ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជាបរាជ័យក្នុងការនាំចេញអង្ករ ឱ្យបាន១លានតោន 
ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន
×![]()
មកទល់បច្ចុប្បន្ន កម្ពុជាមិនទាន់សម្រេចនូវគោលដៅនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ឱ្យបាន១លានតោនឡើយ បន្ទាប់ពីគោលនយោបាយជាតិស្តីពី«ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ»ត្រូវបានអនុវត្តអស់រយៈពេលជិត១៣ឆ្នាំមកនេះ។ បើតាមសម្តេច ហ៊ុន សែន ដ្បិតកម្ពុជាទទួលបានជោគជ័យក្នុងការផលិតស្រូវ ប៉ុន្តែកម្ពុជាមិនជោគជ័យក្នុងការចេញអង្ករឡើយ។
«គោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ គឺយើងជោគជ័យតែ១ទេក្នុងចំណោម២»។ សម្តេច ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧កុម្ភៈ។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបានជោគជ័យតាមរយៈគោលនយោបាយនេះ គឺការប្រែក្លាយពីប្រទេសដែលខ្វះស្រូវ ទៅជាប្រទេសដែលមានអតិរេកស្រូវ ឬ ជាប្រទេសដែលផលិតស្រូវ-អង្ករលើសពីតម្រូវការក្នុងស្រុក។
«ប៉ុន្តែ យើងមិនជោគជ័យក្នុងការនាំចេញអង្ករបាន១លានតោន!»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដោយបន្តរៀបរាប់ដូច្នេះ៖ «យើងនាំចេញ[អង្ករ]បាន៥០-៦០ម៉ឺនតោនប៉ុណ្នឹង! នេះដោយសារយើងខ្វះមូលដ្ឋានអំពីការកែច្នៃ ទាក់ទងនឹងរោងម៉ាស៊ីនកិនស្រូវ ទាក់ទងនឹងឡសម្ងួត និងទាក់ទងនឹងដើមទុនជាដើម[...]»។
គួររំឭកថា គោលនយោបាយជាតិស្តីពីការ«ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ» ត្រូវបានសម្តេច ហ៊ុន សែន ប្រកាសដាក់ឱ្យអនុវត្តចាប់តាំងពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១០មក។ ការអភិវឌ្ឍវិស័យស្រូវអង្ករមាស តាមរយៈគោលនយោបាយជាតិនេះ រដ្ឋាភិបាលមានមច្ឆិតាចង់ឱ្យកម្ពុជា ក្លាយជាប្រទេសនាំចេញអង្ករធំមួយ ក្នុងតំបន់សម្រាប់ទីផ្សារពិភពលោក ដោយកំណត់យកឆ្នាំ២០១៥ ជាឆ្នាំគោលដៅសម្រេចធ្វើយ៉ាងណាឱ្យមានអតិរេកស្រូវ៤លានតោន ហើយអាចកែច្នៃជាអង្ករនាំចេញផ្លូវការយ៉ាងតិចចំនួន ១លានតោន។
ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញអង្ករត្រឹមជាង៦៣ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន៥៩ប្រទេស-តំបន់។ ក្នុងចំណោមអង្ករនាំចេញរបស់កម្ពុជានោះ មានអង្ករក្រអូបប្រណិត ត្រូវបាននាំចេញច្រើនជាងគេក្នុងចំនួន២៧៧ ៧៣៩តោន។ ចំណែក ការនាំចេញអង្ករសមានចំនួន ១៥៣ ៤២៨តោន និងអង្ករ ចំហុយមាន១៥ ៧៨១តោន។ បន្ថែមពីនេះ អង្ករសរីរាង្គ ត្រូវបាននាំចេញ ១០ ៩៦៧តោន និងអង្ករដំណើបចំនួន ២៣តោន៕
© រក្សាសិទ្ធិដោយ thmeythmey.com