សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Bloomberg ៖ ប្រាក់ដុល្លារអាចនឹងធ្លាក់ថ្លៃវិញក្នុងរយៈពេលវែង
01, Mar 2023 , 8:29 am        
រូបភាព
សន្ទស្សន៍ Bloomberg Dollar Spot បានបង្ហាញថា ប្រាក់ដុល្លារបានធ្លាក់ចុះ ៨ភាគរយចាប់តាំងពីពេលនៃការឡើងថ្លៃកម្រិតខ្ពស់បំផុតកាលពីខែកញ្ញា ឆ្នាំ២០២២ ខណៈដែលអ្នកវិនិយោគមួយចំនួនបានបោះបង់ចោលនូវរបៀបទិញប្រាក់ដុល្លារទុកដើម្បីបានចំណេញ។

 
កត្តាដែលបានគាំទ្រដល់ការកើនឡើងប្រាក់ដុល្លារនាពេលថ្មីៗនេះ កំពុងធ្លាក់ចុះបន្តិចម្តងៗមកវិញ ហើយរូបិយប័ណ្ណនេះអាចចូលទៅក្នុងវដ្តនៃការធ្លាក់ថ្លៃនៅរយៈពេលច្រើនឆ្នាំខាងមុខនេះ។ នេះបើតាមការ​ចេញ​ផ្សាយ ​Bloomberg។ បើទោះបីជាអតិផរណានៅអាម៉េរិកមិនទាន់ត្រូវបានគ្រប់គ្រងទាំងស្រុងនៅឡើយ ហើយធនាគារកណ្តាលអាម៉េរិក (Fed) នឹងរក្សាអត្រាការប្រាក់ឱ្យខ្ពស់ក្នុងរយៈពេលវែងក៏ដោយ ការកើនឡើងអត្រាការប្រាក់នេះមិនអាចស្ថិតស្ថេរជារៀងរហូតទេ។
 
ទន្ទឹមនឹងនេះ ធនាគារកណ្តាលនៅអឺរ៉ុប និងអាស៊ីកំពុងតាមទាន់អាម៉េរិកជាបណ្តើរៗក្នុងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដែលបណ្តាលឱ្យរូបិយប័ណ្ណនៃប្រទេសទាំងនេះឡើងថ្លៃខ្លាំងធៀបនឹងដុល្លារ។
 
សន្ទស្សន៍ Bloomberg Dollar Spot បានបង្ហាញថា ប្រាក់ដុល្លារបានធ្លាក់ចុះក្នុងអត្រា ៨ភាគរយចាប់តាំងពីឡើងថ្លៃខ្ពស់កម្រិតខ្ពស់បំផុតកាលពីខែកញ្ញា ឆ្នាំ២០២។  ជាមួយគ្នានោះ អ្នកវិនិយោគមួយចំនួនបានចាប់ផ្តើមលក់ប្រាក់ដុល្លារចេញជាបណ្តើរៗ ដែលជានិន្នាការផ្ទុយគ្នាស្រឡះកាលពីឆ្នាំ២០២២។ 
 
ទោះជាយ៉ាងណាក៏ដោយ និន្នាការធ្លាក់ចុះរបស់ប្រាក់ដុល្លារអាម៉េរិក មិនត្រូវបានគេរំពឹងថានឹងកើតឡើងយ៉ាងឆាប់រហ័សនោះទេ យ៉ាងហោចណាស់ក៏ត្រូវរង់ចាំដល់ចុងឆ្នាំនេះដែរ ដោយសារតែរូបិយប័ណ្ណនេះនៅតែមានកត្តាគាំទ្រជាច្រើន ហើយនៅតែជារូបិយប័ណ្ណសំខាន់ដែលទាក់ទាញបំផុតនៅក្នុងពិភពលោក៕
 
 

Tag:
 ប្រាក់ដុល្លារ
  Fed
© រក្សាសិទ្ធិដោយ thmeythmey.com