អន្តរជាតិ
ប្រធានអង្គការស្បៀងអាហារពិភពលោកជំរុញឱ្យបញ្ជូនស្បៀងអាហារបន្ថែមទៅស៊ីរី
26, Feb 2023 , 2:29 pm        
រូបភាព
ប្រធានអង្គការស្បៀងអាហារពិភពលោក (WFP) នៅថ្ងៃទី២៥ ខែកុម្ភៈបានជួបប្រទះផ្ទាល់​ស្ថានភាព​ដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយសារគ្រោះរញ្ជួយដី ខណៈដែលលោកបានទៅ​តំបន់​ដែលរ​ង​គ្រោះនៅភាគខាងត្បូងតួកគី។ ប្រធានទីភ្នាក់ងារមួយនេះ ក៏បានជំរុញឱ្យមានការបង្កើន​ជំនួយ​ស្បៀង​អាហារទៅស៊ីរីផងដែរ។

 
ការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី៦ ខែកុម្ភៈដែលបានវាយប្រហារតួកគី និងស៊ីរី បានសម្លាប់មនុស្សជាង៥​ម៉ឺននាក់ហើយ។ នេះបើយោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ការផ្ដល់ជំនួយនៅតែបន្តធ្វើឡើងនៅតួកគី ខណៈដែលស៊ីរីមិនសូវទទួលបានជំនួយឡើយ។
 
«មានវិធីតែមួយគត់ដើម្បីពិពណ៌នាអំពីអ្វីដែលខ្ញុំបានឃើញថ្ងៃនេះគឺ ការបំផ្លិចផ្លាញទាំងស្រុង»។ នាយកប្រតិបត្តិ WFP លោក David Beasley លើកឡើងបែបនេះក្រោយការទៅទីក្រុង Antakya ដែលស្ថិតនៅខេត្ត Hatay របស់តួកគី។ លោកបន្តថា តំបន់ជុំវិញទាំងមូលត្រូវបានបំផ្លិចបំផ្លាញផ្ទះ​ត្រូវ​បានបំផ្លាញ សាលារៀន និងហាងត្រូវបានបិទ ហើយការរស់នៅត្រូវរងភាពលំបាក ខណៈដែលទំហំ​ការ​បំផ្លិចបំផ្លាញនៅទីនោះគឺពិតជាមិនអាចបញ្ជាក់បាន។
 
បើតាមការប្រកាសរបស់ WFP លោក Beasley បានទៅមជ្ឈមណ្ឌលភស្តុភាររបស់អង្គការសហប្រជា ជាតិ (UN) ទីដែលរថយន្តដឹកទំនិញផ្ទុកដោយស្បៀងអាហារ និងការផ្គត់ផ្គង់សម្ភារសង្គ្រោះបន្ទាន់​ផ្សេងទៀតរង់ចាំមុនពេលឆ្លងកាត់ទៅកាន់ស៊ីរីភាគពាយ័ព្យ។ លោកបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃ​ការ​ពង្រីកការចែកចាយស្បៀងអាហារទៅកាន់ស៊ីរីតាមរយៈមធ្យោបាយទាំងអស់ ដោយគ្មានការរឹតបន្តឹង​ណាមួយ ហើយអំពាវនាវឱ្យភាគីទាំងអស់ជួយសម្រួលដល់ដឹកជញ្ជូនឆ្លងកាត់ផងដែរ។
 
ភាគពាយ័ព្យនៃស៊ីរីដែលរងគ្រោះខ្លាំងដោយសាររញ្ជួយនេះ ត្រូវបានគ្រប់គ្រងដោយ​ក្រុមប្រឆាំងនៅក្នុង​សង្គ្រាមជាមួយប្រធានាធិបតីលោក Bashar al-Assad។ ប្រជាជនក្នុងតំបន់នេះពឹងផ្អែកលើជំនួយ សម្រាប់តម្រូវការមូលដ្ឋានតាំងពីដើមមកហើយ។
 
បច្ចុប្បន្ន ច្រកដឹកជញ្ជូន២ត្រូវបានបើកបន្ថែមតាមទឹកដីតួកគីទៅកាន់តំបន់កាន់កាប់​ដោយ​ក្រុមឧទ្ទាម​។ មួយក្នុងចំណោមទាំងនេះគឺ តំបន់ឆ្លងកាត់ព្រំដែន Bab al-Hawa ដែលត្រូវបាន​ប្រើប្រាស់​រួច​ហើយ​ក្រោមការអនុញ្ញាតរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ លោក Assad បានផ្តល់ការអនុញ្ញាតពិសេស សម្រាប់តំបន់ពីរផ្សេងទៀតដែលត្រូវបានបើកសម្រាប់រយៈពេលបីខែ៕
 
 

Tag:
 ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com