អន្តរជាតិ
លោក ហ្សេលេនស្គី ដកមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ពីតំណែង
27, Feb 2023 , 4:59 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៦​ ខែកុម្ភៈ បានដកតំណែងមេបញ្ជាការយោធាជាន់ខ្ពស់របស់យោធាអ៊ុយក្រែនម្នាក់ដែលជួយដឹកនាំទ័ពប្រយុទ្ធនឹងកងទ័ពរុស្ស៊ីនៅតំបន់ភាគខាងកើតប្រទេស។ ប្រធានាធិបតីរូបនេះមិនបានផ្តល់ហេតុផលសម្រាប់ការដកតំណែងឡើយ។



នៅក្នុងក្រឹត្យខ្លីមួយនៅថ្ងៃទី២៦ ខែកុម្ភៈ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រកាសបណ្តេញមេបញ្ជាការកម្លាំងប្រតិបត្តិការចម្រុះ លោក Eduard Moskalyov ចេញពីតំណែងដោយមិនបានបញ្ជាក់មូលហេតុឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ហ្សេលេនស្គី ក៏ទើបនិយាយពីឈ្មោះលោក Moskalyov នៅក្នុងសុន្ទរកថាថ្ងៃទី២៤ ខែកុម្ភៈ នៅពេលរាយនាយមេបញ្ជាការយោធាដែលលោកបានពិភាក្សាពីកិច្ចការជាតិ។ 
 
លោក Moskalyov បានចូលកាន់តំណែងតាំងពីខែមីនា ឆ្នាំ២០២២ មិនយូរប៉ុន្មានក្រោយរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន។ លោក Moskalyov ដឹកនាំទ័ពចូលរួមក្នុងសមរភូមិសំខាន់ៗក្នុងតំបន់ Donbas នៅភាគខាងកើតប្រទេសផងដែរ។ 
 
ការបណ្តេញលោក Moskalyov ចេញពីតំណែងកើតឡើងបន្ទាប់ពីការប្រកាសប្ដូរតំណែងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ។ ក្រសួងការពារជាតិអ៊ុយក្រែន រងការសង្ស័យថា របបានបង្ខាំងស្បៀងអាហារមិនឱ្យកងទ័ពក្នុងពេលមានអតិផរណាឡើងខ្ពស់។ 
 
កន្លងមក រដ្ឋាភិបាលបានបានទទួលយកការសុំលាលែងពីតំណែងរបស់អនុរដ្ឋមន្ត្រីមួយរូបបន្ទាប់ពីបានរកឃើញថាបានទទួលសំណូក។​ លើសពីនេះ អនុប្រធានការិយាល័យប្រធានាធិបតី លោក Kyrylo Tymoshenko បានស្នើលាលែងពីតំណែងផងដែរ៕ 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com