អន្តរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 បញ្ចប់កិច្ចប្រជុំដំបូងជាមួយនឹងភាពខ្វែងគំនិតគ្នាលើសង្គ្រាមនៅអ៊ុយក្រែន
26, Feb 2023 , 7:29 pm        
រូបភាព
កិច្ចប្រជុំលើកដំបូងរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅឥណ្ឌា​បាន​បញ្ចប់នាថ្ងៃទី២៥​ ខែកុម្ភៈ ជាមួយនឹងភាពខ្វែងមតិគ្នាអំពីសង្គ្រាមអុជបញ្ឆេះរុស្ស៊ីនៅអ៊ុយក្រែន។​ រដ្ឋមន្រ្តី G20 ក៏បានពិភាក្សាគ្នាលើបញ្ហាវិបត្តិបំណុលសកល ការប្រែប្រួលអាកាសធាតុ និង​គ្រោះ​រញ្ជួយ​ដី​នៅស៊ីរី និងតួកគីផងដែរ។

 
ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសសមាជិក G20 នៅទីក្រុង Bengaluru ឥណ្ឌា​ដែលជាម្ចាស់ ផ្ទះបញ្ចេញ​ឯកសារ​សង្ខេប​និង​លទ្ធផលកិច្ចប្រជុំ​ជំនួស​ឱ្យ​សេចក្តីថ្លែងការណ៍​រួមដែលមិនអាចចេញបានព្រោះមិនមូលមតិគ្នា។
 
ប្រទេសសមាជិកភាគច្រើនបានបដិសេធយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយបានទាមទារឱ្យរុស្ស៊ីមានការដកខ្លួនទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ។ នេះបើ​យោង​តាម​សេចក្តីសង្ខេបរបស់ប្រធាន។ រុស្ស៊ី និងចិនដែលជារដ្ឋសមាជិក G20 ជំទាស់ការប្រើពាក្យជាច្រើន។
 
បណ្ដារដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា សង្រ្គាមកំពុងបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងក្លាដល់ ប្រជាជន និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែផុយស្រួយ។
 
«ប្រទេសទន់ខ្សោយកំពុងទន្ទឹងរង់ចាំដំណោះស្រាយពីកិច្ចប្រជុំកំពូលនេះ»។ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា លោកស្រី Nirmala Sitharam លើកឡើងបែបនេះ​បន្ទាប់​ពី​កិច្ច​ប្រជុំ។
 
សេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុឥណ្ឌា បញ្ជាក់ថា សេចក្តីសង្ខេបរបស់ប្រធាន និងឯកសារ​លទ្ធផលជាសមិទ្ធផលដ៏សំខាន់មួយដែលផ្តោប្រធានបទជាច្រើនចាប់ពីវិបត្តិបំណុលពិភពលោក កំណែ​ទម្រង់ធនាគារអភិវឌ្ឍន៍ពហុភាគី ហិរញ្ញវត្ថុអាកាសធាតុ វិធីសាស្រ្តសកលលោកចំពោះគ្រីបតូ ហេដ្ឋារចនាសម្ព័ន្ធសាធារណ ឌីជីថល ការដាក់បញ្ចូលហិរញ្ញវត្ថុ និងការបង់ពន្ធ។
ប្រទេសសមាជិកក៏បានចូលរួមរំលែកទុក្ខចំពោះគ្រោះរញ្ជួយដីដ៏មហន្តរាយនៅតួកគីនិង ស៊ីរីផងដែរ ហើយអំពាវនាវដល់សមាជិក និងស្ថាប័នពហុភាគី បន្តផ្តល់ជំនួយ ដែលអាចធ្វើទៅ​បាន​ទាំង​អស់​សម្រាប់ការស្តារ និងកសាងឡើងវិញ៕
 
 

Tag:
 G20
© រក្សាសិទ្ធិដោយ thmeythmey.com