អន្តរជាតិ
កូរ៉េខាងជើងបើកកិច្ចប្រជុំកែលម្អវិស័យកសិកម្ម ស្របពេលបារម្ភបញ្ហាខ្វះស្បៀងអាហារ
27, Feb 2023 , 3:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកោះប្រជុំក្រុមមន្ត្រីបក្សកាន់អំណាច ដើម្បីពិភាក្សាពីការកែលម្អសេដ្ឋកិច្ច និងវិស័យកសិកម្មរបស់ប្រទេស ស្របពេលមានក្ដីបារម្ភពីខ្វះស្បៀងអាហារ និងវិបត្តិមនុស្សធម៌។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី២៧ ខែកុម្ភៈ។



ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃទី២៦ ខែកុម្ភៈ បានដឹកនាំកិច្ចប្រជុំពេញអង្គលើកទីប្រាំពីរនៃគណៈមជ្ឈិមអាណត្តិទី៨ របស់បក្សពលករកូរ៉េ ដើម្បីត្រួតពិនិត្យគម្រោងអភិវឌ្ឍជនបទ។ នេះជាកិច្ចប្រជុំសំខាន់ និងបន្ទាន់បំផុត ដើម្បីបង្កើតយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ការអភិវឌ្ឍកសិកម្មកូរ៉េខាងជើង។
 
កិច្ចប្រជុំនេះធ្វើឡើងស្របពេលសហគមន៍អន្តរជាតិអះអាងពីបញ្ហាអសន្តិសុខស្បៀងអាហារដែលកាន់តែធ្លាក់ក្នុងសភាពអាក្រក់ទៅៗសម្រាប់ក្នុងប្រទេសនេះ។ ទណ្ឌកម្មអន្តរជាតិ និងវិបត្តិសល់ពីការបិទខ្ទប់ប្រទេសពេលមានជំងឺកូវីដ-១៩ រឹតតែធ្វើឱ្យបញ្ហាស្បៀងនៅកូរ៉េខាងជើងជួបបញ្ហា។
 
កូរ៉េខាងត្បូងនាពេលថ្មីៗនេះក៏បានលើកឡើងពីស្ថានភាពស្បៀងអាហាររបស់កូរ៉េខាងជើងដែលហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនឡើងដែរ។ ក្រុមមន្ត្រីទីក្រុងសេអ៊ូលបានសន្មត់កិច្ចប្រជុំនេះថាជាការទទួលស្គាល់ការពិតនៃកង្វះខាតស្បៀងអាហារធ្ងន់ធ្ងររបស់កូរ៉េខាងជើង។
 
កាលពីខែមុន កម្មវិធី 38 North ដែលតាមដានកិច្ចការកូរ៉េខាងជើង បានបង្ហាញនៅក្នុងរបាយការណ៍មួយថា ស្បៀងអាហារបម្រុងសម្រាប់ប្រជាជនកូរ៉េខាងជើងទំនងជាធ្លាក់ចុះក្រោមកម្រិតអប្បបរមា ដែលជាអសន្តិសុខស្បៀងមានស្ថានភាពអាក្រក់បំផុតចាប់តាំងពីគ្រោះទុរ្ភិក្សនៃទសវត្សរ៍១៩៩០។
 
គួរបញ្ជាក់ថា កូរ៉េខាងបានជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹង ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មតាមព្រំដែនរបស់ខ្លួនស្ទើរតែត្រូវបានផ្អាកទាំងស្រុងដោយការបិទខ្ទប់ប្រទេសដើម្បីបង្ការការរាលដាលជំងឺកូវីដ-១៩។ កង្វះខាតស្បៀងអាហារនាពេលបច្ចុប្បន្ននេះ ទំនងជាបណ្តាលមកពីការប្រមូលផលមិនល្អ ចំពេលមានអាកាសធាតុក្ដៅខ្លាំងផងដែរ។
 
បើទោះកូរ៉េខាងជើងទំនងជួបវិបត្តិស្បៀងអាហារ លោក គីម មិនរាថយចំពោះការពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលឡើយ ដោយនៅដើមឆ្នាំ២០២៣ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប និងមីស៊ីលបាលីស្ទិកចម្ងាយខ្លីពីរគ្រាប់បន្តបន្ទាប់គ្នា៕ 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com