ជាតិ
កម្ពុជា ចាប់ផ្ដើម​​បញ្ចុះ​តម្លៃលើ​ការ​ធ្វើ​​តេស្ត PCR ត្រឹម៥០ដុល្លារ សម្រាប់​អ្នក​ដំណើរ​មុន​ចាក​​ចេញ​ពី​កម្ពុជា​
25, Feb 2023 , 9:59 pm        
រូបភាព
រូបតំណាង។ រូបថត៖ ឈុំ ចន្ថា
រូបតំណាង។ រូបថត៖ ឈុំ ចន្ថា
ភ្នំពេញ៖​ រដ្ឋាភិបាលកម្ពុជា ចាប់​ផ្ដើម​​បញ្ចុះ​តម្លៃ​​លើ​ការ​ធ្វើ​តេស្ត​ PCR សម្រាប់​អ្នក​ដំណើរ​ជន​ជាតិខ្មែរ និង​ជនបរទេស​មុន​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា។ ការ​បញ្ចុះ​តម្លៃនេះ ចាប់​ផ្ដើម​ពី​ថ្ងៃទី​១៨ កុម្ភៈ​តទៅ។



សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍ ចេញផ្សាយ​នៅថ្ងៃ​ទី​២៣ កុម្ភៈ បញ្ជាក់ដូច្នេះ៖«រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​កំណត់​តម្លៃ​ត្រឹម​ ៥០ដុល្លារ​ លើ​ការ​ធ្វើតេស្ត PCR និង​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​លទ្ធផល​តេស្ត PCR កូវីដ-១៩ សម្រាប់អ្នកដំណើរមុនចាកចេញ​ពី​កម្ពុជា​»។ 
 
បើតាម​ក្រសួង​ទេសចរណ៍ រាល់​អ្នក​ដំណើរ​ជនជាតិខ្មែរ និង​ជនបរទេស​ ដែល​ចូលមក​កម្ពុជា​ពុំ​តម្រូវ​ឱ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​កូវីដ-១៩ នោះទេ។ ការ​សម្រេច​នេះ បន្ទាប់ពី​កម្ពុជា បាន​បើក​ឡើង​វិញ​ទាំង​ស្រុង​កាលពី​ត្រីមាស​ទី៤ ឆ្នាំ​២០២២។​
 
ក្រសួង​ទេសចរណ៍ អំពាវ​នាវ​ដល់​សមាគមទេសចរណ៍​ ផ្នែក​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ផ្សព្វផ្សាយ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ និង​អ្នក​ដំណើរ​អន្តរជាតិ​ឱ្យ​មក​ទស្សនាកម្ពុជា។ សូម​បញ្ជាក់ថា នៅ​ឆ្នាំ​២០២៣នេះ កម្ពុជា បានរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមប្រធានបទ «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»៕
 
 

Tag:
 ទេសចរណ៍
  PCR
© រក្សាសិទ្ធិដោយ thmeythmey.com