ជាតិ
វីដេអូ
ចុងភៅលេខ១ លើការចម្អិន «ហហ្មុក» បានប្រាប់ពីរបៀបធ្វើម្ហូប​តំណាងជាតិមួយនេះ
26, Feb 2023 , 7:59 pm        
រូបភាព
សៀមរាប៖ «ហហ្មុក» ឬអ្នកស្រុកហៅថា អាម៉ុក ជាម្ហូបខ្មែរមួយមុខ តំណាងឱ្យប្រទេសកម្ពុជា។ ម្ហូបមួយមុខនេះ មានគ្រឿងផ្សំច្រើន រាប់តាំងពីគ្រឿងខ្មែរ (គ្រឿងបុក),គ្រឿងការី,សាច់ត្រី,ខ្ទិះដូង,ប្រហុក,ស្លឹកញ និងគ្រឿងទេសមួយចំនួនទៀត។ ម្ហូបហហ្មុកនេះ អាចចម្អិនតាម២របៀប ដោយខ្ចប់ចំហុយ និងឆា។



ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖



«ហហ្មុក» ជាម្ហូបខ្មែរមួយមុខ ដែលមានរបៀបធ្វើ និងគ្រឿងផ្សំច្រើន សាំញ៉ាំបន្តិច តម្រូវឱ្យអ្នកធ្វើត្រូវយកចិត្តទុក ផ្ចិតផ្ចង់ក្នុងការចម្អិន ពិសេសការវាល់គ្រឿងឱ្យបានត្រឹមត្រូវ តាមក្បួនខ្នាត ដើម្បីទទួលបានរសជាតិដ៏ឈ្ងុយឆ្ងាញ់។
 
លោក ឌុក ដេត ម្ចាស់ជ័យលាភីលេខ១ លើការចម្អិនមុខម្ហូប «ហហ្មុក» បានប្រាប់ពីរបៀបធ្វើហហ្មុកឱ្យឆ្ងាញ់ ត្រូវមានគ្រឿងផ្សំដូចជា ស្លឹកគ្រៃហាន់១០០ក្រាម,ខ្ទឹមស២៥ក្រាម,ខ្ទឹមក្រហម៤០ក្រាម,រមៀត១៥ក្រាម,រំដេង១៥ក្រាម,ស្លឹកក្រូចសើច៣ក្រាម,ខ្ជាយ៥ក្រាម,ម្ទេសក្រៀម៤៥ក្រាម,សណ្តែកដីលីង៣០ក្រាម,ប្រហុក២៥ក្រាម,ស្ករត្នោត៥០ក្រាម។ គ្រឿងផ្សំាទាំងនេះ ត្រូវបុកបញ្ចូលគ្នាឱ្យហ្មត់ល្មម ហើយឆាគ្រឿងទាំងនេះដោយប្រើប្រាស់ប្រេងឆា៥០ក្រាម។


 
បន្ទាប់ពីឆាគ្រឿងហហ្មុកហើយ ត្រូវយកមកលាយបញ្ចូលជាមួយសាច់ត្រីអណ្ដែងចំនួន១០០ក្រាម,ផ្សិតចំបើង៥០ក្រាម,ស្លឹកញ២០ក្រាម,ពងមាន់១គ្រាប់,ខ្ទិះដូង១៦០មីលីលីត្រ និងបន្ថែមទឹកត្រី១០មីលីលីត្រ,ម្សៅស៊ុប១០ក្រាម និងស្ករស៥ក្រាមផងដែរ។ ក្រោយប្រចល់គ្រឿងផ្សំទាំងអស់បញ្ចូលគ្នារួចរាល់ ត្រូវបត់កន្ទោងស្លឹកចេក ដើម្បីដួសហហ្មុកដាក់ចំហុយរយៈពេល១៥នាទីជាការស្រេច។
 
មុខម្ហូបហហ្មុកនេះ អាចធ្វើតាម២របៀប ដោយចំហុយ ឬឆាក៏បាន។ លោក ឌុក ដេត ថ្លែងថា ទាំងចំហុយឬឆា ហហ្មុកប្រើប្រាស់គ្រឿងផ្សំដូចគ្នា ខុសគ្នាត្រង់ថា ហហ្មុកឆាអាចស្ងួតជាងចំហុយ និងប្រើពេលលឿនជាងផងដែរ។ តែយ៉ាងណា លោក ដេត ណែនាំឱ្យធ្វើហហ្មុកខ្ចប់ចំហុយ ជាជាងយកមកឆា ព្រោះរសជាតិឆ្ងាញ់ និងជាក្បួនធ្វើតាំងពីបុរាណ។ ត្រីរ៉ស់ ត្រីឆ្ដោ និងត្រីអណ្ដែង សុទ្ធតែអាចយកមកធ្វើហហ្មុកបានដូចគ្នា៕
 






Tag:
 ហហ្មុក
© រក្សាសិទ្ធិដោយ thmeythmey.com