Lionel Messi ក្លាយជាម្ចាស់ពានកីឡាករល្អបំផុតប្រចាំឆ្នាំ២០២២ របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA (Best FIFA Player of the Year) ក្រោយទទួលបានសំឡេងគាំទ្រលើសមិត្តរួមក្រុម Kylian Mbappe និង Karim Benzema របស់ Real Madrid។ លោក Lionel Scaloni គ្រូអាហ្សង់ទីនជាប់ជាគ្រូល្អបំផុត (The Best FIFA Men’s Coach) ឯអ្នកចាំទីបានទៅ Emiliano Martinez របស់ក្រុម Aston Villa និងជម្រើសជាតិអាហ្សង់ទីន។
ពិធីប្រគល់ពាន The Best FIFA Football Awards ប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ក្នុងក្រុងប៉ារីស ប្រទេសបារាំង ក្រោមការរៀបចំរបស់ FIFA។ Messi ខ្សែប្រយុទ្ធ Paris St-Germain ជាប់ជា Best FIFA Player ឆ្នាំ២០២២ តាមរយៈការបោះឆ្នោតពីក្រុមគ្រូបង្វឹក ប្រធានក្រុម និងអ្នកសារព័ត៌មានជុំវិញពិភពលោក។ ពីកម្ពុជា លោក អ៊ឹង ចំរើន នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ ក៏មានឈ្មោះចូលរួមបោះឆ្នោតនេះផងដែរ។
ក្នុងវ័យ៣៥ឆ្នាំ Messi អាចស៊ុតបញ្ចូលទីបាន២៧គ្រាប់ ពីការប្រកួត៤៩លើកសម្រាប់ជម្រើសជាតិ និងក្លិបនៅរដូវកាលមុន និងជាសមាជិកសំខាន់ក្នុងការជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅកាតា។
គ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni ដែលបានជួយដឹកនាំអាហ្សង់ទីនឈ្នះ World Cup ត្រូវបានតែងតាំងជាគ្រូបង្វឹកបុរសល្អបំផុតប្រចាំឆ្នាំរបស់ FIFA ដោយប្រជែងឈ្នះលោក Pep Guardiola អ្នកចាត់ការ Manchester City និងអ្នកចាត់ការទូទៅ Real Madrdi លោក Carlo Ancelotti។
ចំណែកអ្នកចាំទីក៏បានទៅសមាជិកជម្រើសជាតិអាហ្សង់ទីនដូចគ្នា។ អ្នកចាំទីល្អបំផុត The Best FIFA Goalkeeper បានទៅ Emiliano Martinez របស់ក្រុម Aston Villa និងជម្រើសជាតិអាហ្សង់ទីន។ Martinez វ័យ៣០ឆ្នាំ បង្ហាញភាពលេចធ្លោនៅព្រឹត្តិការណ៍ World Cup នៅកាតា ដើម្បីជួយក្រុមឈ្នះពាន។
អ្នកគាំទ្រល្អបំផុត (The Best fan award) ក៏បានទៅអ្នកគាំទ្ររបស់ក្រុមអាហ្សង់ទីនផងដែរ។
Marcin Oleksy កីឡាករបាល់ទាត់ជនពិការរបស់ក្លិប Warta Poznan និងជម្រើសជាតិប៉ូឡូញ ឈ្នះពានរង្វាន់គ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត Puskas Award។ គ្រាប់បាល់ដែល Oleksy ឈ្នះនោះកើតក្នុងជំនួបរវាង Poznan និង Stal Rzeszow រដូវកាលមុន តាមរយៈការទាត់កាប់ចាន ដោយប្រើឈើច្រត់ជាជន្ទុល។
ដោយឡែកផ្នែកស្ត្រីវិញខ្សែប្រយុទ្ធក្រុម Barcelona និងជម្រើសជាតិអេស្ប៉ាញ Alexia Putellaឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំ (Best women's player award)។
ជម្រើស១១នាក់ល្អបំផុតរបស់ FIFA (FIFA FIFPro World11) ប្រចាំឆ្នាំ២០២២ មានខ្សែប្រយុទ្ធដល់ទៅ៤រូប៖
+អ្នកចាំទី: Courtois
+ខ្សែការពារ: Virgil van Dijk, Achraf Hakimi និង Cancelo
+ខ្សែបម្រើ : Kevin De Bruyne, Casemiro និង Lukar Modric
+ខ្សែប្រយុទ្ធ : Lionel Messi, Karim Benzema, Haaland និង Mbappe៕