កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កង់ភ្នំ៖ មន្រ្តីសហព័ន្ធជឿជាក់អត្តពលិកកម្ពុជា នឹងកើនសិទ្ធផលថ្មី ក្នុងការប្រជែងកម្រិតខ្ពស់
27, Feb 2023 , 6:59 pm        
រូបភាព
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា(រូបក្នុងរង្វង់មូល)។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា(រូបក្នុងរង្វង់មូល)។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
ដោយ:
មន្រ្តីសហព័ន្ធកីឡាទោចក្រយានកម្ពុជា ជឿជាក់ថា អត្តពលិកជម្រើសជាតិកម្ពុជា នឹងកើនសិទ្ធផលថ្មីបន្ថែម នៅក្នុងការប្រកួត Union Cyclist International(UCI) និងពានរង្វាន់ MTB Thailand National Championship នៅប្រទេសថៃ ពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២៣។

 
ប្រតិភូគ្រូបង្វឹកអត្តពលិកកីឡាទោចក្រយានកម្ពុជា ១១រូប ចេញដំណើរទៅចូលរួមប្រកួតកីឡាកង់ភ្នំ ក្នុងព្រឹត្តិការណ៍ Union Cyclist International(UCI) នៅខេត្តPhichit ប្រទេសថៃ ដែលមានប្រទេសជាង ១០ចូលរួម។ ក្នុងនោះមាន ម្ចាស់ផ្ទះថៃ កម្ពុជា ម៉ាឡេស៊ី ចិន បារាំង សហរដ្ឋអាម៉េរិក ហ្វីលីពីន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ជប៉ុន និងអាល្លឺម៉ង់។
 
ជុំវិញការប្រកួតនេះ មន្រ្តីសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោក នូ ចំរើន ជឿជាក់ថា កីឡាករ-កីឡាការិនីជម្រើសជាតិ នឹងទទួលបានសិទ្ធផលថ្មី មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាខែឧសភា មកដល់។ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុក នាថ្ងៃទី២៧ កុម្ភៈថា៖«ខ្ញុំជឿជាក់ថាក្រុមជម្រើសជាតិកម្ពុជា នឹងបង្កើនសិទ្ធផលបន្ថែមទៀត ដោយសារចូលរួមប្រកួតជាមួយកីឡាករ-កីឡាការិនីខ្លាំងៗមកជាង១០ប្រទេស»។ 
 
គួបញ្ជាក់ថា កីឡាទោចក្រយានកម្ពុជា ដឹកនាំដោយប្រធានប្រតិភូលោក ផេង ប៉ូលីន គ្រូបង្វឹកលោក អ៊ុច សុខវិបុល។ កីឡាករ ៥រូបរួមមាន ឆាន ឆៃហ្វុង, ឃឹម ម៉េងឡុង, ក្រួច វ៉ា, ម៉ៅង ពិសិដ្ឋ, មុត ប្រុសសុភ័ត្រា្ត និងកីឡាការិនីរួមមាន អេង សុជាតា (ប្រធានក្រុម) កីឡាការិនី ខេន ម៉ាឡៃ, យត់ កន្និកា និងកីឡាការិនី វ៉ុន ស្រីនីត។
 
ចំពោះការប្រកួតកម្រិតសន្សំពិន្ទុ(UCI)ឆ្ពោះទៅការប្រកួតកម្រិតអាស៊ី និងឈានទៅកម្រិតអូឡាំពិក ឆ្នាំ២០២៣ នឹងធ្វើនៅថ្ងៃទី១-២ ខែមីនា និងថ្ងៃទី៤-៥ ខែមីនា នឹងប្រកួតពានរង្វាន់ MTB Thailand National Championship ពានរង្វាន់ថ្នាក់ជាតិថៃ៕
 

Tag:
 កីឡាទោចក្រយាន
 នូ ចំរើន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com