អន្តរជាតិ
លោក ហ្សេលេនស្គី គ្រោងជួបប្រធានាធិបតីចិន ស៊ី ជិនភីង
25, Feb 2023 , 8:29 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយនៅថ្ងៃទី២៤ ខែកុម្ភៈថា លោក​គ្រោង​ជួប​ប្រធានាធិបតីចិន ស៊ី ជិនភីង ក្រោយក្រុងប៉េកាំងស្នើឱ្យមានកិច្ចចរចាសន្តិសុខ​ជាបន្ទាន់​ដើម្បី​បញ្ចប់​សង្គ្រាមនៅអ៊ុយក្រែន។

 
«ខ្ញុំគ្រោងនឹងជួបជាមួយលោក ស៊ី ជិនភីង »។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រាប់អ្នកសារព័ត៌មាន បែបនេះនាឱកាសសន្និសីទកាសែតចំពេលការឈ្លានពានរបស់រុស្ស៊ីឈានចូលដល់មួយឆ្នាំ។ លោក​បន្តថា ជំនួបជាមួយមេដឹកនាំចិនសំខាន់ណាស់សម្រាប់សន្ដិសុខពិភពលោក។ យ៉ាងណាមិញ លោក មិនបានបញ្ជាក់ពីពេលវេលា ឬទីកន្លែងដែលលោកគ្រោងនឹងជួយលោក ស៊ី ឡើយ។
 
បន្ថែមពីនេះ មេដឹកនាំអ៊ុយក្រែនរូបនេះបានបង្ហាញពីក្ដីសង្ឃឹមដែលចិននឹងជួយគាំទ្រកិច្ចចរចា សន្តិភាព និងព្រមទាំងជួយអ៊ុយក្រែនផងដែរ។
«ខ្ញុំពិតជាចង់ជឿថា ចិននឹងមិនផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីទេ។ វាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ»។ លោក ហ្សេលេនស្គី សង្កត់ធ្ងន់បែបនេះ។
 
នៅថ្ងៃដដែល ចិន​បានលិខិតប្រកាសជំហរបស់ខ្លួនដោយ​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា​សន្តិភាព​ជា​បន្ទាន់។ ប៉ុន្តែ​មហាអំណាច​លោកខាងលិច​មួយចំនួន​បាន​ច្រានចោល​សំណើ​នេះហើយ​ក៏បាន​ព្រមាន​ពី​ទំនាក់​ទំនង​ជិតស្និទ្ធ​របស់​ទីក្រុង​ប៉េកាំង​ជាមួយ​ទីក្រុង​មូស្គូ​ផងដែរ។ 
 
កន្លងមក ទីក្រុងប៉េកាំងបានប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះនេះ ខណៈពេលដែល​រក្សាទំនាក់ទំ​ន​ង​ជិតស្និទ្ធជាមួយរុស្ស៊ីដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ៕
 
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com