ជាតិ
ទិវាសត្វក្រៀល នឹងត្រូវធ្វើនៅថ្ងៃស្អែក នាតំបន់ការពារទេសភាពអន្លង់ព្រីង
× ភ្នំពេញ៖ ទិវាសត្វក្រៀលនឹងត្រូវធ្វើនៅថ្ងៃទី២៨ខែកម្ភៈ ឆ្នាំ២០២៣ នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងទិវានោះ នឹងមានការប្រកួតគំនូរពីសាលាចំនួនពីរ និងការដាំកូនឈើជាង៤០០ដើម នៅតាមដងផ្លូវនៅតំបន់ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមកិច្ចការពារ និងអភិរក្សសត្វក្រៀលនៅក្នុងតំបន់នោះ។
លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតសត្វនៃកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25ថា ទិវាសត្វក្រៀលធ្វើឡើង ដើម្បីផ្សព្វផ្សាយពីសកម្មភាពការពារ និងអភិរក្សសត្វក្រៀលនៅក្នុងតំបន់។
សិស្សានុសិស្សចូលរួមកកម្មវិធី ទិវាសត្វក្រៀល ឆ្នាំ២០២២
កម្មវីធីនេះ នឹងមានការចូលរួមពីសិស្សានុសិស្សនៅជុំវិញតំបន់នោះ មានការប្រកួតគំនូរពីមកពីសាលាចំនួនពីរ និងមានការចូលរួមពីពលរដ្ឋសហគមន៍ ដែលកំពុងចូលរួមក្នុងកិច្ចការពារ និងអភិរក្សក្រៀល។
ទន្ទឹមនោះកូនឈើប្រមាណ៤៥០ដើម នឹងត្រូវដាំនៅតាមផ្លូវដោយ អង្គការ ស្ថាប័នរដ្ឋនិងពលរដ្ឋ។ «ទិវានេះជាផ្នែកមួយនៃការផ្សព្វផ្សាយពីកិច្ចការពារ និងថែរក្សសត្វក្រៀល និងអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋអាចទទួលបាន។ ឆ្នាំនេះយើងក៏មានការប្រកួតគំនូរ ដោយសិស្សឆ្នើមមកពីសាលាកោះត្នោត សាលាថ្មបើកផងដែរ»។ នេះជាការពន្យល់របស់លោក វរសក្ស ដែលលោកបានបន្ថែមថា ការដាំកូនឈើនៅក្នុងតំបន់នេះ អាចជាផ្នែកមួយនែការរួមចំណែកមិនឱ្យសត្វក្រៀលផ្អើល នៅពេលធ្វើដំណើរ និងរកស៊ីនៅតំបន់ការពារទេសភាពអន្លង់ព្រីង ឬមួយនៅពេលឃើញអ្នកទេសចរទៅទស្សនានៅតំបន់នោះ។
សិស្សានុសិស្សចូលរួមកកម្មវិធី ទិវាសត្វក្រៀល ឆ្នាំ២០២២
ប្រធានអង្គការខាងលើបានលើកឡើងថា ជាការកត់សម្គាល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសត្វកន្លងមក។ សកម្មភាពទាំងនោះ រួមមាន
ការចូលរួមដាំដុះស្រូវមិត្តក្រៀល ដើម្បីបង្កើតចំណីសម្រាប់សត្វ ការចូលរួមមិនបង្អើលមិនប្រមាញ់ និងមិនប្រើឬកាត់បន្ថយថ្នាំគីមីក្នុងចម្ការ ក៏ជាការចូលរួមយ៉ាងសំខាន់។
លោក វរសក្ស បង្ហាញថា៖ « នៅតំបន់យើងមិនអាចកំណត់ថា សត្វក្រៀលមានការកើនឡើងឬថយចុះទេ ដោយសារទីនេះ គ្រាន់តែជាកន្លែងរកចំណីតែប៉ុណ្ណោះ។ ប៉ុន្ដែយើងអាចឃើញសត្វក្រៀល ធ្វើដំណើរមករកចំណីកាន់តែច្រើននៅតំបន់នេះ មានន័យថា ជាទីតាំងមួយសុវត្ថិភាពសត្វអាចទុកចិត្តបាន»៕
Tag:
កំពត
សត្វក្រៀល
អន្លង់ព្រីង
© រក្សាសិទ្ធិដោយ thmeythmey.com