អន្តរជាតិ
វិមានក្រេមឡាំង៖ ផែនការសន្តិភាពលើកឡើងដោយចិនគួរត្រូវបានសិក្សាលម្អិតសិន
28, Feb 2023 , 9:29 pm        
រូបភាព
វិមានក្រេមឡាំងនៅថ្ងៃទី២៧ ខែកុម្ភៈ បានលើកឡើងថា ផែនការសន្តិភាពរបស់ចិនចំពោះជម្លោះ​នៅ​អ៊ុយក្រែនដែលទទូចឱ្យភាគីទាំងពីរយល់ព្រមលើការបន្ធូរបន្ថយសម្ពាធបន្តិចម្ដងៗ និងការប្រឆាំង​នឹង​ការ​​ប្រើប្រាស់អាវុធនុយក្លេអ៊ែរ គួរតែត្រូវបានសិក្សាលម្អិតនិងគិតគូរពីផលប្រយោជន៍​របស់​ភាគី​ទាំង​អស់។

 
ចិន ដែលបានប្រកាសសម្ព័ន្ធភាពគ្មានដែនកំណត់ជាមួយរុស្ស៊ី បានបង្ហាញពីផែនការសន្តិភាពរបស់​ខ្លួន​ដើម្បីរួមចំណែកដោះស្រាយបញ្ហានៅអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov និយាយថា គំនិតផ្តួចផ្តើមបែបនេះដែលអាចនាំមកនូវសន្តិភាពកាន់តែជិតស្និទ្ធ គឺសមនឹង​ទទួល​បាន​ការយកចិត្តទុកដាក់។
 
«យើងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផែនការរបស់មិត្តចិនរបស់យើង»។​ លោក Peskov ប្រា​ប់អ្នក​សារព័ត៌មានបែបនេះនាសន្និសីទសារព័ត៌មាន រួចបន្តថា ជាការពិតណាស់ ព័ត៌មាន​លម្អិត​ចាំ​បាច់​ត្រូវធ្វើជាមួយការវិភាគដោយយកចិត្តទុកដាក់ និងគិតគូរពីផលប្រយោជន៍របស់ភាគីផ្សេងៗ ហើយនេះ ជាដំណើរការដ៏វែងឆ្ងាយទៅមុខ។
 
លោក Peskov ក៏បានបញ្ជាក់ពីការបន្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ហើយសម្រាប់ពេល នេះមិនឃើញមានសញ្ញាណាមួយដែលបង្ហាញថាដំណោះស្រាយសន្តិភាពអាចសម្រេចបាននោះទេ។មន្រ្តីដដែលបានបដិសេធមិនអធិប្បាយលើរបាយការណ៍​ប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកដែ​លថា​ចិន​កំពុងពិចារណាផ្ទេរយន្តហោះដ្រូនទៅកាន់រុស្ស៊ី។
 
ផ្សេងពីនេះ ទីក្រុងប៉េកាំងបានបដិសេធមិនបានថ្កោលទោសសកម្មភាព​របស់រុស្ស៊ីក្នុងពេលថ្មីៗ​នេះ​នៅ​ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ (G20) កាលពីចុងសប្ដាហ៍មុនឡើយ​៕
 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com