កុមារី ផានិត នីតា កំពុងសម្ងំហ្វឹកហាត់ប្រដាល់គុនខ្មែរ នៅក្លិបសុវណ្ណកុមារគុនខ្មែរ។ មានវ័យ១១ឆ្នាំ នីតា មានក្តីស្រមៃធំមួយ ចង់ក្លាយជាជម្រើសជាតិប្រដាល់គុនខ្មែរ តំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួតលើឆាកអន្តរជាតិ។ ជាមួយក្ដីសុបិន្ដដ៏ធំ និងការស្រឡាញ់វិស័យកីឡាគុនខ្មែរផងនេះ នីតា ក៏មិនភ្លេចការសិក្សានោះដែរ។
៥ខែមកហើយ ដែល ផានិត នីតា បានចូលហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ ក្នុងក្លិបប្រដាល់សុវណ្ណកុមារគុនខ្មែរ ដែលស្ថិតនៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។
ជាសិស្សថ្នាក់ទី ៨ផងនោះ កុមារី នីតា បានចំណាយពេលវេលានៃកុមារភាពខ្លួន ខុសពីក្មេងៗ ដដៃជាច្រើនទៀត ទៅមកហ្វឹកហាត់ប្រដាល់គុនខ្មែរ ក្រោយពេលម៉ោងសិក្សា។
កីឡាការិនី ផានិត នីតា ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
ការចូលហាត់ប្រដាល់គុនខ្មែរនេះ នីតា ចាត់ទុកថា ជាវិថីមួយ នៃក្ដីស្រមៃរបស់ខ្លួន ដែលចង់ក្លាយ ជាជម្រើសជាតិ ហើយប្រកួតនាំយកជ័យលាភីផ្សេងៗ ដល់ប្រទេសជាតិ និងក្រុមគ្រួសារ។ ចំពោះ ការហាត់ប្រដាល់នេះ គឺជាការស្រឡាញ់របស់ នីតា បូករួមការជួយជ្រោមជ្រែង ពីលោក អ៊ុំ ផានិត ដែលជាជីតាខ្លួន និងជាប្រធានក្លិបប្រដាល់ក្លិបសុវណ្ណកុមារគុនខ្មែរផង។
ថ្លែងទាំងអារម្មណ៍សប្បាយរីករាយ មកកាន់សារព័ត៌មានថ្មីៗ នីតា បានញញឹមផង សើចផង ព្រោះជាលើកទី១ ហើយ ដែលបានបង្ហាញពីក្ដីសុបិន្ដ និងមហិច្ឆិតាខ្លួន ក្នុងវិស័យគុនខ្មែរបែបនេះ។
«ខ្ញុំ ចង់ប្រកួតស៊ីហ្គេមនៅខ្មែរ ប៉ុន្ដែខ្ញុំ អត់បទពិសោធន៍។ ខ្ញុំ សង្ឃឹមថាថ្ងៃណាមួយ ខ្ញុំអាចទៅប្រកួតស៊ីហ្គេមពេលក្រោយ ហើយជាមួយបរទេស ដើម្បីគ្រួសារ និងប្រទេសខ្ញុំ។»។ កុមារី នីតា បាននិយាយទាំងមុខមាំដូច្នេះ។
ចំពោះការហ្វឹកហាត់បាន ៥ខែនេះ នីតា បានប្រកួតលើសង្វៀន ២ដងហើយ ក្នុងនោះ ឈ្នះ១ និងស្មើ១។ កុមារី នីតា បានបញ្ជាក់ថា ខ្លួន មិនមានការភ័យខ្លាចទេ ក្នុងការប្រកួតលើសង្វៀន បើទោះជាមានបទពិសោធន៍ត្រឹមតែ ២លើកក្តី។ កីឡាការិនីរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ មិនមានអ្វីភ័យខ្លាចទេ ព្រោះខ្ញុំ បានហ្វឹកហាត់ដូចគេដែរ។»។
កីឡាការិនីរូបនេះ ថាខ្លួនត្រូវប្រឹងប្រែងហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង ទើបថ្ងៃអនាគត អាចសម្រេចបានក្ដីស្រមៃ ដែលចង់ក្លាយជាជម្រើសជាតិ ចេញប្រកួតតំណាងឲ្យប្រទេសជាតិ។
លោក អ៊ុំ ផានិត គ្រូបង្វឹកក្លិបប្រដាល់ក្លិបសុវណ្ណកុមារគុនខ្មែ បានបញ្ជាក់ថា នីតា ជាក្មេងស្រីមួយរូប មានការព្យាយាមច្រើន ហើយស្ដាប់បង្គាប់គ្រូបង្វឹកទៀតផង។ ចំពោះការហ្វឹកហាត់ កុមារី នីតា មិនដែលខ្ចិល ហើយហ្វឹកហាត់បានខ្ជាប់ខ្ជួន ជាប្រចាំ។
បើទោះជាមមាញឹកក្នុងការហ្វឹកហាត់ក្តី ប៉ុន្ដែនីតា មិនភ្លេចការសិក្សានោះទេ។ កុមារីរូបនេះ បានចែកពេលវេលាច្បាស់លាស់ សម្រាប់ការហ្វឹកហាត់ និងការរៀនសូត្រ។ នីតា ត្រូវងើបតាំងពីម៉ោង ៥ព្រឹក ដើម្បីហ្វឹកហាត់ ហើយដល់ម៉ោង ៦ព្រឹក នីតា ត្រូវរៀបចំខ្លួនទៅរៀន។ លុះពេលចេញពីរៀន នីតា ត្រូវរត់ហាត់ប្រាណ ហើយហ្វឹកហាត់ នៅក្លិបវិញ។ សកម្មភាពបែបនេះ ត្រូវបានកុមារីរូបនេះ បានអនុវត្តជារៀងរាល់ថ្ងៃ ហើយបានក្លាយទៅជាទម្លាប់មួយទៅហើយ៕