ជាតិ
សេដ្ឋកិច្ច
CMA ចាប់ផ្តើមពង្រឹងសុវត្ថិភាពហិញ្ញវត្ថុក្នុងសហគមន៍ ដើម្បីចូលរួមអភិវឌ្ឍជីវភាពពលរដ្ឋ
27, Feb 2023 , 2:35 pm        
រូបភាព
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានដាក់ឱ្យដំណើរការនូវគម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុនៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ​ សិទ្ធិ និងកិច្ចការពារអតិថិជន។ គម្រោងនេះ ក៏ជួយបង្កើននូវការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការរបស់ប្រជាពលរដ្ឋ​ ​ផងដែរ។

 
គម្រោងពង្រឹងសុវត្ថិភាពហិញ្ញវត្ថុក្នុងសហគមន៍នេះ​ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព និងការអភិវឌ្ឍស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ នេះជាការលើកឡើងរបស់លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយបានបញ្ជាក់ថា ការដាក់ឱ្យដំណើរគម្រោងនេះ​ គឺស្ថិតក្នុងដំណាក់កាលសាងល្បង​នៅខេត្តគោលដៅចំនួន៤។​ ក្នុងនោះមានខេត្តបាត់ដំបង​​ កំពង់ធំ កំពង់ស្ពឺ និងស្វាយរៀង។​
 
ផែនការសកម្មភាពនៃគម្រោងពង្រឹងសុវត្ថិភាពហិញ្ញវត្ថុក្នុងសហគមន៍ដោយផ្តើមចេញពីខេត្តទាំងបួននេះ គឺមានរយៈពេលមួយឆ្នាំ ពោលគឺឆ្នាំ២០២៣ដល់២០២៤​។ គម្រោងនេះ នឹងត្រូវពង្រីកដល់ឃុំ/ស្រុក/ខេត្ត ដែលឈានដល់ការអនុវត្តក្នុងរយៈពេលមធ្យមពីឆ្នាំ២០២៥ដល់២០២៦ និងរយៈពេលវែងពីឆ្នាំ២០២៧ដល់២០៣០ ដែលគម្រោងនឹងត្រូវបានពង្រីកដល់ក្របខណ្ឌនៅទូទាំងប្រទេស។ 
 
​ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងពង្រឹងសុវត្ថិភាពហិញ្ញវត្ថុក្នុងសហគមន៍ នារសៀលថ្ងៃទី២៤កុម្ភៈ លោក វ៉ាន់ឌី បានថ្លែងថា ៖ «គោលដៅនៃការអនុវត្តគម្រោងនេះ គឺដើម្បីរួមចំណែក ក្នុងយុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ការប្រើសេវាហិរញ្ញផ្លូវការ។ ជាសុបិនដ៏ធំរបស់យើង ក៏ចង់ឃើញពលរដ្ឋដែលជាអតិថិជនយើងទទួលជោគជ័យ និងរីកចម្រើន»។ 
 
លោកបន្តនិយាយដោយភាពជឿជាក់ថា ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងការកិច្ចការពារអតិថិជនេះ គឺមានសារៈសំខាន់ណាស់ក្នុងការបង្កើនការយល់ដឹង និងការអនុវត្តឱ្យបានសម្រាប់ប្រជាពលរដ្ឋ។ ពី ព្រោះកាលណាពលរដ្ឋមានចំណេះផ្នែកហិរញ្ញវត្ថុ​  នោះពួកគាត់អាចសម្រេចចិត្តត្រឹមត្រូវ និងមានសមត្ថភាពប្រើប្រាស់ហិរញ្ញវត្ថុបានល្អប្រសើរ។​ « ការធ្វើបែបនេះវានឹងរួមចំណែកអភិវឌ្ឍជីវភាពពលរដ្ឋទាំងកម្រិតគ្រួសារ ទាំងកម្រិតសហគមន៍ និងទាំងកម្រិតក្នុងសង្គម​»។ នេះជាការអះអាងរបស់លោក វ៉ាន់ឌី។​
 
