លារ។
នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិនៃការិយាល័យជាតិជំរុញការវិនិយោគឥណ្ឌា (Invest India) លោក Deepak Bagla បានព្យាករថា ឥណ្ឌានឹងត្រៀមខ្លួនរួចជាស្រេចក្នុងការយកឈ្នះប្រទេសអាល្លឺម៉ង់ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួននៅលើពិភពលោកនាចុងឆ្នាំនេះ។
ចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ឥណ្ឌាបាននាំមុខប្រេស៊ីល អង់គ្លេស រុស្ស៊ី អ៊ីតាលី និងបារាំង លើទំហំផលិតផលក្នុងស្រុកសរុប ( GDP )។ ប្រទេសឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក។
បើតាមលោក Deepak Bagla ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាបច្ចុប្បន្ន មានទំហំ ៣,៥ទ្រីលានដុល្លារ។ ចំនួន២ភាគ៣នៃ GDP របស់ឥណ្ឌាត្រូវបានជំរុញដោយតម្រូវការក្នុងស្រុក និងបច្ចុប្បន្នតម្រូវការកំពុងលើសពីការផ្គត់ផ្គង់។
បច្ចុប្បន្ននេះ ឥណ្ឌាបានទទួលការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបចំនួន៩៥០ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ១៩៤៧ ដែលក្នុងនោះ៥៣២ពាន់លានដុល្លារបានមកក្នុងរយៈពេល ៩០ ខែកន្លងមកពីប្រទេសចំនួន ១៦២ ។ សម្រាប់រយៈពេល៨ឆ្នាំចុងក្រោយនេះ ឥណ្ឌាបានបង្កើតកំណត់ត្រាថ្មីសម្រាប់ FDI ជារៀងរាល់ឆ្នាំ។
បរិមាណនៃការវិនិយោគផ្ទាល់ពីបរទេសដែលទទួលបានគ្របដណ្តប់លើវិស័យចំនួន ៦១ នៅក្នុងរដ្ឋ និងដែនដីសហព័ន្ធចំនួន ៣១ ដែលជាកំណត់ត្រាពិភពលោកជាថ្មីម្តងទៀតដែលបង្ហាញថាកំណើនថ្មីរបស់ប្រទេសឥណ្ឌាគឺមានលក្ខណៈទូលំទូលាយ។
នៅក្នុងលក្ខខណ្ឌនៃការផ្លាស់ប្តូរឌីជីថលនៅឆ្នាំ ២០២២ ឥណ្ឌានឹងកត់ត្រាចំនួន ៤១ភាគរយនៃចំនួនប្រតិបត្តិការឌីជីថលតាមពេលវេលាជាក់ស្តែងសរុបនៅក្នុងពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខ១ ទាក់ទងនឹងចំនួនប្រតិបត្តិការមានចំនួន ៤៨ពាន់លានប្រតិបត្តិការ ដោយនាំមុខប្រទេសចិនមានត្រឹមតែ១៨ ពាន់លានប្រតិបត្តិការ ៕
© រក្សាសិទ្ធិដោយ thmeythmey.com