កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ព្រំ សំណាង ថា ការស្គាល់ពីក្បាច់ដៃគូច្បាស់​ និងប្រឹងហាត់ នឹងជួយរូបគេដណ្តើមមេដាយស៊ីហ្គេម
28, Feb 2023 , 3:59 pm        
រូបភាព
ព្រំ សំណាង កីឡាករប្រដាល់គុនខ្មែរ ប្រាប់ពីគន្លិះដើម្បីទទួលបានលទ្ធផលផ្លែផ្កាលើសង្វៀនថា លុះត្រាតែ ប្រឹងប្រែងហ្វឹកហាត់ឲ្យបានម៉ត់ចត់ និងសិក្សាពីគូប្រជែងឲ្យបានច្បាស់មុនឡើងប្រកួត។ តាមរយៈបទពិសោធន៍ ជម្រើសជាតិប្រដាល់គុនខ្មែររូបនេះ ជឿជាក់ថានឹងដណ្តើមបានមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣ ទោះដៃគូប្រកួត ពីបណ្ដាលប្រទេសនានាសុទ្ធតែមានគុណភាពក៏ដោយ។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ព្រំ សំណាង បានអះអាងថា ជោគជ័យលើសង្វៀន សុទ្ធតែអាចសម្រេចបាន ប៉ុន្ដែអាស្រ័យទៅលើការប្រឹងប្រែង តស៊ូរបស់កីឡាករម្នាក់ៗ។ ជាមួយការប្រឹងប្រែងហ្វឹកហាត់ កីឡាករ ក៏ត្រូវស្វែងយល់ពីដៃគូឲ្យបានច្បាស់ដែរ មុនពេលប្រកួត។ នេះ ជាបទពិសោធន៍ និងជាអ្វីដែលអ្នកប្រដាល់កម្ពុជារូបនេះ ធ្លាប់អនុវត្តកន្លងមក។
 
កីឡាករប្រដាល់រូបនេះ បាននិយាយពីបទពិសោធន៍ដើម្បីទទួលបានផ្លែផ្កាលើសង្វៀនដូច្នេះថា៖«ខ្ញុំ តែងតែមើល វីដេអូ របស់គូប្រជែងតាម Youtube។ បើគេល្អទាត់ យើង នឹងសម្រុកធាក់សិន ហើយប្រសិនគេល្អចា​ប់ វាមិនមែនជារឿងភ័យបារម្ភជាមួយខ្ញុំទេ។ ប៉ុន្ដែបើសិនជាគេល្អដៃ ខ្ញុំត្រូវតែទាត់កាត់។ យើង រកវិធីណា ដែលអាចទប់ទល់ជាមួយគេបាន។ យើង ត្រូវសិក្សាពីក្បាច់ទាត់ និងក្បាច់ធាក់, ដាល់ និងក្បាច់យើងទាត់កាត់។ យើង យកវិធីនេះមកទប់ទល់។»។
 
ជាមួយលទ្ធផលគាប់ប្រសើរលើសង្វៀនតាមការប្រកួតផ្សេងៗលើឆាកអន្ដរជាតិផង និងជាតិផង  ព្រំ សំណាង ដែលជាកីឡាករជម្រើសជាតិស៊ីហ្គេមខាងមុខនេះ ក៏បានដាក់គោលដៅនឹងធ្វើឲ្យបានល្អ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជា។
 
 អ្នកប្រដាល់គុនខ្មែរ អាយុ ៣៨ឆ្នាំរូបនេះ បានបញ្ជាក់ថាខ្លួន បានផ្ដោតអារម្មណ៍ និងឆន្ទៈក្នុងការដណ្ដើមយកមេដាយជូនជាតិ ព្រោះជាព្រឹត្តិការណ៍ ដែលកម្ពុជា រង់ចាំអស់រយៈពេល ៦៤ឆ្នាំហើយ។ លោក ព្រំ សំណាង និយាយដូច្នេះថា៖«ខ្ញុំផ្ដោតអារម្មណ៍ខ្លាំងមែនទែន ទៅលើស៊ីហ្គេម។ រាល់ថ្ងៃគឺបុកហាត់ៗ ដើម្បីសង្កត់ធ្ងន់ទៅលើស៊ីហ្គេមនេះ។ ធ្វើយ៉ាងមិច ទោះជាលទ្ធផលយ៉ាងណា ខ្ញុំត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព។ ខ្ញុំ នឹងប្រឹងប្រកួតយកមេដាយមាសជូនជាតិ។»។
 
ជាមួយនិងការហ្វឹកហាត់ដោយខ្ជា​ប់ខ្ជួន និងការស្មារតីផ្ដាច់ប្ដូ យកមេដាយជូនជាតិ កីឡាកររូបនេះ ក៏បានបញ្ជាក់ពីការព្រួយបារម្ភខ្លះដែរ ក្នុងការដណ្ដើមយកមេដាយមាស ព្រោះរូបលោក ចាត់ទុករឿងនេះ មិនមែនងាយស្រួលទេ ហើយអត្ដពលិកពីបរទេស ដែលចូលរួមក៏ជាអ្នកមានសមត្ថភាព មិនចាញ់កម្ពុជាប៉ុន្មានដែរ។ ប៉ុន្ដែ អ្នកប្រដាល់រូបនេះ ជឿថាអ្វីៗ ក៏នឹងអាចសម្រេចបានដោយជោគជ័យដែរ ឲ្យតែរូបគេ មិនប្រហែសនិងការហ្វឹកហាត់ ជាពិសេសការស្វែងយល់ពីដៃគូប្រកួតឲ្យបានច្បាស់។
 
«ឧបសគ្គ គឺចេះតែមានហើយ ព្រោះយើងមិនដឹងថា យើងនឹងជួបប្រទេសណានោះទេ។ យើងដឹងហើយថា ប្រទសចូលរួមសម្បូរទៅដោយអ្នកខ្លាំង។ សំខាន់ វាស្ថិតលើការព្យាយាមហ្វឹកហាត់។ មានតែការហ្វឹកហាត់ ការតស៊ូ ទើបឲ្យយើងទទួលបានជ័យជម្នះនេះបាន។»។ កីឡាករវ័យ៣៨ឆ្នាំ រូបនេះ បានបញ្ជាក់ដូច្នេះអ្នកប្រដាល់រូបនេះ ក៏បានបន្ថែមដែរ អ្នកគាំទ្រទាំងអស់ ក៏ជាកម្លាំងជំរុញបន្ថែមសម្រាប់រូបខ្លួន និងអត្ដពលិកកម្ពុជាផ្សេងទៀត ប្រកួតដើម្បីជាតិ។ ម្យ៉ាងវិញទៀត លោក ព្រំ សំណាង ក៏អរគុណចំពោះអ្នកទាំងនោះ ដែលបារម្ភជំនួសខ្លួន អំឡុងពេលប្រកួត។
 
គួរបញ្ជាក់ដែរថា កីឡាករ ព្រំ សំណាង ប្រកួតនៅថ្ងៃទី៥ ខែកុម្ភៈ កីឡាករ ព្រំ សំណាង វាយឱ្យកីឡាករមកពីអង់គ្លេស ថូម៉ាស់ ខាផែនថឺ សន្លប់ក្នុងទឹកទី១ និងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ សំណាង ផ្តួលកីឡាករ រុស្ស៊ី Firdaszhov សន្លប់ក្នុទឹកទី១ ដូចគ្នា ក្នុងការប្រកួត Thai King of Muay Thai៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ស៊ីហ្គេម
  ព្រំ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com