យ៉ាងណាមិញ ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យ ចាំបាច់ណាស់ត្រូវមានការចូលរួមគ្រប់ពីភាគីពាក់ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុ។​​ បើតាមលោក ម៉ែន ភក្តី ដែលជាប្រធានក្រុមការងាររៀបចំ និងអនុវត្តគម្រោងពង្រឹងសុវត្ថិភាពហិញ្ញវត្ថុក្នុងសហគមន៍ តាមរយៈគម្រោងនេះនឹងបណ្តុះបណ្តាលគ្រូបង្គោលក្នុងជាតិ និងក្រោមជាតិ រួមនឹងការអនុវត្តគម្រោងទៅតាមភូមិ-ឃុំគោលដៅទាំង៤ខាងលើ ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២៣ តទៅនេះ។​
 
ជាមួយគ្នានេះ​លោក ភក្តី ក៏ទាមទារឱ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដែលចាប់អារម្មណ៍លើគម្រោងនេះ ជួចាត់តាំងបុគ្គលចូលជាក្រុមការងារ ជាគ្រូបង្គោលនៅកម្រិតថ្នាក់ជាតិ ឬក្រោមជាតិ។ លោកក៏លើកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដែលមានកម្មវិធីគម្រោងស្រដៀងគ្នា សូមធ្វើសុខដុមនីយកម្មទៅជាគម្រោងពង្រឹងសុវត្ថិភាពហិញ្ញវត្ថុក្នុងសហគមន៍។​ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដែលកំពុង និងមានគំនិតផ្តួចផ្តើមធ្វើកម្មវិធីឬគម្រោងថ្មីៗក្នុងការពង្រឹងផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺសូមគាំទ្រ និងអនុវត្តគម្រោងពង្រឹងសុវត្ថិភាពហិញ្ញវត្ថុក្នុងសហគមន៍នេះ​។
 
លោក ភក្តី បានលើកឡើងថា៖ «នៅពេលដែលយើងអនុវត្តកិច្ចការបស់យើងទាំងអស់រួមគ្នា យើងនឹងឃើញ សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍កើតមានឡើង។ អ៊ីចឹង!បើសុវត្ថិភាពហិរញ្ញវត្ថុកើតមានឡើង នោះវានឹងនាំមកនូវសុវត្ថិភាពសហគមន៍ទាំងមូល។ នៅក្នុងន័យហ្នឹងហើយ! ដែលយើងអាចផ្ទេរកិច្ចការទាំងអស់ហ្នឹងជូនរាជរដ្ឋាភិបាល ដើម្បីដាក់ចូលក្នុងកម្មវិធីភូមិ-ឃុំមានសុវត្ថិភាពរបស់យើង»។​ 
 
​សម្រាប់លោក សុខ វឿន​ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ ការអនុវត្តគម្រោងនេះ ទាមទារការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ផងដែរ។ «យើងនឹងធ្វើការរួមគ្នា ដើម្បីធានានូវការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ហើយយើងជឿជាក់ថា វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជននៅកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក សុខ វឿន។
 
បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ពីវិស័យហិរញ្ញវត្ថុ ដែលរួមពង្រឹងបន្ថែមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល និង ជំរុញបរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ គម្រោងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជននៅក្នុង កម្ពុជា។ លោក សុខ វឿន បន្តថ្លែងថា៖​«ភាពជោគជ័យរបស់គម្រោង នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅកម្ពុជា»។
 
ជាមួយគ្នានេះ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានបន្ថែមថា ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បងដែលធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងបន្តអនុវត្តដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន។ លោកអះអាងថា៖« កិច្ចការទាំងនេះធ្វើឡើងក្នុងគោលដៅរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស»៕ 
 

Tag:
 ហិរញ្ញវត្ថុ
  CMA
© រក្សាសិទ្ធិដោយ thmeythmey.com